ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​ធំ​ៗ​នៅ​កម្ពុជា ថា របាយការណ៍ Human Rights Watch ស្ដី​ពី បញ្ហា​ពលករ មិន​ឆ្លុះ​បញ្ចាំង​ពីការ​ពិត និង​គ្មាន​វិជ្ជាជីវៈ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សហជីព​ធំ​ៗ​នៅ​កម្ពុជា យល់​ឃើញ​ដូច​ៗ​គ្នា​ថា របាយការណ៍​របស់​អង្គការ Human Rights Watch ស្ដី​ពី បញ្ហា​ពលករ…

រាជធានីភ្នំពេញ​ ៖ សហជីព​ធំ​ៗ​នៅ​កម្ពុជា យល់​ឃើញ​ដូច​ៗ​គ្នា​ថា របាយការណ៍​របស់​អង្គការ Human Rights Watch ស្ដី​ពី បញ្ហា​ពលករ ដែល​សម្ភាស​បងប្អូន​អតីត​ពលករ​តែ ៥៦​នាក់​នោះ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​គ្មាន​វិជ្ជាជីវៈ ​។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​អង្គការ Human Rights Watch បាន​ចេញ​របាយការណ៍​មួយ​មាន​ចំណងជើង​ថា «​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ស្រុក​វិញ កំពុង​ប្រឈម​នឹង​ភាព​អត់ឃ្លាន និង​គ្មាន​ការងារ​ធ្វើ​» ដោយ​អង្គការ​នេះ​បាន​សម្ភាស​អតីត​ពលករ​តែ ៥៦​នាក់​ប៉ុណ្ណោះ​ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ប្រាប់​នៅ​ថ្ងៃ​ទី​ ២៧ ខែវិច្ឆិកា​នេះ​ថា របាយការណ៍​របស់​អង្គការ Human Rights Watch ដែល​សម្ភាស​បងប្អូន​អតីត​ពលករ​តែ ៥៦​នាក់​នោះ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត គ្មាន​វិជ្ជាជីវៈ ហើយ​ក៏​មិន​ឆ្លុះ​បញ្ចាំង​អំពី​សកម្មភាព​ពិត​របស់​រាជរដ្ឋាភិបាល ក្រសួង​ការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​។ ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា មាន​ប្រសាសន៍​បែប​នេះ​ថា «​របាយការណ៍​ចេញ​ដោយ Human Rights Watch នេះ វា​ផ្ទុយ​ស្រលះ​ទាំងស្រុង ហើយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត ហើយ​អ្វី​ដែល​សំខាន់​នោះ Human Rights Watch មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការ Research ឱ្យ​បាន​ត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌​ទេ យើង​មើលឃើញ​ថា Human Rights Watch ធ្វើការ​ទៅ​តាម​អារម្មណ៍ ឬ​តាម​ការ​នឹកឃើញ ឬ​ក៏​ទៅ​តាម​សេណា​រី​រ៉ូ​របស់​ម្ចាស់​ជំនួយ ដែល​ចង់​មួលបង្កាច់​បង្ខូច​កិត្តិយស​កម្ពុជា​»​។

លោក សំ សឿ​ន បាន​បន្ថែម​ថា លោក បាន​មើលឃើញ​ពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ការងារ​ជា​សេនាធិការ ដោយ​បាន​ជួយ​សម្របសម្រួល​ដល់​បងប្អូន​អតីត​ពលករ តាំងពី​ពេល​ដែល​ពួក​គាត់​មក​ដល់​ច្រក​ទ្វារ​ព្រំដែន រហូត​ដល់​ជួយ​ស្វែងរក​ការងារ​ទៅ​ដល់​មូលដ្ឋាន​របស់​ពួក​គាត់​តែ​ម្ដង​។ បន្ថែម​លើ​នេះ លោក សំ សឿ​ន ក៏​បាន​ស្នើ​ឱ្យ​អង្គការ Human Rights Watch តែ​តម្រូវ​របាយការណ៍​របស់​ខ្លួន ហើយ​គួរ​ចូលរួម​ផ្សព្វផ្សាយ​ឱកាស​ការងារ ជូន​ដល់​បងប្អូន​អតីត​ពលករ​វិញ​ល្អ​ជាង​។

ចំណែក​លោក ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ប្រាប់​ឱ្យ​ដឹង​ដែរ​ថា លោក​មើលឃើញ​ថា​របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ Human Rights Watch គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ឡើយ ពីព្រោះ​អង្គការ​នេះ​បាន​សម្ភាស​បងប្អូន​អតីត​ពលករ​តែ ៥៦​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ​មាន​រហូត​ដល់​ជិត ១​លាន​នាក់​។ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ មាន​ប្រសាសន៍​បែប​នេះ​ថា «​ខ្ញុំ​គិត​ថា ទិស​ដៅ​ពលករ​ដែល​ខាង​ស្ថាប័ន Human Rights Watch សម្ភាស វា​អាច​ជា​ផ្នែក​មួយ​ដែល​គេ​អាច​រៀបចំ​ទុក ព្រោះថា ពលករ​ជា​ច្រើន​ដែល​បាន​វិល​មក យើង​ឃើញ​មានការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ពី​សំណាក់​រាជរដ្ឋាភិបាល ជា​ពិសេស​យើង​បានឃើញ​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត នោះ​គឺ​ក្រសួង​ការងារ​»​។

ជាមួយ​គ្នា​នេះ លោក ប៉ាវ ស៊ី​ណា លើក​ឡើង​ថា ចំណុច​ខ្វះខាត​បន្តិចបន្តួច​គឺ​ចៀស​មិន​ផុត​ឡើយ ខណៈ​ដែល​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ​មាន​ចំនួន​ច្រើន តែ​មិន​អាច​យក​ការ​សម្ភាស​ពលរដ្ឋ​តែ​ប៉ុន្មាន​នាក់ មក​គ្របដណ្ដប់​លើ​បងប្អូន​អតីត​ពលករ​ជិត ១​លាន​នាក់​នោះ គឺ​មិន​អាច​ទៅ​រួច​ទេ​។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អង្គការ Human Rights Watch លោក ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ មើលឃើញ​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ខិតខំ​យកចិត្តទុកដាក់​ជា​ខ្លាំង​ទៅ​លើ​ការ​ស្វាគមន៍ ការ​មក​ដល់​របស់​បងប្អូន​អតីត​ពលករ ក៏​ដូច​ជា​ការ​ស្វែងរក​ការងារ​ឱ្យ​ពួក​គាត់​ធ្វើ​៕ អត្ថបទសហការ