រាជធានីភ្នំពេញ ៖ នៅទូទាំងប្រទេស មានឱកាសការងារជាង៨ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីត
ពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅទូទាំងប្រទេស មានឱកាសការងារសរុបចំនួន៨៣,៧៤៣កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្មវិស័យសេវាកម្ម និងវិស័យកសិកម្ម ។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត ។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេស បងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ ។ នេះបើតាមក្រសួងការងារដដែល ។

គួរឱ្យដឹងដែរថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃជាង៣២ម៉ឺននាក់ហើយ បានទទួលការងារធ្វើតាមរយៈយន្ដការរបស់ក្រសួង ហើយមានបងប្អូនអតីត
ពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៕ អត្ថបទ៖ សហការ

ចែករំលែកព័តមាននេះ