មណ្ឌលគិរី ៖ នៅថ្ងៃទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី រួមទាំងការចូលរួមពីអាជ្ញាធរមូលដ្ឋាន។
ទីតាំង និងលទ្ធផលនៃប្រតិបត្តិការសេចក្តីរាយការថា ទីតាំងទី១ (ថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង ១៤:៥៦ នាទី) នៅរោងចាំចំការ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ។ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះបង្ក្រាប។
លទ្ធផល មុខសញ្ញាឈ្មោះ ឯល យូសុះ ភេទប្រុស អាយុ៤២ឆ្នាំ (រស់នៅភូមិឆ្នែង) បានរត់គេចខ្លួនចូលព្រៃបាត់។ កម្លាំងជំនាញបានឆែកឆេរ និងដកហូតបានឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។
ទីតាំងទី២ (ថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង ២១:២៣ នាទី)នៅរោងឡានរបស់ឈ្មោះ ណយ សឹង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម។

យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ កម្លាំងជំនាញបានចុះបង្ក្រាប ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ០២ នាក់ (ភេទប្រុស) និងដកហូតបាន ថ្នាំញៀនចំនួន ០៥ កញ្ចប់។ទីតាំងទី៣ (ថ្ងៃទី២៥ ខែវិច្ឆិកា វេលាម៉ោង ០៩:២០ នាទី)នៅ រោងចាំចំការរបស់ឈ្មោះ លី ម៉ារី ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម។
ដោយមានចម្លើយសារភាពពីជនសង្ស័យ កម្លាំងជំនាញបានបន្តនីតិវិធីចុះបង្ក្រាប។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ (ភេទប្រុស) និងដកហូតបាន ថ្នាំញៀនចំនួន ១១ កញ្ចប់។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានឈ្មោះ ហ៊ីម ឡៃ ដែលមាន ដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន ០៣ ដីកា។ចំណែក ទីតាំងទី៤ (ថ្ងៃទី២៥ ខែវិច្ឆិកា)នៅរោងរបស់ឈ្មោះ សាន សារី (ហៅ ថា) ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម។ លទ្ធផល ឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ (ភេទប្រុស) និងដកហូតបាន អាវុធកែច្នៃចំនួន ០៦ ដើម។

យោងតាមរបាយការសមត្ថកិច្ចសរុបលទ្ធផល និងវត្ថុតាងដកហូតបានក្នុងកិច្ចប្រតិបត្តិការបង្ក្រាបចំនួន ៤ ទីតាំងខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យសរុប: ០៩ នាក់ (ភេទប្រុស)។វត្ថុតាងដកហូតបានរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)សរុប ១៨ កញ្ចប់ (៦ កញ្ចប់ធំល្មម, ១២ កញ្ចប់តូច) មានទម្ងន់សរុប ៧១.១០ ក្រាម (ថ្លឹងទាំងសំបក)។អាវុធកែច្នៃ ០៧ ដើម។ម៉ូតូ០៣ គ្រឿង។ទូរសព្ទ០៧ គ្រឿង។ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១ គ្រឿង។កន្ត្រៃ០៣។កាបូបស្ពាយពណ៌ខ្មៅ០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ កំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកព័តមាននេះ