រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានថ្លែងប្រាប់បណ្ដាអង្គទូតនានាពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការពង្រឹងការបង្ក្រាបនៅទូទាំងប្រទេស ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ នាឱកាសអញ្ជើញធ្វើបទបង្ហាញជូនអង្គ ទូតនៅរាជធានីភ្នំពេញ នាពេលថ្មីៗនេះ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា ។ កិច្ចប្រជុំនេះ ត្រូវបានសម្របសម្រួលដោយលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរដល់ស្ថានបេសកកម្ម និងដៃគូបរទេស ចំពោះការបន្តចូលរួម និងគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដែលបានពង្រីកនូវវិសាលភាព និងភាពស្មុគស្មាញ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មនេះ គឺជាក្តីកង្វល់សកលទាមទារការចូលរួមរបស់រាជ រដ្ឋា ភិបាលនៅគ្រប់កម្រិត និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមក៏បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការពង្រឹងការបង្ក្រាបនៅទូទាំងប្រទេស ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបង្កើតឡើងនៅដើមឆ្នាំមុន ដើម្បីធានានូវប្រសិទ្ធភាព នៃយុទ្ធនាការនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអង្គទូតអំពីវឌ្ឍនភាពដែលសម្រេចបានចាប់ តាំងពីឆ្នាំកន្លងទៅ ដោយបានលើកឡើងអំពីការបង្ក្រាបប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសបានចំនួន២០០ករណី និងបានចាត់វិធានតាមផ្លូវច្បាប់ចំពោះមេខ្លោង និងសមគំនិតដែលមានជាតិសាសន៍ចម្រុះបានប្រមាណ៥០០នាក់ ៕
ចែករំលែកព័តមាននេះ