ប្រទេសជប៉ុន ៖ ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន សហការដោះស្រាយបញ្ហាវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងសកល ។ ក្រសួងបរិស្ថាន បានឱ្យដឹងថា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន មានកិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន ដោយផ្តោតលើការកាត់បន្ថយការចញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចចក្រា បច្ចេកវិទ្យាបរិស្ថាន ការកាត់បន្ថយការបំពុលដោយសំណាល់ និងការអភិរក្សជីវៈចម្រុះ ។

ក្រសួងបរិស្ថាន ឱ្យដឹងទៀតថា ភាគីទាំងពីបានឯកភាពលើការបន្តគាំទ្រលើយន្តការឥណទានកាបូនរួមគ្នា (JCM) និងសូមស្វាគមន៍ដល់កិច្ចប្រជុំគណៈកម្មាធិការ JCM នៅកម្ពុជា នៅខែមីនា ខាងមុខនេះ ។ ជាមួយគ្នានេះ កិច្ចប្រជុំក៏វាយតម្លែខ្ពស់លើកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងការប្រួលប្រួលអាកាសធាតុក្នុងក្រមខណ្ឌអាស៊ាន ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានស្វាគមន៍ចំពោះការគាំទ្ររបស់ភាគីជប៉ុនដល់ការអនុវត្តផែនការជាតិបន្ស៊ាំទៅនឺងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងប្រព័ន្ធផ្តល់ព័ត៌មានជាមុននៅកម្ពុជា ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការចែករំលែកបទពិសោធន៍លើការគ្រប់គ្រងឧទ្យានជាតិ ៕
ចែករំលែកព័តមាននេះ