ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ត្រៀម​បញ្ជូន​ប្រេសិត​ពិសេស​ទៅ​ម៉ូស្គូ​ដើម្បី​ពិភាក្សា​ផែន​ការ​សន្តិ​ភាព

53 វិនាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​​ប្រកាស​អំពី​គម្រោង​បញ្ជូន​បេសក​ជន​ពិសេស​ទៅ​ជួប​លោក​ពូទីន​នៅ​ម៉ូស្គូ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។ លោក​ត្រាំ​​​បង្ហោះ​​សារ​នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូសល (Truth Social) ថា​ដំណើរ​ការ​ចរ​ចា​គ្នា​ជា​មួយ​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​នោះ​ជិត​និយាយ​ត្រូវ​រ៉ូវ​គ្នា​ហើយ​ នៅ​ប្រទាំង​ប្រទើស​ត្រឹម​តែ​ប៉ុន្មាន​ចំណុច​ប៉ុណ្ណោះ​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ក្រោយ​ពេល​ជួប​គ្នា​រវាង​គណៈ​ប្រតិ​ភូ​អាមេរិក និង​អ៊ុយ​ក្រែន នៅ​ទី​ក្រុង​ហ្សឺណែវ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​​ប្រកាស​អំពី​គម្រោង​បញ្ជូន​បេសក​ជន​ពិសេស​ទៅ​ជួប​លោក​ពូទីន​នៅ​ម៉ូស្គូ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។ លោក​ត្រាំ​​​បង្ហោះ​​សារ​នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូសល (Truth Social) ថា​ដំណើរ​ការ​ចរ​ចា​គ្នា​ជា​មួយ​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​នោះ​ជិត​និយាយ​ត្រូវ​រ៉ូវ​គ្នា​ហើយ​ នៅ​ប្រទាំង​ប្រទើស​ត្រឹម​តែ​ប៉ុន្មាន​ចំណុច​ប៉ុណ្ណោះ​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ក្រោយ​ពេល​ជួប​គ្នា​រវាង​គណៈ​ប្រតិ​ភូ​អាមេរិក និង​អ៊ុយ​ក្រែន នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​រួច​មក ផែន​ការ​សន្តិភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ត្រាំ​មាន​២៨​ចំណុច​ត្រូវ​បាន​បញ្ចុះ​មក​នៅ​ត្រឹម​១៩​ចំណុច​វិញ​។

លោក​ត្រាំ​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​លោក​បាន​ណែ​នាំ​បេសក​ជន​ពិសេស​របស់​លោ​កគឺ​លោក​ស្ទីវ​វីតខូស (Steve Witkoff) ដើម្បី​ទៅ​ជួប​លោក​ពូទីន​ដោយ​ផ្ទាល់​​នៅ​​វិមាន​ក្រឹម​ឡាំង​ដើម្បី​ចរ​ចា​គ្នា​ជា​កិច្ច​បង្ហើយ​​​នូវ​ផែន​ការ​សន្តិ​ភាព​។ ​ក្រោយ​មក លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​លោក​វីតខូស​នឹង​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​នៅ​សប្ដាហ៍​ក្រោយ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​និយាយ​បង្ការ​ទុក​មុន​ថា​បើ​សិន​ផែន​ការ​សន្តិ​ភាព​នោះ​ត្រូវ​បាន​កែ​តម្រូវ​ឡើង​វិញ​ផ្ទុយ​ពី​ការ​ទាម​ទារ​របស់​រុស្ស៊ី​ ពេល​នោះ​វា​នឹង​បង្កើត​បរិយាកាស​នៃ​​​ការ​ប្រកាន់​ជំហរ​ផ្សេង​គ្នា​។

ផែន​ការ​សន្តិ​ភាព​នោះ​ពី​ដំបូង​ដៃ​តម្រូវ​ឱ្យ​អ៊ុយ​ក្រែន​កាត់​ទឹក​ដី​របស់​ខ្លួន​នៅ​ភាគ​ខាង​កើត​ដូច​ជា​តំបន់​ដូញែត​ (Donetsk)​ ​ទៅ​ឱ្យ​រុស្ស៊ី​។ ជា​រួម​ ផែន​ការ​នោះ​ទាម​ទារ​ឱ្យ​​អ៊ុយ​ក្រែន​ធ្វើ​សម្បទាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​រុស្ស៊ី​។ ក្រៅ​ពី​កាត់​ដី​ឱ្យ​​រុស្ស៊ី​ដើម្បីសន្តិ​ភាព​ អ៊ុយ​ក្រែន​ត្រូវ​បញ្ចុះ​កម្លាំង​យោធា​ ហើយ​ត្រូវ​បោះ​បង់​ចោល​ផែន​ការ​ចង់​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​។

គេ​ជឿ​ជាក់​ថា​អ៊ុយ​ក្រែន និង​អឺរ៉ុប​ទំនង​ជា​បាន​ស្នើ​សុំ​ឱ្យ​អាមេរិក​កែ​សម្រួល​​​ចំណុច​ខ្លះនៅ​ក្នុង​ផែន​ការ​សន្តិ​ភាព​​​។ ប្រធានា​ធិប​តី​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី បាន​បង្ហោះ​វីឌីអូ​នៅ​លើ​បណ្ដាញ​សង្គម​ថា​រដ្ឋាភិបាល​របស់​លោក​បាន​ពិនិត្យ​មើល​ផែន​ការ​សន្តិ​ភាព​នោះ​រួច​ហើយ​។ វា​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​នៃ​កិច្ច​ពិភាក្សា​នៅ​ទី​ក្រុង​ហ្សឺណែវ​។ ពាក្យ​សម្ដី​នេះ​ឆ្លុះ​បញ្ចាំង​ថា​លោក​មាន​គំនិត​វិជ្ជ​មាន​ចំពោះ​កិច្ច​ព្រម​ព្រៀង​នោះ​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​បញ្ជាក់​ថា​​​​វា​ជា​ព័ត៌​មាន​ពិត​ដែល​ថា​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ម៉ូស្គូ​នា​សប្ដាហ៍​ក្រោយ​ដើម្បី​ស្វះ​ស្វែង​រក​សហ​មតិ​កុង​សង់​ស៊ីស (consensus) ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ដែល​អូស​បន្លាយ​ជិត​៤​ឆ្នាំ​។ ប៉ុន្តែ​ទីប្រឹក្សា​របស់​លោក​ពូទីនគឺ​លោក​អ៊ូសាកូស (Yuri Ushakov) ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ រុស្ស៊ី​មិន​ទាន់​ទទួល​បាន​ផែន​ការ​សន្តិ​ភាព​​​ជា​ផ្លូវ​ការ​ពី​ទី​ក្រុង​វ៉ាស៊ីនតោន​នៅ​ឡើយ​ទេ​។

ក្រោយ​កិច្ច​ជំនួប​នៅទី​ក្រុង​ហ្សឺណែវ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​ផែន​ការ​នោះ​អាច​​​អនុ​វត្ត​​ជាក់​ស្ដែង​បាន​ហើយ​។ គ្រាន់​តែ​ថា​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​ទេ​ព្រោះ​នៅ​មាន​ចំណុច​ខ្លះ​ដែល​មិន​ទាន់​ដោះ​ស្រាយ​ឱ្យ​បាន​ដាច់​ស្រេច​នៅ​ឡើយ​ទេ​។ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ម្នាក់​ប្រាប់​ថា​លោក​ហ្សេឡិនស្គី​ចង់​ជួប​លោក​ត្រាំ​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​

ការ​ដើរ​តួ​នាទី​របស់​លោក​វីតខូស​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​​​ព័ត៌​មាន​ចុះ​ផ្សាយ​ថា​លោក​ (វីត​ខូស) បានពន្យល់​​​ប្រាប់​លោក​​អ៊ូសាកូស (ទី​ប្រឹក្សា​លោក​ពូទីន) ថា​លោក​ពូទីន​គួរ​បញ្ចុះ​បញ្ចូល​លោក​ត្រាំ​បែប​​ណាដើម្បី​ឈាន​ដល់​ចំណុច​ឯក​ភាព​គ្នា​ទទួល​ផែន​ការ​សន្តិ​ភាព​។ លោក​ត្រាំ​ចាត់​ទុក​ថា​វិធី​ចរ​ចា​របស់​លោក​វីត​ខូស​មិន​ទាស់​ខុស​អ្វី​ទេ​។ គាត់​ធ្វើ​ទៅ​តាម​នីតិ​វិធី​នៃ​ការ​ចរ​ចា​គ្នា​។ គាត់​ត្រូវ​និយាយ​បញ្ចុះ​បញ្ចូល​អ៊ុយ​ក្រែន​ខ្លះ និង​បញ្ចុះ​បញ្ចូល​រុស្ស៊ី​ខ្លះ​។ នេះ​ជា​សិល្បៈ​ក្នុង​ការ​ចរ​ចា​។ ​នេះ​បើ​យោ​ងតាម​ប្រភព​ពី​អឹន​អេច​ខេ (NHK), រ៉យទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ