ទីក្រុងហ្សាកាតា៖ ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសឥណ្ឌូណេស៊ីបន្តរកឃើញសាកសពជនរងគ្រោះដែលស្លាប់ដោយសារជំនន់ទឹកភ្លៀង និងការបាក់ដីនៅលើកោះស៊ូម៉ាត្រា។ ដូចនេះ ចំនួនអ្នកស្លាប់សរុបកើនដល់២៤នាក់។ ក្រៅពីនេះមនុស្សរាប់សិបនាក់ទៀតរសាត់ទៅតាមខ្សែទឹកហូរ និងត្រូវគេចាត់ទុកថាជាអ្នកបាត់ខ្លួន។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថាតើពួកគេស្លាប់ ឬរស់នៅឡើយទេ។

ក្រុមអ្នកជួយសង្គ្រោះកំពុងជួបការលំបាកក្នុងការធ្វើដំណើរទៅទីក្រុង និងស្រុកចំនួន១១នៅខេត្តស៊ូម៉ាត្រាខាងជើង។ ភ្លៀងធ្លាក់ខ្លាំងរដូវវស្សាកាលពីសប្ដាហ៍មុនធ្វើឱ្យទឹកទន្លេឡើងលិចច្រាំង និងហូរកាត់ភូមិរបស់ប្រជាជនដែលរស់នៅតាមជម្រាលភ្នំ។ ដុំថ្ម និងដើមឈើត្រូវបាក់ទាំងផ្ទាំងៗធ្លាក់មកក្រោម។ បញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមអ្នកជួយសង្គ្រោះគឺតំបន់រងគ្រោះត្រូវគ្របដណ្ដប់ដោយដីភក់, ភ្លើងអគ្គិសនីត្រូវដាច់, ប្រព័ន្ធទំនាក់ទំនងក៏រអាក់រអួល។

នៅទីក្រុងស៊ីបុលហ្កា (Sibolga) ដែលរងគ្រោះខ្លាំងជាងគេ ក្រុមអ្នកជួយសង្គ្រោះរកឃើញសាកសពមនុស្ស៨នាក់ និងអ្នករបួស៣នាក់។ ពួកគេក៏កំពុងស្វែងរកមនុស្ស២១នាក់ទៀតដែលកំពុងបាត់ខ្លួន។ នៅស្រុកតាប៉ានូលីកណ្ដាល (Central Tapanuli) ដែលនៅក្បែរខាងនោះ ផ្ទះរបស់អ្នកស្រុកជាច្រើនខ្នងត្រូវដីបាក់សង្កត់ពីលើបណ្ដាលឱ្យស្លាប់មនុស្សមួយគ្រួសារមានគ្នាបួននាក់។ នៅស្រុកដដែលនេះមានទឹកជំនន់យ៉ាងល្ហល្ហាចលិចផ្ទះ និងអគារជិត២ពាន់ខ្នង។ ប្រជាជន១៩០០នាក់ត្រូវចាកចោលផ្ទះសម្បែងទៅជ្រកកោននៅក្នុងទីជម្រកបណ្ដោះអាសន្ន។

ទឹកជំនន់ក៏កើតមាននៅខេត្ត-ក្រុងដទៃទៀតនៃប្រទេសឥណ្ឌូណេស៊ីដែលសម្បូរកោះ និងមានប្រជាជនសរុប២៨០លាននាក់។ ក្នុងនោះ ខេត្តអាចេ និងស៊ូម៉ាត្រាខាលិចក៏រងការលិចលង់ផងដែរ។ ផ្ទះរបស់ប្រជាជនរាប់រយខ្នងត្រូវទឹកលិច។ ផ្ទះភាគច្រើនមិនមែនលិចធម្មតាប៉ុណ្ណោះទេ ប៉ុន្តែលិចដល់ដំបូល។ ផ្លូវហាយវេសំខាន់ៗត្រូវកាត់ផ្ដាច់ដោយទឹកជំនន់។ នេះបើយោងតាមការផ្សាយរបស់អេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ