ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្បែដើមសង្កែបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ បន្ទាប់ពីជនរងគ្រោះស៊ីឈ្នួលឡើងកាប់ដើមសង្កែឱ្យគេ ហើយប៉ះចំខ្សែភ្លើង បណ្តាលឱ្យឆក់ស្លាប់ ។
ការប្រទះឃើញយុវជនម្នាក់ដេកស្លាប់ក្បែដើមសង្កែ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា យុវជនរងគ្រោះឈ្មោះ នី ករុណា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិថ្មបាំង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺបានបន្តថា នៅមុនពេលកើតហេតុ គឺវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឈ្មោះ សួន ស៊ីន ភេទប្រុស អាយុ៤៧ឆ្នាំមុខរបរលក់ដូរ រស់នៅក្នុងភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានជួលជនរងគ្រោះ ឱ្យកាប់ដើមសង្កែ នៅមុខផ្ទះរបស់ខ្លួន ក្នុងតម្លៃចំនួន៥០០០០រៀល(ប្រាំមុឺនរៀល) ហើយម្ចាស់មិនបាននៅមើលនោះទេ ដោយបានចេញទៅលក់ដូរនៅមុខរោងចក្រ នៅខាងកើតភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង បាត់ទៅ។
នគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា លុះដល់វេលាម៉ោង០៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋម្នាក់ឈ្មោះទិត្យ សំរិទ្ធ ភេទស្រី អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រទះឃើញជនរងគ្រោះ ត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យស្លាប់នៅលើដើមសង្កែ ធ្លាក់មកលើដី កំពស់ប្រមាណប្រហែល៥ម៉ែត្រ (ស្លាប់បាត់ទៅហើយ) ។ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលនិងបានរាយការណ៍ទៅសមត្ថកិច្ចនគរបាលចុះពិនិត្យ។
ករណីខាងលើនេះ សាច់ញាតិក្រុមគ្រួសារបានទទួលស្គាល់ថាសពជនរងគ្រោះ បានស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។ ការពិនិត្យសពជនរងគ្រោះ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍រដ្ឋបាល និង លោកមេភូមិផងដែរ។
ក្រោយពិនិត្យធ្វើកោសល្យវច្ច័យរួច សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ