រាជធានីភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌមួយ ដែលយុវជនជំទង់ម្នាក់ជាប់ចោទពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំដូចគ្នា ត្រូវបានលើកលែងពីការផ្តន្ទាទោស ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នាពេលថ្មីៗនេះ គេហទំព័រ MondayDaily News បានធ្វើការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកនូវសំណេរថា «ភាពអាម៉ាស់នៃការដោះលែងជនសង្ស័យល្បួងអនីតិជន…» ដោយភ្ជាប់ជាមួយនឹងវីដេអូដែលរៀបរាប់ខ្លឹមសារខុសពីការពិតដែលអាចនាំឲ្យសាធារណជនមានការភ័ន្តច្រឡំមកលើចំណាត់ការរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការសម្រេចដោះលែងយុវជនជំទង់ខាងលើ ដែលមានឆ្នាំកំណើត ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១១ គឺអាយុក្រោម១៥ឆ្នាំ ឲ្យមានសេរីភាពវិញ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៦៧០៦ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានយុវជនខាងលើ ជាប់សង្ស័យពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ នៅផ្ទះសំណាក់មួយមិនចាំឈ្មោះ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រព្រឹត្តនៅផ្ទះសំណាក់មួយទៀតក្នុងខេត្តកំពត កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ បទល្មើសព្រហ្មទណ្ឌនេះ មានចែងឲ្យផ្តន្ទាទោសតាមមាត្រា៤២នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។
ក្រោយពីការពិនិត្យផ្ទៀងផ្ទាត់លើអង្គហេតុ និងភ័ស្តុតាងនានា ឃើញថា ជនសង្ស័យនិងជនរងគ្រោះ មានទំនាក់ទំនងជាគូសង្សារនឹងគ្នា និងបានឆ្លើយបញ្ជាក់ដូចគ្នាថា «ពួកខ្លួនពិតជាបានព្រមព្រៀងរួមភេទជាមួយគ្នា ដោយកើតចេញពីការស្រឡាញ់ មិនមានការបង្ខិតបង្ខំឡើយ…» ។ ម្យ៉ាងទៀត ជនសង្ស័យនិងជនរងគ្រោះ សុទ្ធតែមានអាយុក្រោម១៥ឆ្នាំដូចគ្នា ដោយក្នុងនោះ គិតមកត្រឹមថ្ងៃកើតហេតុទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យទើបតែអាយុ១៤ឆ្នាំ ៦ខែ និង៦ថ្ងៃ ប៉ុណ្ណោះ ។
ជាមួយគ្នានេះ តាមមាត្រា៤៤នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ចែងថា «ជនណាដែលមានអាយុក្រោម១៥ឆ្នាំ នឹងត្រូវលើកលែងពីការផ្តន្ទាទោស ចំពោះបទល្មើសដូចមានចែងក្នុងមាត្រា៤២ និងមាត្រា៤៣នៃច្បាប់នេះ» ។ផ្អែកតាមមូលដ្ឋានខាងលើ តំណាងអយ្យការសម្រេចដោះលែងយុវជនជំទង់រូបនេះ ឲ្យមានសេរីភាពវិញ តាមដីកាសម្រេចដោះលែងឲ្យមានសេរីភាពលេខ៥៤៨៦អ.ញ.ថ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ការសម្រេចដោះលែងនេះ ធ្វើឡើងស្របតាមអង្គហេតុ អង្គច្បាប់ និងនីតិវិធីជាធរមាន ពុំដូចការចុះផ្សាយរបស់គេហទំព័រ MondayDaily News នោះទេ ។
ការផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈជាការសន្និដ្ឋាន និងវាយតម្លៃខុសពីការពិត និងការប្រើប្រាស់នូវសំណេរ និងពាក្យសម្ដីដែលរៀបរាប់នូវខ្លឹមសារ ជាការទម្លាក់កំហុសមកលើចំណាត់ការរបស់ស្ថាប័នអយ្យការ ឬតុលាការដែលជាស្ថាប័នសាធារណៈ ដោយពុំបានស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយបែបនេះ គឺជាទង្វើដែលអ្នកសារព័ត៌មានពុំគួរប្រព្រឹត្តនោះឡើយ ។ គេហទំព័រ MondayDaily News គប្បីធ្វើការផ្សព្វផ្សាយកែតម្រូវជាបន្ទាន់លើករណីនេះ ៕
ចែករំលែកព័តមាននេះ