រាជធានីភ្នំពេញ ៖ ទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ជាអ្នកចម្រៀងអកកាដង់ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន បន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះផ្ទាល់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធពីបទ.ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយពិរភាពដល់ជនរងគ្រោះ ។
តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ នួន រចនា ហៅជីង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨៧ មុខរបរ អាជីវករ មានទីកន្លែងកំណើតនៅខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៤៤ ផ្លូវលំ ក្រុម៥ ភូមសន្សំកុលស៣ សង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជននេះ ត្រូវបានឃុំខ្លួន តាមអំណាចសាលក្រម (មុនអង្គសេចក្តី) លេខ ២២៣ ក្រ៤ “ម” ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលសម្រេចឃុំខ្លួនឈ្មោះ នួន រចនា ហៅ ជីង ពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោសដោយសារពិការភាព ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋាន យីហោ D’Lini ផ្លូវកែវចន្តា ក្រុមទី៩ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២២៣ នៃក្រមព្រហ្មទណ្ឌ ។
បើយោងតាមការចោទប្រកាន់ដូចបទល្មើសខាងលើនេះ មាត្រា ២២៣ និយមន័យាថា “ស្ថានទម្ងន់ទោសដោយសារការកាន់អវៈយវៈ ឬពិការភាព” អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើនេះនាំឲ្យមានការកាត់អវៈយវៈ ឬឲ្យមានពិការភាពជាអចិន្ត្រៃយ៍ដល់ជនរងគ្រោះ ។
សូមជម្រាបថា ៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតសាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នកចម្រៀងអកកាដង់ម្នាក់ បញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ពន្ធករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឲ្យពិការភាពដល់ជនរងគ្រោះ ។
អ្នកចម្រៀងអកកាដង់ម្នាក់នោះ មានឈ្មោះ នួន រចនា ហៅ ជីង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ អាជីវករ (ធ្លាប់បានដាក់ពាក្យប្រឡងចម្រៀងនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស តែមិនជាប់) ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រ មស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ការចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុងលេខ ៥១BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យ ពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារពិការភាពជនរងគ្រោះ ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋាន D.Lini ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ។ បើតាមអង្គហេតុ ក្នុងដំណើររឿងខាងលើ បានឲ្យដឹងថា នៅថ្ងៃកើតហេតុជនសង្ស័យ មានកម្មវិធីផឹកស៊ីមួយនៅភោជនីដ្ឋាន D.Lini ហើយក៏មានការប៉ះពៀរពាក្យសំដីជាមួយមិត្តរួមតុ បង្កឲ្យកើតមានជម្លោះទាស់ទែងគ្នា ក្លាយទៅជាអំពើហិង្សា រហូតជនសង្ស័យបានយកដបស្រាវាយក្បាលជនរងគ្រោះ បណ្តាលឲ្យបែកមុខមាត់ដេរជាច្រើនថ្នេរ និងជាំភ្នែកមួយចម្ហៀងយ៉ាងធ្ងន់ធ្ងរបំផុត ។
ហើយករណីខាងលើនេះ ត្រូវបានភាគីដែលអះអាងថា ជាជនរងគ្រោះបានដាក់ពាក្យបណ្តឹង ប្តឹងទៅសមត្ថកិច្ចរហូតដល់តុលាការ មានចំណាត់យ៉ាងក្តៅគគុក មកដល់ពេលនេះ ដែលសំណុំរឿងអ្នកចម្រៀងអកកាដង់រូបនេះ ត្រូវបានតុលាការចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់ជាធរមាន ៕




ចែករំលែកព័តមាននេះ