រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ដែលបានលោតសម្លាប់ខ្លួនពីលើស្ពានកោះនរា កាលពី២ថ្ងៃមុនត្រូវបានគេប្រទះឃើញអណ្ដែតនៅក្បែរស្ពានកោះនរា ហើយបានទាក់ទងទៅសមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ រួចប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។

ការប្រទះឃើញសាកសពអណ្ដែតទឹកនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្បែរស្ពានកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពនារីរូបនោះឈ្មោះរឿន បញ្ញា អាយុ២១ឆ្នាំ មានលំនៅខេត្តព្រៃវែង ។ បើតាមព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកព្រលឹមស្រាងៗ ខណៈពេលដែលកម្មករសាឡង់ ភ្ញាក់ពីដេកក៏បានប្រទះឃើញសពអណ្ដែតមកទើរនៅក្បែរសាឡង់ រួចក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ។ភ្លាមៗនោះ គ្រួសារដែលកំពុងតែស្វែងរកសពកូនស្រីជាច្រើនថ្ងៃមកហើយនោះ ក៏បានចុះទៅដល់ផងដែរ។

តាមក្រុមគ្រួសារឲ្យដឹងថា នារីរូបនោះ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានកោះនរា កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយលិចបាត់បន្សល់តែស្បែកជើង ។ បន្ទាប់ពីលោតទឹកសម្លាប់ខ្លួន ក្រុមគ្រួសារក៏បានស្វែងរកតែរកពុំឃើញ ។ លុះរំលងបានពីរថ្ងៃ ទើបសាកសពបានផុសអណ្ដែតឡើង ។
តាមព័ត៌មានឲ្យដឹងទៀតថា ការធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន ដោយសារតែនារីរូបនោះមានវិបត្តិស្នេហាដោយតូចចិត្តខ្លួនឯង សង្សារសុំបែក ក៏បានទៅបញ្ចប់ជីវិតនៅលើស្ពានកោះនរាទាំងវ័យក្មេងបែបនេះ ៕

ចែករំលែកព័តមាននេះ