រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា បានរងឥទ្ធិពលព្យុះទី២៧ មានឈ្មោះ(កូតូ) អាចធ្វើឲ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូត ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥% ។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី២៧ ឈ្មោះ កូតូ របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រ កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែល កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះទទួលរងឥទ្ធិពលកម្រិត៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥% ។

ចំណែកនៅតំបន់ខ្ពង់រាបមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។
ដោយឡែកនៅតំបន់មាត់សមុទ្រមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០% ។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ពិសេសបងប្អូននេសាទតាមសមុទ្រ ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕
ចែករំលែកព័តមាននេះ