ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​បំផ្លាញ​ស្បៃ​មុង​ជាង​១០០០​ម៉ែត្រ បង្គោល​ប្ញ​ស្សី​រាប់រយ​ដើម និង​ចាក់​​លែង​កូន​ត្រី​ក្នុង​បឹង​ធម្មជាតិ

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​រដូវវស្សា​ពពួក​មច្ឆា​បាន​ហែល​ចូល​តាម​ព្រែក​បឹងបួរ ដើម្បី​បង្កើតកូន​បាន​យ៉ាងច្រើន​សម្បូរ​បែប​។ តែ​មក​ដល់​រដូវ​បើក​នេសាទ ក្រុម​ជនខិលខូច​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដែល​ខុសច្បាប់ ឃើញ​បែប​នេះ ត្រូវ​បាន​ឯកឧត្តម​ទឹម បុ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់…

ខេត្តកំពង់ចាម ៖ ក្នុង​រដូវវស្សា​ពពួក​មច្ឆា​បាន​ហែល​ចូល​តាម​ព្រែក​បឹងបួរ ដើម្បី​បង្កើតកូន​បាន​យ៉ាងច្រើន​សម្បូរ​បែប​។ តែ​មក​ដល់​រដូវ​បើក​នេសាទ ក្រុម​ជនខិលខូច​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដែល​ខុសច្បាប់ ឃើញ​បែប​នេះ ត្រូវ​បាន​ឯកឧត្តម​ទឹម បុ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដឹកនាំ​កម្លាំង​ជំនាញ​ជលផល​ចុះ​បង្ក្រាប​បទល្មើស​លើ​ទីតាំង​ស្រុក​ចំនួន​៤ ក្នុង​នោះ​មាន​បា​ធា​យ​ស្ទឹង​ត្រង់ ព្រៃឈរ និង​កងមាស ដោយ​បាន​រុះរើ​បំផ្លាញ​ស្បៃ​មុង​រាប់​ពាន់​ម៉ែត្រ កាប់​បំផ្លាញ​បង្គោល​រាប់រយ​ដើម និង​ចាក់​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ធម្មជាតិ​ច្រើន​គីឡូក្រាម​ទៀត​ផង ។

លោក​លី ស្រ៊ី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០២៥ ថា ដោយ​មានការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត ក៏​ដូច​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ដោយ​កម្លាំង​ជលផល​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ធ្វើ​ឡើងជា​បន្តបន្ទាប់ ក្នុង​រដូវ​បើក​នេសាទ ព្រោះ​ក្រុម​មនុស្ស​ខូច​តែងតែ​លួច​ប្រព្រឹត្ត​ដាក់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់​តាម​ព្រែក​បឹង ដើម្បី​ចាប់​យក​ត្រី​តូច​ធំ ព្រមទាំង​បំផ្លាញ​កូន​ត្រី​តូច​ៗ​ទៀត​ផង ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ករណី​បង្ក្រាប​លើក​ទី​មួយ​ដោយ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ អាជ្ញាធរ​ស្រុក​បា​ធា​យ អាជ្ញាធរ​ស្រុក​ស្ទឹង​ត្រង់ កម្លាំង​អធិ​ការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បា​ធា​យ បាន​អមដំណើរ​ឯកឧត្ដម ទឹម បូ​រក្ស អនុរដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​បាន​ចំនួន ០៣​ករណី រួម​មាន​៖

ករណី​ទី​-០១
-​រុះរើ​របាំង​ផ្ចិត​ព្រែក​ចំនួន​០២​កន្លែង ប្រវែង​២២​ម៉ែត្រ
-​របាំង​ព្រួល​ឫស្សី​ប្រវែង​២០​ម៉ែត្រ
-​លប​សាច់​រ៉ាវ​ចំនួន​០៤​មាត់ ប្រវែង​៦០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​៨៥​ដើម
នៅ​ចំណុច​ព្រែក​អូរ​ម៉ា​ល់ ភូមិ​អូរ​ម៉ា​ល់ ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

ករណី​ទី​-០២
-​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ១២​មាត់
-​របាំង​ស្បៃ​មុង​ប្រវែង ៣៦០​ម៉ែត្រ
-​បង្គោល​ចម្រឹង​ចំនួន ១៨០​ដើម
-​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ៤៨​គីឡូក្រាម នៅ​ចំណុច​វាល​អាចម៍ក្របី ឃុំ​ព្រែក​បាក់ ខេត្តកំពង់ចាម​។

ករណី​ទី​-០៣
-​ឧបករណ៍​ស្បៃ​មុង​ចំនួន ០៩​មាត់
-​របាំង​ស្បៃ​មុង​ប្រវែង ២៧០​ម៉ែត្រ
-​បង្គោល​ចម្រឹង​ចំនួន ១៣៥​ដើម
-​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ៣៦​គីឡូក្រាម នៅ​ចំណុច​ចុង​ព្រែក ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

ចំពោះ​ករណី​ទី​២ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រៃឈរ អាជ្ញាធរ​ស្រុក​កងមាស កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃឈរ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មៀន និង​ព្រែក​ក្របៅ និង​សហគមន៍​នេសាទ​សាមគ្គី​ឃុំ​មៀនបាន​អមដំណើរ​ឯកឧត្ដម ទឹម បូ​រក្ស អនុរដ្ឋលេខាធិការ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចំនួន ០២​ករណី រួម​មាន ៖

ករណី​ទី​-០១
-​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ០៣​មាត់
-​របាំង​ស្បៃ​មុង​ប្រវែង ១៥០​ម៉ែត្រ
-​បង្គោល​ចម្រឹង​ចំនួន ២៥​ដើម
-​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ០៥​គីឡូក្រាម
នៅ​ចំណុច​ចុង​បឹង​កេះ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។

​​ករណី​ទី​-០២
-​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ០៩​មាត់
-​របាំង​ស្បៃ​មុង​ប្រវែង ៤៥០​ម៉ែត្រ
-​បង្គោល​ចម្រឹង​ចំនួន ១៧៥​ដើម
-​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ១៨​គីឡូក្រាម នៅ​ចំណុច​រណ្តៅ​ខ្សាច់ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។

ដោយឡែក​ សម្រាប់​ករណី​ទី​៣​វិញ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​កងមាស អាជ្ញាធរ​ឃុំ​ស្តៅ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្តៅ និង​កម្លាំង​ប្រជា​ការពារ​ឃុំ​ស្តៅ ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល បាន​ចំនួន​០២​ករណី ដោយ​រុះរើ និង​បំផ្លាញ​ចោល​នូវ​ឧបករណ៍​ខុសច្បាប់​រួម​មាន​៖

​​ករណី​ទី-​០១
-​រុះរើ​របាំង​ផ្ជិ​ត​ព្រែក​ចំនួន ០១​កន្លែង ប្រវែង​០៨​ម៉ែត្រ
-​បង្គោល​ឫស្សី​ចំនួន ១៥​ដើម
នៅ​ចំណុច​ព្រែក​អន្លង់​គគីរ ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។
​ករណី​ទី​-០២
-​ឧបករណ៍​ដាយ​ចាប់​ត្រី​ទំហំ ៥×៤×១៥​ម៉ែត្រ ចំនួន​០២​មាត់នៅ​ចំណុច​ព្រែក​អន្លង់​គគីរ ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។ ជាមួយ​នោះ​កម្លាំង​ជលផល និង​ត្រៀម​បង្ក្រាប​បទល្មើស​នៅ​កន្លែង​ផ្សេង​ទៀត​ហើយ​បាន​ដូច​ភ្លៀងរលឹម​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ