ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន រៀបចំ​កម្មវិធី​រាត្រីសមោសរ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ចិន បាន​រៀបចំ​កម្មវិធី​រាត្រីសមោសរ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ឆ្នាំមមី ២០២៦ ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​អធិកអធម និង​ពោរពេញ​ដោយ​ស្នាមញញឹម​នៃ​មិត្តភាព…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ចិន បាន​រៀបចំ​កម្មវិធី​រាត្រីសមោសរ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ឆ្នាំមមី ២០២៦ ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​អធិកអធម និង​ពោរពេញ​ដោយ​ស្នាមញញឹម​នៃ​មិត្តភាព ដោយ​មានការ​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ឯក សំ​អុល ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន សមាគម​មិត្តភាព​កម្ពុជា​-​ចិន ព្រមទាំង​យុវជន​ប្រទេស​ទាំង​ពីរ និង​ភ្ញៀវ​កិត្តិយស ចូលរួម​យ៉ាងច្រើន​កុះករ នា​ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០២៦ នៅ​សមាគម​មិត្តភាព​កម្ពុជា​-​ចិន ក្នុង​រាជធានី​ភ្នំពេញ ។

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នក​ស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន បាន​គូសបញ្ជាក់​ថា ក្រោយ​ពេល​ដែល​ពិធី​បុណ្យចូលឆ្នាំ​ចិន ត្រូវ​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ដោយ​អង្គការ​UNESCO នា​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ ពិធីបុណ្យ​ដែល​មាន​អាយុកាល​ជិត​៤​ពាន់​ឆ្នាំ​នេះ កាន់តែ​មាន​វិសាលភាព​សកល និង​រួមចំណែក​បង្កើន​កម្លាំង​ដល់​កិច្ច​កសាង​សហគមន៍​ជោគវាសនា​រួម​នៃ​មនុស្សជាតិ ។

ជាមួយ​គ្នា​នេះ កញ្ញា Zhang Yanping តំណាង​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន បាន​លើក​ឡើង​ថា រាត្រីសមោសរ​នេះ បាន​បញ្ជាក់​ពី​លើស​ពី​បរិយាកាស​រីករាយ និង​ក្តី​សង្ឃឹម​សម្រាប់​ឆ្នាំ​ថ្មី ដោយ​ភ្ញៀវ​ចូលរួម​ទាំងអស់​បាន​ប្តេជ្ញា​ចិត្ត​បន្ត​រួមដៃគ្នា ក្នុង​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី ឱ្យ​កាន់តែ​រីក​ចម្រើន និង​ស្ថិតស្ថេរ​ជា​យូរអង្វែង​។

ក្នុង​ឱកាស​នោះ ឯកឧត្តម ឯក សំ​អុល បាន​មាន​ប្រសាសន៍​ចាត់​ទុក​ការ​ជួបជុំ​គ្នា​នេះ មិន​ត្រឹមតែ​ជា​ការ​អបអរសាទរ​ពិធីបុណ្យ​វប្បធម៌​ដ៏​សំខាន់​មួយ​របស់​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​សញ្ញា​នៃ​មិត្តភាព​ជ្រាលជ្រៅ និង​កា​រត​ភ្ជាប់​បេះដូង​រវាង​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ទៀត​ផង​។ ឯកឧត្តម​បាន​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ ទំនាក់ទំនង​កម្ពុជា​–​ចិន ត្រូវ​បាន​លើកកម្ពស់​ទៅ​ជា​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគ​សម័យ​ថ្មី ហើយ​កម្មវិធី​នា​រាត្រី​នេះ​បាន​រំលេច​កាន់តែ​ច្បាស់​ពី​កា​រត​ភ្ជាប់​បេះដូង​រវាង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ​។

ឯកឧត្ដម​បាន​បន្ថែម​ទៀត​ថា ពិត​ណាស់​ដែល​ថា កម្មវិធី​នា​រាត្រី​នេះ គឺជា​វេទិកា​ដ៏​មាន​តម្លៃ​សម្រាប់​ការ​ផ្លាស់​ប្តូរ​វប្បធម៌ ការ​ស្គាល់គ្នា និង​ការ​បង្កើត​មិត្តភាព​កាន់តែ​ស៊ីជម្រៅ​រវាង​សមាគម​មិត្តភាព​កម្ពុជា​-​ចិន និង​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ក្នុងអំឡុងពេល​កម្មវិធី​នា​ពេល​នោះ​ដែរ ក៏​មានការ​ចាក់​បញ្ចាំង​ផ្ទាំងទស្សនីយភាព ផ្សាយ​ផ្ទាល់ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ អំពី​ការ​សម្តែង​សិល្បៈ​ដោយ​រួម​បញ្ចូល​នូវ​បច្ចេកវិទ្យា​ក្នុង​ទម្រង់ 8K + AI ព្រមទាំង​បញ្ច​ញ​ឧត្តមភាព​នៃ​ការ​ផ្សព្វផ្សាយ​ជា​ភាសា​៨៥​ភាសា ក្រោម​កិច្ច​ខិតខំ​របស់​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ដែល​ចាប់​រាប់​តាំងពី​១៩៨៣​មក​។ ក្រៅពី​នេះ ក៏​មានការ​ធ្វើ​នំ​គៀវ​រួម​គ្នា និង​សកម្មភាព​កម្សាន្ត ដើម្បី​អបអរសាទរ បុណ្យ​ឆ្នាំ​ថ្មី​របស់​ចិន ជា​ច្រើន​ទៀត ក្នុង​បរិយាកាស​យ៉ាង​សប្បាយ​រីករាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ