រាជធានីភ្នំពេញ ៖ ចោរប្រុសស្រីជំនាញខាងបន្លំលួច និងប្តូរគ្រឿងកាឡៃ យកគ្រឿងអលង្ការពិតប្រាកដ ពីអាជីករលក់ដូរគ្រឿងអលង្ការ តាមបណ្តាលហាងមាស និងផ្សារនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ ។
ដោយអនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តម សេនីយ៍ ត្រី ប៊ុន សត្យា ស្នងការងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងដោយលោក ម៉ម សុវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួនពីរនាក់ (ប្រុសនិងស្រី) ជាជនជាតិរៀតណាម ដល់ក្នុងបន្ទប់ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ។
សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ៖
១-ឈ្មោះ ង្វ្រៀន ស៊ីធូ ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
២-ឈ្មោះ ង្វ្រៀន យ៉ាងជា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ច បន្តថា ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពចំនួន៣ករណី ៖
លើកទី១ ៖ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុច តូបម៉ាក់លីផេង ក្នុងផ្សារបឹងទំពន់ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យកបានខ្សែកទម្ងន់ ២ជីកន្លះ ។
លើកទី២ ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចហាងលក់មាស យីហោ ហេងមានលាភ ផ្ទះលេខ១៩អឺ០ ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ យកបានខ្សែកទម្ងន់ ២តម្លឹង ។
លើកទី៣ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៣:៣០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចហាងមាស ផ្ទះលេខ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យកបានខ្សែកទម្ងន់ ២តម្លឹង ។
សូមបញ្ចាក់ថា ក្រុមចោរប្រុសស្រី ជំនាញខាងលួច និងបន្លំប្តូរគ្រឿងអលង្ការកាឡៃ ប្តូរយកគ្រឿងអលង្ការពិតប្រាកដពីអាជីករលក់ដូរគ្រឿងអលង្ការ តាមបណ្តាលផ្សារ និងហាងលក់មាស ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពួកគេធ្វើសកម្មភាព ក្រោមរូបភាពធ្វើជាមកទិញ ខ្សែក ខ្សែដៃ ចិញ្ចៀន មាស ផ្លាកទីន ដោយដើរមើលម៉ូដ គ្រឿងអលង្ការ ម៉ូដណាដែលស្រដៀង និងដូច របស់កាឡៃ ដែលពួកគេត្រៀមយកមកជាមួយ ក៏ធ្វើជាចូលទិញ ដោយក្នុងដៃមានកាន់លុយ ហើយគ្រឿងកាឡៃលាក់នៅក្រោមនោះស្រាប់ និងធ្វើជាសុំមើលគ្រឿង អលង្ការ ពីអាជីករ ខណៈអាជីករភ្លេចខ្លួន ចោរជំនាញនោះ បានបន្លំប្តូររបស់កាឡៃ ដែលមានម៉ូដដូចគ្នា ប្រគល់អោយអ្នកលក់វិញ យ៉ាងលឿន ដោយភ្លាមៗ អ្នកលក់មើលមិនដឹងនោះទេ ។ ចំណែកសកម្មភាពផ្សេងមួយទៀត ដែលក្រុមជនសង្ស័យដដែល សកម្មធ្វើ និងទទួលបានជោគជ័យ ច្រើនដងនោះ គឺក្រុមចោរនោះ បានមកហាងលក់ដូរគ្រឿងអលង្ការ ធ្វើជាកម្ម៉ង់ម៉ូដខ្សែក ខ្សែដៃ ចិញ្ចៀន តាមម៉ូដដែលខ្លួនចង់បាន និងកក់ ប្រាក់មួយចំនួន ទៅអោយអាជីវករ។ លុះដល់ថ្ងៃកំណត់ អាជីវករបានហៅគាត់មកយកគ្រឿងកម្ម៉ង់នោះ ហើយក្រុមចោរជំនាញនោះ បានយកគ្រឿងកាឡៃ ដែលពួកគេកែច្នៃទុក មកប្តូរជាមួយគ្រឿងអលង្ការពិតប្រាកដ និងធ្វើជាលេស អោយអ្នកលក់កែម៉ូដបន្តិចបន្តួច និង បន្លំលួចគ្រឿងអលង្ការពិតប្រាកដ គេចខ្លួនបាត់ស្រមោលភ្លាមៗ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនមកកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ក៏សាងសុំណុំរឿងចាត់ការ តាម និតិវិធីច្បាប់ ៕







ចែករំលែកព័តមាននេះ