ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់​មុខ​លួច​ដុត​ក្លិប​ហាត់ប្រាណ «​មនោ​រម្យ​២»សង្ស័យ​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​?

34 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្លិប​ហាត់ប្រាណ «​មនោ​រម្យ​២» ដែល​សាងសង់​ស្ទើរ​ទាំងស្រុង​អំពី​ដែក ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចាក់​សាំង​ដុត​ពី​ខាងក្រៅ​របង និង​លើដំបូល នៅ​ចំហៀង​ខាងត្បូង តែ​មិន​ឆេះ កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦…

ខេត្តបាត់ដំបង ៖ ក្លិប​ហាត់ប្រាណ «​មនោ​រម្យ​២» ដែល​សាងសង់​ស្ទើរ​ទាំងស្រុង​អំពី​ដែក ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចាក់​សាំង​ដុត​ពី​ខាងក្រៅ​របង និង​លើដំបូល នៅ​ចំហៀង​ខាងត្បូង តែ​មិន​ឆេះ កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ វិច្ឆិកា នេះ ដែល​មា​នទី​តាំងនៅ​ជាប់​ជញ្ជាំង​ប៉ុស្ដិ៍​នគរបាល និង​សាលាសង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​អាច​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ទុច្ចរិត​នេះ ។

ក្លិប​ហាត់ប្រាណ «​មនោ​រម្យ​២» នេះ ជា​កម្ម​សិទ្ធិរបស់​លោក​ចាន់ សូ​វង្ស អាយុ​៦៩​ឆ្នាំ ដែល​ស្ថិត​នៅ​ជាប់​ជញ្ជាំង​ប៉ុស្ដិ៍​នគរបាល និង​សាលាសង្កាត់​ស្វាយប៉ោ​តែ​ម្ដង ។ របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​សាំង​ប្រហែល​០៤​លី​ត្រ ចាក់​លើ​អេ​ប៉ុង (​ពូក​) បោះ​ឡើង​ទៅ​លើដំបូល រួច​ដុត​តែ​ម្ដង ។ ប៉ុន្តែ​មិន​ឆេះ​សន្ធោសន្ធៅ ធ្វើ​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ទេ ព្រោះ​មាន​គេ​ឃើញ​ទាន់ ។ ម្យ៉ាង​ក្លិប​ហាត់ប្រាណ​នេះ សាងសង់​ពី​ដែក​សុទ្ធ ទើប​មិន​ខូចខាត គ្រាន់តែ​ឆេះ​រោល​ៗ​ពី​ខាងក្រៅ និង​ឆេះ​រោល​ដើម​ពោធិ៍​នៅ​ជ្រុង​ខាងត្បូង ។

សមត្ថកិច្ច​បាន​និយាយ​ថា នៅ​កន្លែង​កើតហេតុ ជន​ដៃដល់​បាន​បន្សល់​ទុក​សាំង​០១​ដប​ចំណុះ​ប្រហែល​០២​លី​ត្រ តែ​០១​ដប​ទៀត​បាន​ចាក់​ដុត​អស់ហើយ និង​សំណល់​អេ​ប៉ុង​ដែល​ឆេះ​មិន​ទាន់​អស់ ។ ដប​សាំង​ទាំងនេះ ត្រូវ​បាន​ច្រកចូល​ក្នុង​កេះ​ក្រដាស ហើយ​មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយប៉ោ​បាន​ប្រមូល​ទុកជា​វត្ថុ​តាង​ហើយ ។

លោក ចាន់ សូ​វង្ស ដែល​ជា​ម្ចាស់​ក្លិប​បាន​ប្រាប់​កោះសន្តិភាព​នៅ​ទីតាំង​កើតហេតុ​ថា នៅ​ក្នុង​ហេតុការណ៍​នេះ ដំបូង​មាន​ស្ត្រី​ម្នាក់ ដែល​គាត់​កំពុង​បោស​សំរាម​នៅ​ម្ដុំ​អាហារ​ដ្ឋា​ន​រាត្រី​បាត់ដំបង ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ជា​អ្នក​បានឃើញ​អគ្គិភ័យ​នោះ តែ​គាត់​មិន​បានឃើញ​ជន​បង្ក​ទេ ។
លោក​ចាន់ សូ​វង្ស បាន​និយាយ​ថា ពេល​នោះ គាត់​បាន​រត់​មក​ជួយ​ពន្លត់ ស្រែកហៅ​គាត់​ឲ្យ​ដឹង ។ ភ្លើង​មិន​បាន​ឆេះ​រាលដាល​ទេ វា​ឆេះ​អេ​ប៉ុង​ដែល​ជនល្មើស​ចាក់​សាំង​ដុត​រួច​បោះ​ទៅ​លើដំបូល ហើយ​នៅ​ផ្នែក​ខាងក្រោម​ដែល​មាន​របង​ដែក​ជាប់​នឹង​ដើម​ពោធិ៍ធំ​ភ្លើង​បាន​ឆេះ​ស្លឹកឈើ ហើយ​រាល​ចូល​ខាងក្នុង​ឆេះ​ទុយោ​ទឹក​បន្តិច ធ្វើ​ឲ្យ​ធ្លាយ​បាញ់​ពន្លត់ភ្លើង​នោះ​វិញ តែ​មិន​ខូចខាត​ដល់​សំណង់ ឬ​ឧបករណ៍​កីឡា​ទេ ។

ចំពោះ​ទីតាំង​ក្លិប​ហាត់ប្រាណ​នេះ បើ​តាម​លោក​ចាន់ សូ​វង្ស បាន​និយាយ​ពី​ប្រវត្តិ​ថា ទីតាំង​ក្លិប​ហាត់ប្រាណ​នេះ គាត់​បាន​ជួល​ដី​មួយ​ផ្នែក​នៃ​ផ្ទៃដី​សាលាសង្កាត់​ស្វាយប៉ោ ដើម្បី​សាងសង់​ក្លិប​ហាត់ប្រាណ ។ តំលៃ​ជួល​ក្នុង​មួយ​ខែ​ថ្លៃ​៤០០​ដុល្លារ ដោយ​មាន​ចុះ​កុងត្រា​ត្រឹមត្រូវ ហើយ​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ មិន​ទាន់​ចប់​កុងត្រា​ទេ គឺ​នៅ​ជាង​០៣​ឆ្នាំ​ទៀត ទើប​ផុត​កុងត្រា ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០២៥ (​ចូល​ឆ្នាំ​ខ្មែរ​) បែរជា​អាជ្ញាធរ​ខេត្ត​ចេញ​លិខិត​មួយ​ច្បាប់ បញ្ជូន​តាម​តាម​រយៈ​លោក​ចៅសង្កាត់​ស្វាយប៉ោ យក​មក​ឲ្យ​លោក​ក្នុង​កម្មវត្ថុ «​ស្នើ​ឲ្យ​លោក​រុះរើ​ក្លិប​ចេញ​» ដោយ​សំអាង​ថា រដ្ឋ​ត្រូវការ​ដី ទាំង​ដែល​កិច្ចសន្យាជួល​ដី​មិន​ទាន់​ផុតកំណត់ ។

ម្ចាស់​ក្លិប​ហាត់ប្រាណ​បានឱ្យ​ដឹង​ដែរ​ថា ខ្លិ​ម​សារ​នៃ​លិខិត​បណ្ដេញ​ឲ្យ​រុះរើ​ក្លិប​ហាត់ប្រាណ​របស់​លោក ដែល​លោក​ចៅហ្វាយខេត្ត បញ្ជូន​តាម​រយៈ​លោក​ចៅសង្កាត់​នោះ​បាន​ទុក​ពេល​ឲ្យ​លោក​ចំនួន​០៣​ខែ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង ត្រូវ​រុះរើ​ចេញ​ពីលើ​ទីតាំង​ដី​សាលាសង្កាត់​នោះ​ឲ្យ​រួចរាល់ តែ​លោក​មិន​បាន​រុះរើ​ទេ បើ​ទោះជា​សាលាសង្កាត់​ជូនដំណឹង​មក​លោក​ម្ដង​ជា​ពីរ​ដង​ក្ដី ។ ពីព្រោះ​នៅ​ក្នុង​កិច្ចសន្យា​នៅ​សល់​ជាង​០៣​ឆ្នាំ​ទៀត ទើប​ផុត​កុងត្រា​ជួល​ដី ។ ហើយ​បើ​ឲ្យ​លោក​រុះរើ​មុន​ចប់​កុងត្រា ក៏​ត្រូវ​សង​សំណង​មក​លោក​វិញ​ខ្លះ​ដែរ ។

ដោយឡែក រឿង​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ក្លិប​របស់​លោក​នេះ លោក​មិន​ទាន់​ដឹង​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ ឬ​ក្នុង​រឿង​អ្វី​ផ្សេង​ៗ​នោះ​ទេ ទើប​មាន​ជន​មិន​ស្គាល់​មុខ​លួច​ចាក់​សាំង​ដុត​ក្លិប​ហាត់ប្រាណ​របស់​លោក​បែប​នេះ ។ មួយ​រយៈ​ចុង​ក្រោយ​នេះ កោះសន្តិភាព​បាន​ព្យាយាម​ស៊ើបសួរ​អំពី​ព័ត៌មាន​នានា​នៃ​ទីតាំង​ដី​សាលាសង្កាត់​ស្វាយប៉ោ ក្រោយ​ពី​មាន​លិខិត​រដ្ឋបាល​ខេត្ត​ជូនដំណឹង​ទៅ​លោក ចាន់ សូ​វង្ស ម្ចាស់​ក្លិប​ហាត់ប្រាណ ឲ្យ​ធ្វើការ​រុះរើ​ចេញ​ពីលើ​ដី​សាលាសង្កាត់​ទាំង​មិន​ទាន់​ចប់​កុងត្រា តែ​ពុំ​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ទេ ។

គ្មាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​ផ្ដល់​ព័ត៌មាន​រឿង​ដ៏​រសើប​នេះ​ទេ ។ នៅ​ពេល​សួរ​ថា តើ​ដី​នៅ​សាលាសង្កាត់ និង​អគារ​ប៉ុស្ដិ៍​រដ្ឋបាល ត្រូវ​បាន​គេ​លក់​មែន​ទេ ? មន្ត្រី​ខ្លះ បាន​ត្រឹម​ប្រើ​ពាក្យ «​បែប អាច ឬ​ទំនង​» តែ​ក៏​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ដែរ ព្រោះ​ថ្នាក់លើ​ជាន់​.​ក ។ ប្រភព​ភាគច្រើន​មិន​ថា មន្ត្រី ឬ​ប្រជាពល​រដ្ឋ​នៅ​ក្បែរ​សាលាសង្កាត់ សុទ្ធតែ​បាន​បង្ហើបឲ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា ដី​សាលាសង្កាត់​ស្វាយប៉ោ​ទាំងមូល​ត្រូវ​បាន​គេ​លក់ ជ្រក​ក្រោម​ការ​ដោះ​ដូរ​ទៅ​ឲ្យ​លោក​ឧកញ៉ា​ម្នាក់​នៅ​ក្នុង​ខេត្តបាត់ដំបង ។

ប្រភព​ដដែល​នេះ​បាន​ប្រាប់​ទៀត​ថា មិនមែន​ត្រឹមតែ​ទំហំ​ផ្ទៃដី​សាលាសង្កាត់​ទេ សូ​ម្បី​អគារ​ប៉ុស្ដិ៍​រដ្ឋបាល ដែល​នៅ​ជាប់​ជញ្ជាំង​សាលាសង្កាត់ ក៏​ត្រូវ​បាន​គេ​វ៉ៃ​ចេញ​ព្រម​ៗ​គ្នា​ដែរ​។ មិនតែប៉ុណ្ណោះ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ទៀត ដែល​ស្ថិត​នៅ​ខាងក្រោយ (​ខាងជើង​) ជាប់​នឹង​របង​សាលាសង្កាត់ ក៏​ត្រូវ​អ្នកមាន​លុយ​ប្រមូល​ទិញ​យក​ទាំង​ដែរ តែ​រហូត​មក​ដល់​ថ្ងៃនេះ ទំនង​មិន​ទាន់​ត្រូវ​ថ្លៃ​គ្នា ទើប​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​នោះ​មិន​ទាន់​ចាកចេញ ។ ប៉ុន្តែ​យ៉ាងណា នេះ​ចាត់ទុកជា​ប្រភព​ក្រៅផ្លូវការ​ប៉ុណ្ណោះ តែ​វា​ហាក់ដូចជា​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​លិខិត​អាជ្ញាធរ​ខេត្ត ដែល​បង្ខំ​ឲ្យ​លោក​ចាន់ សូ​វង្ស ប្រញាប់​ប់រុះ​រើ​ក្លិប​ហាត់ប្រាណ​មុន​បញ្ចប់​កុងត្រា ។

កោះសន្តិភាព​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​រដ្ឋបាល​ខេត្ត ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​ដោះ​ដូរ ឬ​លក់​ដី​សាលាសង្កាត់​ស្វាយប៉ោ ឬ​លោក​អភិបាលខេត្ត​បាន​ភ្លាម​ៗ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៦ វិ​ច្ឆ​កា នេះ ។ ដោយឡែក ពាក់ព័ន្ធ​នឹង​ករណី​ជន​មិន​ស្គាល់​មុខ លួច​ដុត​ក្លិប​ហាត់ប្រាណ​របស់​លោក​ចាន់ សូ​វង្ស ខាងលើ​នេះ អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​ថា ក្រោយ​ទ​ទូល​ព័ត៌មាន​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ពិនិត្យ និង ធ្វើ​កំណត់ហេតុ ។

លោក​អធិការ​បាន​ប្រាប់​ថា អគ្គិភ័យ​ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​នោះ ពុំ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ ឬ​ឧបករណ៍​ហាត់ប្រាណ​ទេ ។ ពេល​នេះ មន្ត្រី​ជំនាញ របស់​លោក​បាន​និង​កំពុងធ្វើការ​ស៊ើបអង្កេត និង​តាម​ត្រូ​ត​ពិនិត្យ​លើ​កាមេរ៉ា​សុវត្ថិភាព​នានា ដែល​គេ​បំពាក់​តាម​ដងផ្លូវ ។ យ៉ាងណា​ក៏​ដោយ ជុំវិញ​ករណី​នេះ បើ​តាម​មតិ​នានា​បាន​លើក​ឡើង​ថា ករណី​មាន «​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ក្លិប​ហាត់ប្រាណ​» ខាងលើ​នេះ គេ​សង្ស័យ​អាច​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង ។ ពីព្រោះ​បើ​តាម​ប្រវត្តិ​ម្ចាស់​ក្លិប​នេះ គ្មាន​គំនុំ គ្មាន​ទំនាស់ ឬ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​បុគ្គល​ណា​ទេ មាន​តែ​រឿង​មួយ​គត់ គឺ​«​មិន​ព្រម​រុះរើ​សំណង់​ក្លិប​ហាត់ប្រាណ​ចេញ​ពីលើ​ដី​រដ្ឋ ដែល​គាត់​ជួល​មិន​ទាន់​ចប់​កុងត្រា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ