ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃរៀប​ជើង​ព្រួល​ទប់​ទល់​នឹង​មេ​រោគ​នីប៉ា​ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ឥណ្ឌា

4 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ប្រទេស​ថៃ​កំពុង​តែ​រៀប​ជើង​ព្រួល​ជា​បណ្ដើរ​ៗ​​ដើម្បី​ទប់​ទល់​នឹង​​​ជំងឺ​ដ៏​កាច​សាហាវ​បង្ក​ឡើង​ដោយ​មេរោគ​ឈ្មោះ​នី​ប៉ា​ដែល​កំពុង​រាត​ត្បាត​នៅ​​រដ្ឋ​បឹង​ហ្កាល់​ខាង​លិច​ (West Bengal) នៃ​ប្រទេស​ឥណ្ឌា​។ ថ្វី​ដ្បិត​រហូត​មក​ដល់​ពេល​នេះ ថៃ​មិន​ទាន់​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​នេះ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន ប៉ុន្តែ​អ្នក​ទេស​ចរ​មក​ពីឥណ្ឌា​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ថៃ​​អាច​បង្ក​ជា​ការ​ព្រួយ​បារម្ភ​។​​ ​អាជ្ញា​ធរ​​ថៃ​ចាប់​ផ្ដើម​បង្កើន​ការ​ឃ្លាំ​មើល​ និង​ពង្រឹង​កិច្ច​សហ​ការ​នៅ​ក្នុង​ចំណោម​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​។…

ទី​ក្រុង​បាងកក​៖ ប្រទេស​ថៃ​កំពុង​តែ​រៀប​ជើង​ព្រួល​ជា​បណ្ដើរ​ៗ​​ដើម្បី​ទប់​ទល់​នឹង​​​ជំងឺ​ដ៏​កាច​សាហាវ​បង្ក​ឡើង​ដោយ​មេរោគ​ឈ្មោះ​នី​ប៉ា​ដែល​កំពុង​រាត​ត្បាត​នៅ​​រដ្ឋ​បឹង​ហ្កាល់​ខាង​លិច​ (West Bengal) នៃ​ប្រទេស​ឥណ្ឌា​។ ថ្វី​ដ្បិត​រហូត​មក​ដល់​ពេល​នេះ ថៃ​មិន​ទាន់​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​នេះ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន ប៉ុន្តែ​អ្នក​ទេស​ចរ​មក​ពីឥណ្ឌា​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ថៃ​​អាច​បង្ក​ជា​ការ​ព្រួយ​បារម្ភ​។​​ ​អាជ្ញា​ធរ​​ថៃ​ចាប់​ផ្ដើម​បង្កើន​ការ​ឃ្លាំ​មើល​ និង​ពង្រឹង​កិច្ច​សហ​ការ​នៅ​ក្នុង​ចំណោម​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​។ នាយក​ដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​ប្រកាស​អំពី​ការ​ដាក់​ចេញ​វិធាន​ការ​បង្ការ​កម្រិត​ខ្ពស់​បន្ទាប់​ពី​ឥណ្ឌា​ប្រកាស​ថា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន​៥​ករណី​ក្បែរ​ទី​ក្រុង​កុល​កាតា (Kolkata)។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​បុគ្គលិក​សុខាភិបាល​ម្នាក់​ផង​ដែរ​។

នាយក​ដ្ឋាន​ខាង​លើ​នេះ​ប្រកាស​បន្ត​ទៀត​ថា​ប្រទេស​ថៃ​ត្រូវ​តែ​ប្រុង​ជើង​ការ​កម្រិត​ខ្ពស់​​ និង​​​ពង្រឹង​​ការ​បង្ការ​ជំងឺ​នេះ​តាម​រយៈ​ការ​ប្រើ​ប្រាស់​វិធី​ផ្គួប​គ្នា​ឃ្លាំ​មើល​ផង និង​ត្រៀម​ខ្លួន​ទប់​ទល់​ផង (​បើ​សិន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​) នៅ​ក្នុង​ចំណោម​អន្តរ​ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ​។ ​​ឥឡូវ​នេះ នៅ​តាម​អាកាស​យាន​ដ្ឋាន​នានា​ទូទាំង​ប្រទេស​ថៃ​កំពុង​ប្រុង​ជើង​ការ​សម្បើម​ណាស់​។ ដូច​ជា​នៅ​ភូកេត មាន​ភ្ញៀវ​ទេស​ចរ​ដែល​ទើប​មក​ថ្មី​​​​ចន្លោះ​ពី​មួយ​ម៉ឺន​ទៅ​ពីរ​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។ ក្នុ​ងនោះ អ្នក​ទេស​ចរ​មក​ពី​ឥណ្ឌា​ឈរ​នៅ​លំដាប់​ទី​បី​។ ថៃ​ក៏​កំពុង​ផ្ដោត​សំ​ខាន់​ទៅ​លើ​អ្នក​ជំងឺ​ដែល​ធ្វើ​ដំណើរ​ពី​ឥណ្ឌា​ទៅ​ព្យាបាល​នៅ​ថៃ​ផង​ដែរ​។ អាជ្ញាធរ​​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​បន្ត​តាម​ដាន​សេចក្ដី​ជូន​ដំណឹង​តាម​រយៈ​បណ្ដាញ​ជា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ ហើយ​ត្រូវ​ស្ដាប់​តាម​ការ​​​ណែនាំ​ផ្នែក​សុខា​ភិបាល​។

អ្នក​ខ្លះ​ប្រាប់​ថា​ខ្លួន​ត្រូវ​តែ​ពាក់​ម៉ាស់​ជាប់​ជា​និច្ច​ ត្រូវ​ឧស្សាហ៍​លាង​ដៃ​ និង​បរិភោគ​តែ​ចំណី​អាហារ​ដែល​ទើប​តែ​ចម្អិន​ថ្មីៗ និង​ចម្អិន​យ៉ាង​ឆ្អិន​ល្អ​។ ពួក​គេ​ចាប់​ផ្ដើម​ខ្វាយ​ខ្វល់​បន្ទាប់​ពី​ទទួល​ព័ត៌​មាន​ពី​ការ​កើត​មាន​ជំងឺ​នេះ​ (នៅ​ឥណ្ឌា) និង​បារម្ភ​ខ្លាច​ថា​វា​​អាច​នឹង​ផ្ទុះ​ឡើង​ពេញ​សា​កល​លោក​ដូច​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​សុខា​ភិបាល​ចង់​សង្កត់​ធ្ងន់​ថា​មេរោគ​នី​ប៉ា​មិន​ឆ្លង​តាម​តំណក់​ទឹក​មាត់​ដែល​ខ្ទាត​ចេញ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដូច​ជំងឺ​កូវីដ​១៩​ទេ​។​


តើ​​អ្វី​ទៅ​ជា​មេរោគ​​នីប៉ា?
មេរោគ​នីប៉ា​រស់​នៅ​ក្នុង​ខ្លួន​សត្វ​ជ្រឹង និង​មាន​វត្ត​មាន​នៅ​ក្នុង​ទឹក​មាត់, ទឹក​នោម​ និង​លាមក​។ល។​ របស់​វា​។​ ​មេរោគ​នេះ​នឹង​ឆ្លង​ទៅ​មនុស្ស​នៅ​ពេល​ប៉ះ​ពាល់​ទឹក​នោម​ ឬ​វត្ថុ​រាវ​សរីរៈ (bodily fluid) របស់​ជ្រឹង​។ ​​កាល​ណា​​​ជ្រឹង​​​​​​ខាំ​ផ្លែឈើ​, ​បាញ់​នោម​ដាក់​ផ្លែ​ឈើ​​ ឬ​បន្ទោរ​បង់​លាមក​​ដាក់​ផ្លែ​ឈើ​ ពេល​នោះ​​​ផ្លែ​ឈើ​​ក៏​មាន​មេរោគ​នីប៉ា​ផង​ដែរ​។ ដូច​នេះ​នៅ​ពេល​មនុស្ស​ប៉ះ​ពាល់​ផ្លែ​ឈើ ឬ​បរិភោគ​ផ្លែ​ឈើ​ ពេល​នោះ​មេរោគ​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​របស់​​ពួក​គេ។​

មេរោគ​នេះ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​។ បន្ទាប់​ពី​ឆ្លង​មេរោគ​នេះ​ហើយ​ ភាគ​រយ​នៃ​ការ​ស្លាប់​ចន្លោះ​ពី​​៤០%​ទៅ​៧៥%​។ មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​​មាន​​ឱសថ​​ព្យាបាល​ ឬ​វ៉ាក់​សាំង​សម្រាប់​ចាក់​បង្ការ​នៅ​ឡើយ​ទេ​។ រោគ​សញ្ញា​ដំបូង​ៗ​នៃ​ការ​ឆ្លង​មេរោគ​នេះ​មាន​ដូច​ជា​៖ ផ្ដាសាយ, ​គ្រុន​ក្ដៅ​ស្ទេញ​ៗ, ឈឺ​ក្បាល និង​រមួល​សាច់​ដុំ​។ មេរោគ​នេះ​ធ្វើ​ឱ្យ​រលាក​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ និង​រលាក​ខួរ​ក្បាល​បណ្ដាល​ឱ្យ​អ្នក​ជំងឺ​ស្លាប់​៕ ប្រភព​៖​ បាង​កក​ប៉ុស្តិ៍ និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ