សង្គ្រាមអ៊ុយក្រែន ៖ នៅមានចំណុចជាច្រើនទៀតដែលត្រូវដោះស្រាយ និងបញ្ចុះបញ្ចូល
រុស្ស៊ី ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃទី២៥ វិច្ឆិកា បានសម្ដែងការអបអរសាទរដែលសហរដ្ឋអាមេរិក ជិតអាចនាំដល់ការចុះហត្ថលេខានាពេលដ៏ឆាប់ខាងមុខនេះ លើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ ប្រធានាធិបតីបារាំងលោកអេមម៉ានុយ អែលម៉ាក្រុង ក៏សម្ដែងសុទិដ្ឋិនិយមផងដែរ ដែលផែនការសន្តិភាពដំបូងរបស់អាមេរិកត្រូវបានពិនិត្យឡើងវិញ ។
អ្នកនាំពាក្យសេតវិមានលោកស្រីការ៉ូលីន លីវីត ក៏សម្ដែងសុទិដ្ឋិនិយមដែរ លើច្រកចេញនៃកិច្ចចរចាតែលោកស្រីទទួលស្គាល់ថា នៅសល់ភាពលម្អិតប៉ុន្មានទៀតអាចដោះស្រាយ
បាន ។
តាមពិតទៅ ផែនការអាមេរិកដែលកែប្រែឡើងវិញ នៅមិនទាន់ចេញផ្សាយនៅឡើយ ហើយខ្លឹមសារដំបូងៗដែលគេដឹងបង្ហាញថា មិនទាន់មានការព្រមព្រៀងណាមួយត្រូវបានរកឃើញលើបណ្ដាបញ្ហាគន្លឹះដូចជាការចូលអូតង់របស់អ៊ុយក្រែន ការធ្វើសម្បទានដែនដី ឬការធានាសន្តិសុខ ។ ម្យ៉ាងវិញទៀត រុស្ស៊ីនៅមិនទាន់ទាំងថា ខ្លួនទទួលយកផែនការដែលមានការកែប្រែឡើងវិញនោះនៅឡើយដែរ ។
ដូចសេចក្ដីរាយការណ៍របស់កាសែតCOURRIERINTERNATIONAL លោកស៊រហ្ស៊ីអ៊ីគីស្លីតស៊ីយ៉ា អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់អ៊ុយក្រែនអះអាងថា អាមេរិកនិងអ៊ុយក្រែនបានកែប្រែផែនការ២៨ចំណុចមកនៅត្រឹម១៩ចំណុច ប៉ុន្តែដាក់ក្នុងវង់ក្រចកបណ្ដាទិដ្ឋភាពសំខាន់ៗ ដូចជាបញ្ហាដែនដីនិងទំនាក់ទំនងរវាងរុស្ស៊ីអាមេរិក និងអូតង់ ដើម្បីទុកឲ្យលោកត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីជាអ្នកអារកាត់ ។
អាស្រ័យហេតុនេះ ហើយបានជាលោកហ្សេឡេនស្គី ពេលនេះហាក់មានការប្រយ័ត្នប្រយែងក្នុងសេចក្ដីថ្លែងការណ៍របស់លោក ហើយនៅតែនិយាយពីយថាភាពនៃកិច្ចព្រមព្រៀងមួយដែលមានលក្ខខណ្ឌ ។ លោកហ្សេឡេនស្គី វាយតម្លៃកាលពីយប់ថ្ងៃទី២៥ វិច្ឆិកាថា បណ្ដាគោលការណ៍នៃផែនការអាមេរិកដែលមានការកែប្រែ អាចនាំទៅដល់កិច្ចព្រមព្រៀងកាន់តែស៊ីជម្រៅ ប៉ុន្តែអ្វីៗជាច្រើនពេលនេះស្ថិតលើអាមេរិក ។
ក្នុងសារប្រចាំថ្ងៃរបស់លោកទៅកាន់ប្រជាជន លោកហ្សេឡេនស្គីលើកឡើងថា ពិតជាវៀចវេរខ្លាំងដែលរុស្ស៊ីនៅបន្តវាយប្រហារប្រទេសលោក ពេលដែលការចរចាសន្តិភាពកំពុងតែធ្វើ ។ លោកត្រាំឲ្យដឹងថា លោកនឹងជួបជាមួយលោកហ្សេឡេនស្គី នឹងលោកពូទីនជាថ្មីយតែនៅពេលដែលកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា ឬឈានទៅចុះហត្ថលេខា ។
ដោយចង់ជម្រុញកិច្ចព្រមព្រៀងឲ្យសម្រេចបានក្នុងពេលដ៏ឆាប់ លោកត្រាំបានស្នើដល់បេសកជនពិសេសលោក គឺលោកSTEVE WITKOFFទៅកាន់ក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយលោកពូទីនលើបណ្ដាចំណុចមិនព្រមព្រៀងគ្នា ដែលរារាំងដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ។
ទន្ទឹមនឹងនេះដែរ មេបញ្ជាការកងទ័ពជើងគោកអាមេរិក ,ឧត្ដមសេនីយDAN DRISCOLL នឹងទៅចរចាជាមួយអ៊ុយក្រែន ។ ការពិភាក្សាទាំងនោះពិតជាសំខាន់ ក្នុងទស្សនវិស្ស័យនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ តែវានៅធ្វើឲ្យមានការយឺតយ៉ាវថែមទៀតដល់ការបញ្ចប់សង្គ្រាម ៕
ចែករំលែកព័តមាននេះ