រដ្ឋបាលខេត្តសុំឱ្យប្រជាកសិករសន្សំកម្រៃក្នុងការផលិត ដើម្បីទទួលបានចំណូលសមរម្យ
- សៀមរាប
ខេត្តសៀមរាប ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តសុវណ្ណបទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប…
ខេត្តសៀមរាប ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តសុវណ្ណបទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប…
ខេត្តសៀមរាប ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តសុវណ្ណបទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រុញដល់អាជ្ញាធរស្រុក ឃុំ និងមន្ត្រីកសិកម្ម ធ្វើការផ្សព្វផ្សាយណែនាំ និងផ្តល់នូវបច្ចេកទេសកសិកម្ម ឱ្យបងប្អូនប្រជាកសិករមានការសន្សំ កម្រៃក្នុងផលិទ្ធរបស់ខ្លួនលើដំណាំស្រូវ ដំឡូងមី ដើម្បីឱ្យពួកគាត់ទទួលបានចំណូលសមរម្យនោះ គឺត្រូវឱ្យបងប្អូនចេះជ្រើសរើសគ្រាប់ពូជ ចេះធ្វើការកែច្នៃជីធម្មជាតិ (ពីលាមកសត្វគោ ក្របី និងដើមរុក្ខជាតិ ) ក្នុងការកែប្រៃដីស្រែឱ្យមានជី ជាតិ មិនធ្វើឲ្យដីស្រែខូចគុណភាព ។

ម្យ៉ាងទៀត ក៏ត្រូវកាត់បន្ថយការប្រើប្រាស់ជីគីមី ថ្នាំសម្លាត់ស្អិត.លើសកម្រិត ដែលធ្វើឱ្យបាត់ បង់នូវជីវៈចម្រុះក្នុងដីស្រែ របស់ពួកគាត់។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា កសិកម្ម ត្រូវបានរាជរដ្ឋាភិបាល បានកំណត់ជាវិស័យអទិភាព នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ។ ម្យ៉ាងទៀតចំពោះការដាំដុះដំណាំដំឡូងមី សូមបងប្អូនបំបាត់ទៅនូវទម្លាប់ធ្វើការដាំដំណាំដូចគ្នា គឺត្រូវមានការចេះជ្រើសរើសកាដាំដុះ ដំណាំផ្សេងៗគ្នា ដើម្បីធានានូវកម្រៃ ក្នុងពេលប្រមូលផល កុំឲ្យឈ្មួញកណ្តាលទម្លាក់តម្លៃ ផលអនុផលរបស់បងប្អូននោះ ត្រូវគ្រប់ឃុំ បង្កើតនូវសមាគមន៍ ក្នុងការរៀប ចំកសិកម្មទំនើបនៅក្នុងមូលដ្ឋានខ្លួន ក្នុងការ គ្រប់គ្រងលើបច្ចេកទេសដាំដុះ ការប្រមូលផល និង ការកំណត់តម្លៃកសិផលនៅក្នុងសហគមន៍ខ្លួន និងរកទីផ្សារ ។

ឯកឧត្តម លី សំរិទ្ធ ក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងមន្ទីរ អង្គភាពជំនាញ ធ្វើការសិក្សាអំពីផ្លូវដែលបង ប្អូនសំណូមពរនាពេលនេះ ព្រមទាំងធ្វើការត្រួតពិនិត្យឡើងវិញ ពីបញ្ហាព្រំប្រទល់រដ្ឋបាលឃុំ ភូមិ ។ ម្យ៉ាងទៀតកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន កំណត់ឲ្យបានបង្ក្រាបឲ្យបានក្រុមក្មេងទំនើង និង ករណីគ្រឿងញៀន , បារីអេឡិចត្រូនិចជាដើម ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានផ្តល់នូវអនុសាស្ត្រល្អៗ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា មានអាទិភាពគន្លឹះ៥៖( មនុស្ស ទឹក ភ្លើង ផ្លូវ បច្ចេកវិទ្យា )ជាមូលដ្ឋាននាំកម្ពុជាឆ្ពោះទៅកាន់ឋានៈប្រទេស អ្នកមាននៅឆ្នាំ ២០៥០ ។

ឯកឧត្តម ក៏បានលើកឡើងថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលបានប្រារព្ធធ្វើឡើងក្នុងមួយឆ្នាំម្តង ដើម្បីដោះស្រាយនូវទុក្ខកង្វល់ សំណូមពរ និង សំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ទៅលើក្តីកង្វល់ផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុក ។ ក្នុងនោះដែរ ឯកឧត្តម បាន ធ្វើការបញ្ជាក់ពីលទ្ធផលប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តអនុវត្តបានប្រចាំឆ្នាំ និង អំពីតួនាទី ភារកិច្ច និង របៀបរបបការងាររបស់ការិយាល័យប្រជាពលរដ្ឋ ក្នុងគោលបំណង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវានិងការ អភិវឌ្ឍសេដ្ឋកិច្ច នៅរដ្ឋបាលក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ច ក្នុងការទទួល និង ការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និង គ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ និង អំពីអត្ថប្រយោជន៍ ការធ្វើប័ណ្ណ សមា ជិក (ប.ស.ស) សម្រាប់បងប្អូនទៅលើរបបថែទាំ សុខភាព និង របបគ្រោះថ្នាក់ការងារ ដើម្បីសម្រួលកាត់បន្ថយការបង់ថ្លៃព្យាបាលក្នុងកម្រៃសមរម្យជូនបងប្អូន ។

ក្នុងនោះដែរ លោក យន់ លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ក៏ បានលើកឡើង អំពីវិបត្តិស្រូវ ចុះថោក នៅកម្ពុជា ដោយបានលើកឡើងពីវិស្ថានការណ៍នៅលើសកលលោក ដែលប្រទេសមួយចំនួនធំ បានធ្វើការត្រៀមបម្រុងស្បៀងរបស់ខ្លួន ដោយមិនបាច់ទិញស្បៀង ស្រូវ អង្ករពីខាង ក្រៅនោះឡើយ ។ ក្នុងនោះលោកក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់បងប្អូន ក៏ដូចអាជ្ញាធរ និង មន្ត្រីជំនាញ ត្រូវធ្វើបណ្តុះ បណ្តាលបច្ចេកទេសដាំដុះក្រៅពីដំណាំស្រូវ ព្រមទាំងកែប្រែនូវទន្លាប់តាមគ្នា មកធ្វើទន្លាប់ជ្រើសរើសគ្រាប់ពូជ ដើម្បី បំពេញតម្រូវការតាមទីផ្សារ ។ ម្យ៉ាងទៀតរដ្ឋបាលស្រុក ឃុំ ធ្វើយ៉ាងណាអនុវត្តទៅឲ្យស្របតាមផែនការនៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ស្រុក ឃុំ លើការអភិវឌ្ឍន៍ភូមិ ឃុំ ស្រុក របស់ខ្លួន ។

ក្នុងនោះសមាជិកសមាជិកានៃអង្គវេទិកា បានលើកជាសំណួរ និង សំណូមពរផ្ទាល់មាត់ ចំនួន ០៨សំណួរ និង សំណូមពរ និង ជាលាយលក្ខណ៍អក្សរ មានចំនួន៤ សំណួរ និង សំណូមពរត្រូវបានវាគ្មិននៃមន្ទីរពាក់ព័ន្ធ បាន ធ្វើការបកស្រាយបំភ្លឺ ទៅលើបញ្ហាហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ ថ្នល់ ,ក្មេងទំនើង, គ្រឿងញៀន និង ព្រប្រទល់រដ្ឋបាលឃុំ ភូមិ ។

អង្គវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ ដោយមានការនិមន្ត និង អញ្ជើញចូលរួមពី ព្រះអនុគណស្រុក ព្រះសង្ឃ ឯកឧត្តម លោកជំទាវជាសមាជិក្រុមប្រឹក្សាខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ព្រមទាំងមន្ត្រីរាជ ការ រដ្ឋបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងសិស្សា នុសិស្ស វិស័យឯកជន អង្គការសង្គមស៊ីវិល និង ប្រជាពលរដ្ឋចូលរួមចំនួន ៣៩៤អង្គ/នាក់ ៕






ចែករំលែកព័តមាននេះ