ខេត្តកំពង់ឆ្នាំង ៖ លោក ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យស្ថានភាពនេសាទ និងបង្ក្រាបបទល្មើសជលផលខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយបង្ក្រាបបទល្មើសជលផលបានចំនួន២ករណី និងដកបង្គោលឈ្នក់ចំនួន ៣កន្លែង ស្មើនឹង៣៦ដើម ។ នេះបើយោងតាមផេកក្រសួងកសិកម្មបានប្រកាសនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ជាក់ស្តែង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះបំពេញបេសកកម្ម និងត្រួតពិនិត្យឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងរដូវបើកនេសាទ នៅភូមិសាស្ត្រស្រុកក្រគរខេត្តពោធិ៍សាត់ និងស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង ។

បេសកកម្មនេះ អមដំណើរដោយ នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អភិបាលរងនៃគណ:អភិបាលស្រុកក្រគរ កងកម្លាំងយោធាភូមិភាគ៥(កងពល៥៣) កម្លាំងប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ត។

លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារបានបង្ក្រាបបទល្មើសជលផលបានចំនួន២ករណី ឧបករណ៍នេសាទខុសច្បាប់រុះរើបំផ្លាញចោលរួមមាន របាំងសាច់អួនក្រឡាញឹកប្រវែង១៥០ម៉ែត្រ លូកងសាច់អួនក្រឡាញឹក ចំនួន២គ្រឿង និងដកបង្គោលឈ្នក់ចំនួន ៣កន្លែង ស្មើនឹង៣៦ដើម ។
ទន្ទឹមនឹងនេះ លោក ប៉ែន ផល្លីកា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់មន្ត្រី អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបង្ក្រាប ដោយបានកត់សម្គាល់ឃើញថា ឧបករណ៍ខុសច្បាប់មានការថយចុះច្រើន និងប្រជានេសាទយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទនារដូវបើកនេសាទនេះជាដើម ៕





ចែករំលែកព័តមាននេះ