រាជធានីភ្នំពេញ ៖ ក្រុមអង្គរក្សពីរនាក់ដែលជិះម៉ូតូការពាររថយន្ត១គ្រឿង ហើយស្ទាក់ឃាត់រថយន្តអ្នកដំណើរដោយប្រើពាក្យសម្តីមិនសមរម្យ អង្កឲ្យមានការរិះគន់ពីមហាជននៅក្នុងបណ្តាសង្គមនោះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលហៅឱ្យចូលខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមដើរតួជាអង្គរក្សដែលធ្វើឱ្យមានការភ័យខ្លាចអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈដែលល្បីក្នុងបណ្ដាញសង្គមបានមកដល់ស្នងការនគរបាលរាជធានីហើយ ។ បើនៅមានបែបនេះទៀត សូមបញ្ឈប់ជាបន្ទាន់ លោកមិនអនុញ្ញាតឱ្យមានបែបនេះក្នុងសង្គមដែលប្រជាជនយើងស្អប់ខ្ពើមនោះទៀតទេ ។

តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានហៅអ្នកបើកបរម៉ូតូជាអង្គរក្ស០២នាក់ ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបើកបរនៅលើផ្លូវសាធារណៈប្រើប្រាស់ឥទ្ធិពលជាអង្គរក្សបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងមានកាយវិការពាក្យសម្តីមិនសមរម្យកាក់រថយន្តប្រជាពលរដ្ឋ បណ្តាលប៉ះពាល់ជម្លោះពាក្យសម្តីជាមួយប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅលើផ្លូវសាធារណៈយកមកសួរនាំ ។

បន្ទាប់ពីសួរនាំរួច មន្ត្រីជំនាញព្រហ្មទណ្ឌនឹងធ្វើរបាយការណ៍រាយការណ៍សុំគោលការណ៍ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេច ។ ក្រុមអង្គរក្សពីរនាក់នោះ ត្រូវបានគេស្គាល់ឈ្មោះមាន ឈ្មោះ យឿង វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ឈ្មោះឡូត សាន់ថុន ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកជិះម៉ូតូការពាររថយន្តមួយដែលគេស្គាល់ឈ្មោះ ធាង ទ្រី អាយុ៥៣ឆ្នាំ ជាថៅកែកាហ្វេ ។

តាមវីដេអូដែលបានបង្ហោះ និងស៊ែរតៗគ្នានៅក្នុងបណ្ដាញសង្គម គេឃើញក្រុមអង្គរក្សពីរនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងបានតាមការពាររថយន្តមួយគ្រឿងនៅតាមដងផ្លូវ ខណៈនោះ មានរថយន្តមួយគ្រឿងបានបើកមកជិតរថយន្តដែលខ្លួនការពារ ហើយក្រុមកងអង្គរក្សបានស្ទាក់ផ្លូវរថយន្តដោយប្រើពាក្យពុំសមរម្យ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្ដាញនិងទទូចស្នើសុំឲ្យសមត្ថកិច្ច ដើម្បីចាត់វិធានការចំពោះបុគ្គលពីរនាក់ដែលធ្វើខ្លួនជាក្រុមអង្គរក្សកាងខាងលើនោះ ។

បន្ទាប់ពីមានការបង្ហោះ និងស៊ែរតៗគ្នា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅក្នុងបណ្ដាញសង្គមអោយដឹងថា «ខ្ញុំបាទបានឃើញរូបភាពនិងសកម្មភាពបែបនេះពិតជាមិនអាចទទួលយកបានទេ» ។ ខ្ញុំបានដាក់បទបញ្ជាឲជំនាញកោះហៅមកសួនាំអំពីសកម្មភាពតាមដងផ្លូវសាធារណៈបែបនេះ សូមកុំធ្វើទង្វើឲមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ ។

តាមព័ត៌មានអោយដឹងថា បន្ទាប់ពីមានបទបញ្ជានគរបាលខណ្ឌច្បារអំពៅ ក៏បានចុះទៅនាំខ្លួនក្រុមអង្គរក្សពីរនាក់ខាងលើ រួចបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌបាលកំរិតស្រាលដើម្បីសាកសួរបន្ត ។ បន្ទាប់ពីសាកសួរ ក្រុមអង្គរក្សទាំងពីរនាក់ ក៏បានសុំទោសជាសាធារណៈផងដែរ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានសំណូមពរអ្នកដែលចូលចិត្តនៅទង្វើបែបនេះ ស្នើសុំបញ្ឈប់ធ្វើបែបនេះ ព្រោះជាផ្លូវសាធារណៈត្រូវគោរពច្បាប់ និងក្រមសីលធម៌ និងគោរពសិទ្ធិអ្នកដទៃ ។

លោកសូមអរគុណនិងអរគុណបងប្អូន ប្រជាពលរដ្ឋដែលតែងតែគាំទ្រ ក្នុងការអនុវត្តន៌ច្បាប់របស់សមត្ថកិច្ច ។ បើបងប្អូនមហាជននៅតាមផ្លូវទីសាធារណៈ ប្រសិនបានឃើញសកម្មភាពនិងទង្វើមិនល្អដូចសកម្មភាពពួកគាត់ទៀត សូមខលមកលេខ 012 999 999 លោកនឹងចាត់វិធានការ
បន្ទាន់ ៕
ចែករំលែកព័តមាននេះ