រាជធានីភ្នំពេញ ៖ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការ ជាមួយការអនុវត្តវិធានការជាក់ស្តែងក្នុងបង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងការពារប្រជាពលរដ្ឋពីភាពប្រឈមនឹងគ្រោះបណ្តាលមកពីព័ត៌មានក្លែងក្លាយ។ នេះគឺជាការថ្លែងរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំតំណាងអនុគណៈកម្មការចំណុះគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ សមាជិក សមាជិកាលេខាធិការដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មាន២៥ រាជធានី ខេត្ត ។
អ្នកនាំពាក្យបានលើកឡើងថា ការអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំលើវិស័យព័ត៌មាន និងសោតទស្សន៍ ការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន និងការលើកកម្ពស់សន្តិសុខព័ត៌មាន ជាអាទិ៍តាមរយៈវិធានការគ្រប់គ្រង បន្សាប និងឆ្លើយតបទាន់ពេលវេលា ដើម្បីទប់ស្កាត់ហានិភ័យនានា ដែលអាចបង្កមហន្តរាយដល់ពលរដ្ឋ និងសង្គម ។
លោកបានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន លទ្ធផលការងារគ្រប់គ្រង ប្រឆាំងព័ត៌មានក្លែងក្លាយ បានទប់ស្កាត់ឥទ្ធិពលអាក្រក់ និងការសាយភាយព័ត៌មានក្លែងក្លាយ ចំនួន ២,៨១០ ពាក់ព័ន្ធនឹងវិស័យការពារជាតិ ព្រំដែន កសិកម្ម សុខុមាលភាព ការគាំពារសង្គម ដីធ្លីក្នុងចំណោមប្រធានបទផ្សេងទៀត ក្នុងរយៈពេល ៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ។
អ្នកនាំពាក្យបានបន្ដថា ក្នុងរយៈពេលនេះដែរ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលដឹកនាំដោយក្រសួងព័ត៌មាន និងអនុវត្តន៍ក្នុង២៥រាជធានី ខេត្ត បានក្លាយជាចលនាជាតិ ដើម្បីផ្តល់ការការពារជូនប្រជាពលរដ្ឋពីមហន្តរាយ ដែលអាចកើតពីព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។ យុទ្ធនាការនេះ ក៏កំពុងបន្តសកម្មភាពតាមបណ្តារាជធានី ខេត្ត និងពង្រីកយុទ្ធនាការអប់រំលើបណ្តាញសង្គម ក្នុងក្របខណ្ឌ នៃការអនុវត្តនៅទូទាំងប្រទេស ដោយមានការគាំទ្រអនុវត្តន៍ ដោយថ្នាក់ដឹកនាំ នៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរព័ត៌មាន អាជ្ញាធរក្រុង ស្រុក/ឃុំ វិស័យឯកជនក្នុងរាជធានី ខេត្ត និងដៃគូពាក់ព័ន្ធ ។
ក្នុងឱកាសនោះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបង្ហាញឱ្យដឹងទៀតថា ព័ត៌មានក្លែងក្លាយអាចបង្កឱ្យមានផលវិបាក ដែលយើងមិនអាចនឹកស្មានដល់ ព្រមទាំងអាចជះ ផលអវិជ្ជមានរយៈពេលយូរ ប៉ះពាល់ដល់ការរស់នៅ ចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ទន្ទឹមនេះ ព័ត៌មានក្លែងក្លាយ ដែលកំពុងចរាចរលើបណ្តាញសង្គម ប្រសិនបើពុំមានយន្តការ និងវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ទេ វានឹងបង្កភាពច្របូកច្របល់ និងការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរលើបញ្ហាអ្វីមួយ ឬប៉ះពាល់ដល់លើការដឹកនាំ, បង្កឱ្យមានការរើសអើង និងអរិភាពក្នុងសង្គម, ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើប្រភពព័ត៌មានពិតប្រាកដ, ឬអាចគំរាមកំហែងប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈជាដើម។ ទន្ទឹមនេះ ក្នុងក្របខ័ណ្ឌធានាសណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សាយលើបណ្តាញសង្គម ក្រសួងព័ត៌មានបានដាក់ចេញសេចក្តីណែនាំ និងបទដ្ឋានតម្រង់ទិសលើក្រមសីលធម៌ និងពង្រឹងការអនុវត្តនិយាមប្រតិបត្តិបណ្តាញសង្គម សម្រាប់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាលើបណ្តាញសង្គម ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងពង្រឹងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ គោរពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សីលធម៌សង្គម និងអនុលោមតាមច្បាប់ជាធរមាន ៕



ចែករំលែកព័តមាននេះ