អាជ្ញាធរខេត្តសៀមរាប ជំរុញការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បុណ្យខ្លែងឯក ខ្លែងសេរី
- សៀមរាប
ខេត្តសៀមរាប ៖ អាជ្ញាធរខេត្ត បានជម្រុញឱ្យអ្នកពាក់ព័ន្ធជា ពិសេសសមត្ថកិច្វ ត្រូវពង្រឹងបញ្ហាសន្តិសុខ សណ្ដាប់ ធ្នាប់ អនាម័យ និងតម្លៃសេវាផ្សេងៗ ក្នុងឱកាសបុណ្យខ្លែងឯក ខ្លែងសេរី លើកទី២ នៅអតីតព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដែលនឹងឈានចូលជិតមកដល់នាពេលឆាប់ៗ ខាងមុខនេះ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការរៀបចំព្រឹត្តិការណ៍ខាងលើនេះ នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត បានបង្ហាញថា ព្រឹត្តិការណ៍ឆ្នាំនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការដាស់ស្មារតីយុវជនឱ្យឈ្វេងយល់ពីមរតកដូនតា ដោយយើង ជម្រុញឱ្យ សិស្សា នុសិស្ស និង យុវជនជំនាន់ចូលមកទស្សនាឱ្យបានច្រើន កុះករ ដើម្បីបណ្ដុះស្មារតីស្រឡាញ់ និងរួមគ្នាថែរក្សាសិល្បៈនៃការធ្វើខ្លែងខ្មែរកុំឱ្យបាត់បង់។
លោក លី សារី បានបន្តថា ក្រៅពីការបង្ហោះខ្លែងក៏មានការចូលរួមពីចលនា«ភូមិ១ ផលិត ផល ១» និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់ ផងដែរ។
សូមបញ្ជាក់ថា បុណ្យខ្លែងឯក ជាចលករមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។ ក្នុងនោះ លោកក៏បានជម្រុញឱ្យមានការត្រួតពិនិត្យ និង បង្ការការលួច លាក់ផ្ទុកអាវុធជាតិផ្ទុះគ្រប់ប្រភេទ ដើម្បីបញ្ចៀសហានិ ភ័យជាយថាហេតុ ។
ជាពិសេសត្រូវមានការបិទផ្សាយតម្លៃចំណតយានយន្តឱ្យបានច្បាស់លាស់នៅច្រកចូល ដើម្បីការពារការយកតម្លៃលើសកំណត់ ដែលអាចប៉ះ ពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ និងរៀបចំឲ្យមានសោភ័ណភាពស្អាតជានិច្ច ទាំងក្នុង និងជុំវិញតំបន់ប្រារព្ធពិធី។
ក្នុងនោះដែរ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា មកទល់ពេលនេះខ្លែងដែលចុះឈ្មោះ មាន ចំនួន ៨៥ខ្លែង ក្នុងនោះខ្លែង ឯក៥៦ខ្លែង ខ្លែងសេរី២៩ខ្លែង។
ជាមួយនេះចំពោះអ្នកដែលមានបំណងយកខ្លែងឯកខ្មែរ ឬខ្លែងសេរី មកចូលរួមប្រកួតបង្ហើរ សូមមេត្តាអញ្ជើញមកទទួលពាក្យ និងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រង និងបច្ចេកទេសនៃការបង្ហើរខ្លែងឯកខ្មែរ ដែលមានទីតាំងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ។
សូមជម្រាបថា ពិធី «បុណ្យខ្លែងឯក ខ្លែងសេរី» លើកទី២ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្រៅពីកម្មវិធីបង្ហើរខ្លែង ក៏មានកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារ ភូមិមួយផលិតផលមួយ ការសម្ដែងល្ខោន បាសាក់ ល្ខោននិយាយ ការប្រគុំតន្ត្រីបុរាណ និងសម័យនាពេលរាត្រីជាដើម ។
ពិធីនេះ ត្រូវបានរំពឹងថា នឹងក្លាយ ជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយ ដែលមិនត្រឹមតែបង្ហាញពីស្នាដៃឯករបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការលក់ដូរផលិត ផលខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផងដែរ៕


















ចែករំលែកព័តមាននេះ