សង្គ្រាមអ៉ីរ៉ង់ ៖ កាសែតអង់គ្លេស THE ECONOMIST ចេញផ្សាយអត្ថបទវិភាគមួយពីសង្គ្រាមប្រឆាំងអ៉ីរ៉ង់ធ្វើឡើងរួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល ដោយចង់បង្ហាញថា តើក្នុងសង្គ្រាមនោះរវាងមេរិកនិងចិនសម្ព័ន្ធមិត្តអ៉ីរ៉ង់ តើនរណាចំណេញជាង?

ក្នុងសង្គ្រាមនោះដែលមានសភាពខ្លាំងក្លាបំផុត ប្រើអាវុធទំនើបៗទាំងយន្តហោះ ទាំងនាវាចម្បាំង ទាំងមីស៊ីលគ្រប់ប្រភេទ គ្រាប់បែកតូចធំបណ្ដាដ្រូនជាដើម អស់ពេលជាងមួយខែមកហើយ ក៏មហាយក្សអាមេរិក និងអ៉ីស្រាអែលជើងអ្នកច្បាំងខ្លាំងបំផុតនៅមជ្ឈឹមបូព៌ាមិនទាន់ធ្វើអីអ៉ីរ៉ង់ម្នាក់ឯងបែកនៅឡើយ ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំតែងលើកឡើងថា ការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលបានកម្ទេចស្ទើរអស់ហើយមីស៊ីល នាវាយន្តហោះ និងបណ្ដាហេដ្ឋារចនាសម្ព័ន្ធយោធា
ធំៗតែជាងមួយខែ ហើយអ៉ីរ៉ង់នៅតែមានលទ្ធភាពតបត និងនៅតែអាចបិទខ្ទប់ច្រកសមុទ្រពាណិជ្ជកម្មហ័រមូស នាំឲ្យតម្លៃប្រេង និងឧស្ម័នពិភពលោកឡើងយ៉ាងខ្ពស់ពុំធ្លាប់មានពីមុនមក ហើយពិភពលោកទាំងមូលកំពុងជួបប្រទះវិបត្តិថាមពល។

តាមកាសែតអង់គ្លេសនោះថា ក្នុងគំនិតរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ជម្លោះនោះ លោកចង់ឲ្យក្រុងប៉េកាំងឃើញពីអានុភាពយោធារបស់អាមេរិក ឬបង្ហាញពីការខ្វះសមត្ថភាពរបស់ចិនក្នុងការជួយសម្ព័ន្ធមិត្តហើយក៏ចង់បង្ហាញផងដែរ ពីផលប៉ះពាល់តិចនៃការខ្វះប្រេងសម្រាប់អាមេរិក។ ក៏ប៉ុន្តែជាងមួយខែក្រោយជម្លោះ ការយល់ឃើញនោះហាក់មិនត្រូវ។ តាមពិតទៅក្រុងប៉េកាំងកាន់តែជឿជាក់ថា ក្នុងសង្គ្រាមនោះខ្លួនកំពុងតែចំណេញ ដោយវាបម្រើផលប្រយោជន៍របស់ខ្លួនទៅវិញ។ មានចំណុចជាច្រើនបង្ហាញពីរឿងនោះ។
ជារួមមកចិនចាត់ទុកការឈ្លានពានរបស់អាមេរិកថាជាការផ្ដល់សុពលភាពគំនិតរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីង ក្នុងការធ្វើឲ្យកំណើនសេដ្ឋកិច្ចចិនមានសន្តិសុខ។ មានន័យថា ការពង្រឹងស្វ័យភាពខាងវត្ថុធាតុដើម ទោះបីកំណើនសេដ្ឋកិច្ចចិនមិនសម្រេចបានដូចបំណង ពិតជាត្រឹមត្រូវ។

កាសែត THE ECONOMIST បន្តទៀតថា អ្នកជំនាញការជាច្រើនយល់ថា សង្គ្រាមរបស់លោកត្រាំទីបំផុត វាបានចំណេញច្រើនដល់ចិនឯណោះវិញទេ។ បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រ និង
អ៉ីរ៉ង់នឹងផ្ដល់ដល់ចិននូវទីផ្សាកសាងឡើងវិញ។ ប្រទេសជាច្រើនមានការបារម្ភចំពោះការបិទច្រកសមុទ្រហ័រមូស នឹងងាកទៅរកបច្ចេកវិទ្យាបៃតងរបស់ចិនដូចជាថាមពលពន្លឺព្រះអាទិត្យថាមពលកង្ហា និងអាគុយ។ ដូច្នេះ បណ្ដារោងចក្រចិននឹងបង្កើនផលិតកម្មរបស់ពួកគេយ៉ាងខ្លាំងក្លា ។
អ្នកវិភាគដទៃៗទៀត ក៏យល់ឃើញដែរថា ចំពោះសង្គ្រាមនោះអាមេរិកប្រកាសពីជោគជ័យរបស់ខ្លួន ដែលបានកម្ទេចការគំរាមកំហែងរបស់អ៉ីរ៉ង់ និងកម្ទេចមហិច្ឆិតារបស់ក្រុងតេហេរ៉ង់ក្នុងការការផលិតគ្រាប់បែកនុយក្លេអ៊ែរ ក៏ទោះបីអ៉ីរ៉ង់តែងប្រកាសថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគ្រាន់តែបម្រើគោលដៅស៊ីវិលក្ដី។ ម្យ៉ាងទៀតសង្គ្រាមនោះ ក៏ប៉ះពាល់ដល់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដែលរងការវាយប្រហាររបស់អ៉ីរ៉ង់ ៕
ចែករំលែកព័តមាននេះ