ទីក្រុងសាម៉ាកាន ៖ នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥ នៃអង្គការយូណេស្កូ ទីក្រុងសាម៉ាកាន ប្រទេសអ៊ូសបេគីស្ថាន ចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគី លើកទី២៥ និងមានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងបណ្តារដ្ឋភាគី ក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងវប្បធម៌ និងធម្មជាតិ នាពេលកន្លងមក ។
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានទាញចំណាប់អារម្មណ៍ នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការ នៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំ នូវទ្រង់ទ្រាយដើម នៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាត នូវបទបញ្ញត្តិ នៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ នាពេលកន្លងមក ។
បន្ថែមលើនេះ លោកជំទាវបណ្ឌិត្យសភាចារ្យរដ្ឋមន្ត្រី បានរំលឹកអំពីបទអន្តរាគមន៍កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងមក ដែលពេលនោះលោកជំទាវ បានលើកឡើងម្តងរួចមកហើយ នូវការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្ត នៅប្រទេសជិតខាង ព្រោះការណ៍នេះ គឺជាសកម្មភាពខ្វះខាត នូវក្រមសីលធម៌ ដែលអាចនាំមកនូវការប៉ះពាល់ មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណ នៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកផងដែរ ។
កម្ពុជាអំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់ នៃអង្គការយូណេស្កូ ធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះ ដោយកំណត់ នូវទិសដៅច្បាស់លាស់ ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ និងធ្វើការរួមជាមួយបណ្តារដ្ឋភាគី ដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមាន ដែលអាចកើតឡើងនាពេលអនាគត ក្នុងបរិបទសកលភាវូបនីយកម្ម ៕








ចែករំលែកព័តមាននេះ