ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចេញ​សេចក្ដី​ព្រ.មា.ន​បន្ទាប់​ពី​ជប៉ុន​ត្រៀម​ដាក់​ពង្រាយ​ជើង​ទម្រ​មីស៊ីលក្បែរ​កោះ​តៃវ៉ាន់

2 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃនេះ ប្រទេស​ចិន​ព្រមាន​ធ្ងន់​ៗ​ថា​ខ្លួន​នឹង​វាយ​កម្ទេច​រាល់​ការ​ប៉ុន​ប៉ង​របស់​បរទេស​ដែល​ចង់​ជ្រៀត​ជ្រែក​នៅ​ក្នុង​បញ្ហា​តៃវ៉ាន់​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ប្រទេស​ជប៉ុន​​​ប្រកាស​អំពី​ផែន​ការ​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​មីស៊ីល​នៅ​ក្បែរ​កោះ​តៃវ៉ាន់​។ អ្នក​នាំ​ពាក្យ​ការិយាល័យ​ទំនាក់ទំនង​ចិន-​តៃវ៉ាន់​ លោក​ផឹង​ឈីង​កឹន​ (Peng Qingen) ថ្លែង​ថា​យើង​មាន​ឆន្ទៈ​មោះ​មុត, មាន​ការ​តាំង​ចិត្ត​រឹង​មាំ…

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃនេះ ប្រទេស​ចិន​ព្រមាន​ធ្ងន់​ៗ​ថា​ខ្លួន​នឹង​វាយ​កម្ទេច​រាល់​ការ​ប៉ុន​ប៉ង​របស់​បរទេស​ដែល​ចង់​ជ្រៀត​ជ្រែក​នៅ​ក្នុង​បញ្ហា​តៃវ៉ាន់​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ប្រទេស​ជប៉ុន​​​ប្រកាស​អំពី​ផែន​ការ​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​មីស៊ីល​នៅ​ក្បែរ​កោះ​តៃវ៉ាន់​។ អ្នក​នាំ​ពាក្យ​ការិយាល័យ​ទំនាក់ទំនង​ចិន-​តៃវ៉ាន់​ លោក​ផឹង​ឈីង​កឹន​ (Peng Qingen) ថ្លែង​ថា​យើង​មាន​ឆន្ទៈ​មោះ​មុត, មាន​ការ​តាំង​ចិត្ត​រឹង​មាំ និង​មាន​សមត្ថ​ភាព​ពេញ​លេញ​​ក្នុង​ការ​​​ការ​ពារ​អធិបតេយ្យ​ភាព​ជាតិ និង​បូរណ​ភាព​ទឹក​ដី​របស់​យើង​។

តប​ទៅ​​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ផែន​ការ​ដាក់​ពង្រាយ​មីស៊ីល​របស់​ជប៉ុន​នោះ អ្នក​នាំ​ពាក្យ​ចិន​រូប​នេះ​ថ្លែង​​​ថា​យើង​នឹង​វាយ​កម្ទេច​រាល់​ការ​ជ្រៀត​ជ្រែក​របស់​បរទេស​។ លោក​ថា​ការ​ដាក់​ពង្រាយ​អាវុធ​វាយ​ប្រហារ​នៅ​ទី​តាំង​ក្បែរ​កោះ​តៃវ៉ាន់​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​បំផុត​, ជា​ទង្វើ​ដែល​មាន​ចេត​នា​បង្ក​ភាព​តាន​តឹងនៅ​ក្នុង​តំបន់​ និង​នាំ​ឱ្យ​មាន​ការប្រឈម​មុខ​គ្នា​ផ្នែក​យោធា​។

សូម​រំលឹក​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​អំពី​ផែន​ការ​ដាក់​ពង្រាយ​មីស៊ីល​នៅ​លើ​កោះ​យ៉ូណាគុនី (Yonaguni) ដែល​ស្ថិត​នៅ​ប៉ែក​ខាង​លិច​បំផុត​ប្រទេស​ជប៉ុន​ស្ថិត​នៅ​ចម្ងាយ​១១០​គីឡូ​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ខាង​កើត​កោះ​តៃវ៉ាន់​។ កោះ​នេះ​ជា​មូល​ដ្ឋាន​យោធា​របស់​ជប៉ុន​ចាប់​​តាំង​ពី​ឆ្នាំ​២០១៦​។ ​រដ្ឋ​មន្ត្រី​ជប៉ុន​រូប​នេះ​អះ​អាង​ថា​ការ​ដាក់​ពង្រាយ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​សម្រាប់​បាញ់​ពី​ដី​ទៅ​អាកាស​នោះ​អាច​នឹង​ជួយ​ពង្រឹង​សន្តិ​សុខ​របស់​ជប៉ុន​។

គ្រាន់​តែ​ឮ​សេចក្ដី​ប្រកាស​នេះ​​ភ្លាម ក្រសួង​ការ​បរទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​តប​ភ្លាម និង​ចាត់​ទុក​ថា​នេះ​ជា​ចេត​នា​បង្ក​ភាព​តាន​តឹង​ និង​នាំ​​ឱ្យ​មាន​ភាព​តាន​តឹង​ផ្នែក​យោធា​។ ប៉ុន្តែ​រដ្ឋ​មន្ត្រី​ជប៉ុន​មិន​យល់​ដូច្នេះ​ទេ​។ លោក​ថ្លែង​ថា​​​មីស៊ីល​នេះ​​ប្រើ​សម្រាប់​ការ​ពារ​ខ្លួន​តែ​ប៉ុណ្ណោះ។​​​ ពោល​គឺ​សម្រាប់​បាញ់​យន្ត​ហោះ​ ឬ​មីស៊ីល​ប្រទេស​ដទៃ​ដែលរំលោភ​អធិបតេយ្យ​ភាព​ជាតិ​របស់​ជប៉ុន​។ លោក​ថ្លែង​ថា​មីស៊ីល​នេះ​មិន​មែន​សម្រាប់​វាយ​ប្រហារ​ប្រទេស​ដទៃ​ទេ​ ហើយ​ក៏​មិន​បង្ក​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​ដែរ​។

កោះ​តៃវ៉ាន់​ប្រកាស​គាំទ្រគម្រោង​ដាក់​ពង្រាយ​មីស៊ីល​នេះ​ ហើយ​សង្ឃឹម​ថា​វា​អាច​ជួយ​ថែ​រក្សា​​សន្តិ​សុខ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ អនុ​រដ្ឋ​មន្ត្រី​តៃវ៉ាន់​ថ្លែង​ថា​ការ​ដាក់​ពង្រាយ​មីស៊ីល​នេះ​មាន​ប្រយោជន៍​សម្រាប់​ផល​ប្រយោជន៍​ជាតិ​តៃវ៉ាន់​ព្រោះ​ជប៉ុន​គ្មាន​ជម្លោះ​បូរណភាព​ទឹក​ដី ឬ​មាន​អរិ​ភាព​ជា​មួយ​តៃវ៉ាន់​ទេ​​។ នៅ​ថ្ងៃ​នេះ​ផង​ដែរ ប្រធានា​ធិបតី​តៃវ៉ាន់​ប្រកាសអំពី​ផែន​ការ​ចំណាយ​ថវិកា​៤០​ពាន់​លាន​ដុល្លារ​ដើម្បីពង្រឹង​វិស័យ​ការ​ពារ​ជាតិ​។ ថវិកា​នេះ​នឹង​ប្រើ​ប្រាស់​រយៈ​ពេល​៨​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០២៦-​២០៣៣​។​ នេះ​បើ​យោ​ងតាម​ប្រភព​ពី​អាល់​ចា​ស៊ីរ៉ា (al Jazeera) និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ