ខេត្តបាត់ដំបង ៖ រោងសិប្បកម្មចំហុយ ឬកែច្នៃឈើ និងផលិតធ្យូងអនាម័យ ដែលត្រូវអគ្គិភ័យលេបយកអស់គ្មានសល់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៩ កុម្ភៈ ដែលស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ បានខាតបង់ទឹកប្រាក់ប្រមាណ១៨ម៉ឺនដុល្លារ ។ នេះបើតាមម្ចាស់សិប្បកម្មរាយការណ៍ពិស្ដារប្រាប់សមត្ថកិច្ច ។

មន្ត្រីមូលដ្ឋាន ក៏ដូចមន្ត្រីការិយាល័យជំនាញបានឲ្យដឹងនូវរបាយការណ៍ជាក់លាក់ចុងក្រោយថា រោងសិប្បកម្មចំហុយឈើ កែច្នៃឈើ និងផលិតធ្យូងអនាម័យ ដែលជួបគ្រោះអគ្គិភ័យដ៏មហន្តរាយនោះ ធ្វើអំពីដែកមានទំហំ ១២ម៉x៣៥ម៉ ដែលមានម្ចាស់ឈ្មោះ ទី គឹមអ៊ាង ភេទប្រុស អាយុ៥៧
ឆ្នាំ ។ ក្រៅពីខូចខាតរោងសិប្បកម្មដ៏ធំនេះ សម្ភារៈ ឈើ និងគ្រឿងម៉ាស៊ីនសម្រាប់កែច្នៃឈើ ក៏ត្រូវខូចខាតទាំងអស់ដែរ ។

ក្នុងនោះ មាន៖ ឡចំហុយកំទិចអាចម៍រណារ ឡផលិតធ្យូង ឧបករណ៍ឈូស និងច្រៀកឈើ ឈើប្រភេទចាន់គិរី និងឈើអាកាស្យា មានប្រហែល៣០០ម៉ែត្រគូប និងសម្ភារផ្សេងៗមួយចំនួនទៀត ដែលគិតជាទឹកប្រាក់ខាតបង់អស់ប្រហែល១៨ម៉ឺនដុល្លារ ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងតាមការផ្ដល់ចម្លើយពីម្ចាស់សិប្បកម្មនេះបានប្រាប់ថា នៅយប់កើតហេតុ គ្មានកម្មករស្នាក់នៅទេ ។ ហើយក៏ពុំមាននរណាបានដឹងច្បាស់ថា អគ្គិភ័យនេះផ្ដើមចេញពីអ្វីដែរ ។

ប៉ុន្តែការសន្និដ្ឋានចុងក្រោយរបស់មន្ត្រីជំនាញ ដែលមានការឯកភាពពីម្ចាស់សិប្បកម្មផង បានវាយតំលៃថា អគ្គិភ័យដ៏មហន្តរាយនេះ ទំនងផ្ដើមចេញពីការ«ទុស្សេខ្សែភ្លើង» ។ ប៉ុន្តែយ៉ាងណា អគ្គិភ័យនេះបានបំផ្លិចបំផ្លាញទីតាំងសិប្បកម្ម និងសម្ភារ ឬទ្រព្យសម្បត្តិទាំងអស់នៅក្នុងរោងសិប្បកម្ម តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ៕
ចែករំលែកព័តមាននេះ