ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨យប់កន្លងទៅនេះ បុរសម្នាក់បានប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធរបស់ខ្លួននៅម្ដុំផ្ទះពស់ចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ហើយបានគេចខ្លួនបាត់ ។ ប៉ុន្តែរយៈពេលជាង៣ម៉ោងក្រោយមក ទើបចាប់ខ្លួនបានតាមរយៈការប្រមាញ់របស់សមត្ថកិច្ច ។

ដោយមានការចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំបាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានស្រាវជ្រាវស្វែងរកចាប់ខ្លួន រហូតដល់ម៉ោង២៣និង១៥នាទី ទើបឃាត់ខ្លួនជនសង្ស័យបាននៅមុខរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម និងបញ្ជូនមកស្នងការដ្ឋានខេត្តដើម្បីបន្តនីតិវិធី ។ ជុំវិញមូលហេតុនៃការចាក់សម្លាប់ប្រពន្ធនោះ សមត្ថកិច្ចមិនទាន់បានផ្តល់ព័ត៌មានឱ្យដឹងនៅឡើយទេ ។
វត្ថុតាងដែលបានដកហូតមាន ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខៀវ ១គ្រឿង កាំបិតចុងស្រួច១ ម៉ូតូVIVA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1C-7405 មួយគ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក និងអាវក្រៅដៃវែងពណ៌ខ្មៅ១ ។ បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌកំពុងចាត់ការបន្តតាមនីតិវិធីនៅ
ឡើយ ៕
ចែករំលែកព័តមាននេះ