ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបានធ្វើការណែនាំឱ្យបងប្អូនអ្នកភៀសសឹក ដែលកំពុងស្នាក់នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ វិលត្រឡប់ទៅលំនៅឋានវិញ ក្រោយពីស្ថានភាពស្ងប់ស្ងាត់ ។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត និងអ្នកនាំពាក្យ បានថ្លែងថា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានប្រាប់ប្រជាពលរដ្ឋដែលស្នាក់នៅកន្លែងសុវត្ថិភាពតំបន់ភៀសសឹកវត្តចាន់ស៊ីសាមគ្គីរតនារាម គឺបងប្អូនអាចត្រឡប់ទៅលំនៅឋានវិញបានហើយ ។

ការថ្លែងបែបនេះ គឺក្រោយពីមានការអនុញ្ញាតពីកងកម្លាំងជួរមុខដែលឈរជើងនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ខណៈមានភាពស្ងប់ស្ងាត់ល្អប្រសើរឡើងវិញ ក្រោយពេលក្រុមការងារចម្រុះកំពុងចុះវាស់វែងព្រំដែនបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលឡាក់លេខ៤២និង៤៣ ។

លោកអភិបាលរងខេត្តបញ្ជាក់ថា ដោយសារទាហានសៀមបើកការបាញ់ប្រហារទៅលើប្រជាពលរដ្ឋស្លូតត្រង់បណ្តាលស្លាប់និងរបួសធ្ងន់៤នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទើបអាជ្ញាធរជម្លៀសប្រជាពលរដ្ឋមករកកន្លែងសុវត្ថិភាព ដែលជាតំបន់ភៀសសឹកមានចំនួន៨៥២គ្រួសារ ស្មើនឹង ២ ៨៧៩នាក់ ។ រហូតមកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនភៀសសឹកបានត្រឡប់ទៅលំនៅឋានវិញចំនួន១៨៩គ្រួសារហើយ និងនៅសល់ចំនួន ៦៦៣គ្រួសារ ។

លោក លី សុវណ្ណារិទ្ធ បន្តថា រហូតមកដល់ពេលនេះ កងកម្លាំងជួរមុខបានអនុញ្ញាតឱ្យអាជ្ញាធរជូនដំណឹងដល់ប្រជាពលរដ្ឋថាអាចត្រឡប់មករស់នៅក្នុងលំនៅឋានបានដោយសុវត្ថិភាពហើយ ក្រោយពីស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ មានសភាពស្ងប់ស្ងាត់ ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តគ្រោងចែកអំណោយជូនប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យនូវស្បៀងត្រៀមបម្រុងផងដែរ ។

មុននេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណា
ចក្រកម្ពុជា(CLG) បានសម្របសម្រួលជូនក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (Military Attaché Corps of Phnom Penh – MACPP) ចុះទៅសួរសុខទុក្ខប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា ជនភៀសសឹកទាំងនោះបានជម្លៀសចេញពីផ្ទះសម្បែងភ្លាមៗ បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៣និង៥០នាទីរសៀល នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍នេះ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែររងរបួសធ្ងន់ចំនួន៣រូប និងបាត់បង់ជីវិតនៅនឹងកន្លែង១រូប ៕

ចែករំលែកព័តមាននេះ