ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោកបង្ហាញការខកចិត្ត មិនគួរណានៅសុខៗអាមេរិកសម្រេចចិត្តដកខ្លួនថយដោយឥតស្ដាយស្រណោះ។ ប៉ុន្តែសង្ឃឹមថាទៅថ្ងៃអនាគត រដ្ឋាភិបាលអាមេរិកថ្មីអាចនឹងវិលមកវិញ។ អាមេរិកចាកចេញពីអង្គការនេះកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីរយៈពេលមួយឆ្នាំដែលក្រុមអ្នកជំនាញខាងសុខាភិបាល និងដៃគូអន្តរជាតិនានាព្រមានអំពីផលវិបាក។
ពួកគេបារម្ភបើសិនអាមេរិកធ្វើដូច្នេះមែននឹងធ្វើឱ្យចុះខ្សោយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រសុខភាពសាធារណៈនៅទូទាំងសាកលលោករួមទាំងអាមេរិកផងដែរ។ រដ្ឋបាលរបស់លោកដូណាល់ត្រាំធ្លាប់បានរិះគន់អង្គការសុខភាពពិភពលោកជាហូរហែដោយសារការគ្រប់គ្រងបញ្ហារាតត្បាតនៃជំងឺកូវីដ១៩មិនបានល្អ។ លោកត្រាំចោទប្រកាន់ថា WHO មិនបានបំពេញការងារដោយឯករាជ្យទេ។
លោកចោទថាអង្គការនេះធ្វើការក្រោមឥទ្ធិពលនយោបាយរបស់ប្រទេសខ្លះ។ ម៉្យាងទៀត លោកថាអាមេរិកចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅក្នុងស្ថាប័ននេះ ចំណែកឯប្រទេសដទៃទៀតចេញលុយត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ជាពិសេសប្រទេសធំៗដូចជាចិនជាដើម។ ជាការឆ្លើយតប WHO អះអាងថាខ្លួនប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជំងឺកូវីដ១៩ដែលខ្លួនចាត់ទុកថាជាបញ្ហាប្រឈមសុខភាពដ៏ធំសម្បើមរបស់ពិភពលោក។
ការចាត់វិធានការឆ្លើយតបរបស់យើងទាំងមុន, អំឡុងពេល និងក្រោយពេលផ្ទុះជំងឺនេះពិតជាបានជួយធ្វើឱ្យបណ្ដាប្រទេសនានារួមទាំងអាមេរិកផងដែររស់នៅដោយសុវត្ថិភាព។ កិច្ចសហការជាសាកលពិតជាមានសារសំខាន់ណាស់ក្នុងការដោះស្រាយគ្រោះគំរាមកំហែងផ្នែកសុខភាពជាអន្តរជាតិ។ ក្នុងនោះមានជំងឺរាតត្បាតជាសាកល, ជំងឺទូទៅ និងស្ថានភាពអាសន្នផ្នែកសុខាភិបាល៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
លោកតេដ្រូស (Tedros) អគ្គនាយកអង្គការសុខភាពពិភពលោក
ចែករំលែកព័តមាននេះ