ខេត្តកំពង់ស្ពឺ ៖ កិច្ចប្រតិបត្តិការក្ដៅគគុក ដោយសមត្ថកិច្ចសហការស្រាវជ្រាវតាមឃាត់ខ្លួនបានមុខសញ្ញាក្មេងទំនើង ចំនួន០៧នាក់ ដកហូតបានដាវ និងកាំបិត ករណីហិង្សាដោយចេតនា នៅមុខក្លិប ប៊ីឌីអរ BDR Club ស្ថិតនៅផ្លូវជាតិលេខ៤១ ភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីយប់ថៃ្ងទី២៤ ខែវិច្ឆិកា ។
យោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជុន កែវមេសា ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសត្រូវចំខ្នងដៃ ខ្នងជើងខាងឆ្វេង ត្រូវបានក្រុមគ្រួសារយកព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព រាជធានីភ្នំពេញ ។
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ នឹងការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ជំនួយការ ដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កម្លាំងសហការអធិការដ្ឋាននគរបាលស្រុកសំរោងទង និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្ដកណ្ដាល សមត្ថកិច្ចបានអនុវត្ដ និងស្រាវជ្រាវរហូតធ្វើការកំណត់ និងឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង បាន៧នាក់ ៖
១.ឈ្មោះ អ៊ាន រ៉ាយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកអង្គស្នួល (កាប់ជនរងគ្រោះ) ។
២.ឈ្មោះ កា សុធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល (កាប់ម៉ូតូ) ។
៣.ឈ្មោះ ហួរ ប៊ុនហាយ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃពង្រ ឃុំសំបូរ(កាន់ដាវ) ស្រុកសំរោងទង
៤.ឈ្មោះ ម៉ុន សៀវថាវ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង
៥.ឈ្មោះ រ៉ាន សុវណ្ណា ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ។
៦.ឈ្មោះ ណាច ចាន់តុលា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ។
៧.ឈ្មោះ ម៉ៅ វិទូ ហៅ ជាតិ ភេទ ប្រុស អាយុ ១៦ ឆ្នាំ នៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យទាំង៧ បានឆ្លើយសារភាពថា និងទទួលស្គាល់ថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ និងចាក់ទៅលើជនងគ្រោះ និងកាប់ម៉ូតូ ពិតប្រាកដមែន ករណីខាងលើបានកសាងសំណុំរឿង និងប្រគល់ជូនការិយាល័យព្រហ្មទណ្ឌខេត្ដ បន្ដនិតិវិធី ៕







ចែករំលែកព័តមាននេះ