ខេត្តត្បូងឃ្មុំ ៖ ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តនាំគ្នាភ្ញាក់ផ្អើលដោយសារឃើញភ្លើងឆាបឆេះកុដិសង់អំពីឈើនៅវត្តទួលទ្រា ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ។ ហេតុការណ៍បានកើតឡើងនៅវេលម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី១៦ កុម្ភៈ ឆ្នាំ២០២៦ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ជាបន្ទាន់ ដោយមានរថយន្តពន្លត់អគ្គិភ័យទៅបាញ់ទឹក ដើម្បីកុំឲ្យភ្លើងឆាបឆេះរាលដាលទៅដល់សាលាឆាន់ ។

លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំប្រាប់អោយដឹងថា ក្រោយពីកម្លាំងប៉ុស្តិ៍បានរាយការណ៍តាមវិទ្យុទាក់ទងមកកាន់រូបលោក ភ្លាមនោះក៏បានឱ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងប្រញាប់ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ។

អធិការនគរបាលស្រុកត្បូងឃ្មុំបន្តថា កុដិដែលត្រូវបានភ្លើងឆាបឆេះនោះធ្វើអំពីឈើប្រក់ក្បឿង៣ខ្នង មានទំហំ៩x១៣ នៅចំណុចវត្តខេមឃោសារាម ស្ថិតនៅភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុប០៣គ្រឿង អធិការនគរបាលស្រុកត្បូងឃ្មុំ០១គ្រឿង ស្រុកអូររាំងឪ០១គ្រឿង និងក្រុងសួង០១គ្រឿង ទឹកអស់ចំនួន០៤ស៊ីទែន គ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១៣និង៥០នាទីរសៀលថ្ងៃដដែល។

សម្ភារះខូចខាត ៖ ១.កុំព្យូទ័រ០១គ្រឿង ២.ដ្រូន០១គ្រឿង ៣.បាស់០១គ្រឿង៤.ទូរទឹកកក០១គ្រឿង ៥.ទូរស័ព្ទ០១គ្រឿង ៦.គ្រែ០៥ ៧.សង្ឃក្ដី០៣ ៨.ជីពរ០៥ ៩.បាត០៧ ១០.អត្តសញ្ញាណប័ណ្ណ០១សន្លឹក ១១.សៀវភៅគ្រួសារ០១ក្បាល ១២.សំបុត្រកំណេីត០២ សន្លឹក ១៣.ឆៃយ៉ា០២សន្លឹក ១៤.ដុំwifi ០១គ្រឿង ១៥.បច្ច័យ១០ម៉ឺនរៀល ។ ១៦.ឧបដ្ឋានសាលា បង្អួចឈើ០៣ និងជញ្ជាំងឥដ្ឋ៦x១៨ម៉ែត្រ ។

សូមបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម គឺលោកឧត្តមសេនីយ៍ស្នងការឲ្យបង្កើនការយកចិត្តទុកដាក់ពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ ជាពិសេស រថយន្តពន្លត់អគ្គិភ័យត្រូវតែមានប្រចាំការគ្រប់គោលដៅ ដើម្បីត្រៀមអន្តរាគមន៍ដូចករណីនេះជាដើម ។


ចែករំលែកព័តមាននេះ