រាជធានីភ្នំពេញ ៖ ជនជាតិចិន ជាច្រើននាក់ ដែលដេកចាំនៅលើផ្លូវសាធារណៈ និងឈរតម្រង់ជួរ នៅមុខស្ថានទូតចិន ដើម្បីរងចាំធ្វើលិខិតឆ្លងដែនថ្មី ត្រូវបានអាជ្ញាធរជំនាញ យករថយន្តក្រុងជាង១០គ្រឿង ដឹកយកទៅស្នាក់នៅជាបណ្តោះអាសន្ន នៅក្នុងព្រលានយន្តហោះចាស់ (ព្រលានយន្តហោះពោធិ៍ចិនតុង) ។
ការដឹកជញ្ជូនជនជាតិចិននេះដែរ បានធ្វើឡើងនៅវេលាម៉ោង០២និង៤០នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចទល់មុខស្ថានទូតចិន ដែលស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីមន្ត្រីនគរបាលជំនាញ បានអោយដឹងថា ដោយមានជនជាតិចិន ជាច្រើននាក់ ដែលមិនមានឯកសារ ត្រូវហៅឱ្យឡើងឡានក្រុងមានជិត១០ឡាន ដឹកយកទៅមុន ហើយអ្នក ដែលមានឯកសារ បន្តអនុញ្ញាតឱ្យដាក់នៅស្ថានទូតសិន រួចហើយចាំដឹកទៅតាមក្រោយ ។
ប្រភពដដែលបន្តថា ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខណ្ឌបឹងកេងកង បានសហការជាមួយនគរបាលខណ្ឌបឹងកេង ចុះមកការពាររក្សាសុវត្ថិភាព ដោយចុះមកកាន់ទីតាំងក្បែរហាង ឡៅទីហ្វាង ដែលមានជនជាតិចិនជាង ៣០០នាក់ បានមកដេកលើផ្លូវសាធារណៈ រងចាំធ្វើលិខិតឆ្លងដែនថ្មី។ ដូច្នេះហើយ ទើបអាជ្ញាធរជំនាញពាក់ព័ន្ធ បានយករថយន្តក្រុងជាង ១០គ្រឿង មកដឹកជនជាតិចិនទាំងអស់នោះ យកទៅអោយស្នាក់នៅជាបណ្តោះអាសន្នសិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញចាស់ (ពោធិ៍ចិនតុង) ។ ក៏ព្រោះថា ចំនួនឯកសារនៅស្ថានទូត មានកំណត់ក្នុងមួយថ្ងៃ ទើបយកទៅអោយស្នាក់នៅសិន។ ចំពោះក្រោយពេល ជនជាតិចិនរូបណាធ្វើឯកសាររួចរាល់ អាជ្ញាធរហ្នឹងអោយត្រឡប់ទៅវិញជាធម្មតាឡើងវិញផងដែរ ។
បច្ចុប្បន្ន ជនជាតិចិនជាង៣០០នាក់ ត្រូវនគរបាលជំនាញ ដឹកតាមរថយន្តក្រុង ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញចាស់ (ពោធិ៍ចិនតុង) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ដើម្បីអោយស្នាក់នៅជាបណ្តោះអាសន្ន ៕



ចែករំលែកព័តមាននេះ