ប្រធាន​សហព័ន្ធ​ទើប​ជាប់​ឆ្នោត​ថ្មី ជំរុញ​អត្ត​ព​លិ​ក កីឡា​ប៉េតង់​ឱ្យ​បង្កើន​ការ​ហ្វឹកហាត់​ដណ្ដើម​មេដាយ​អន្តរជាតិ


រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ដែល​ទើប​ជាប់​ឆ្នោត​កាលពី​ពេល​ថ្មី​ៗ កន្លង​ទៅ​នេះ បាន​ក្រើនរំលឹក​ទៅ​ដល់​អត្ត​ព​លិ​ក កីឡា​ប៊ូល​និង​ប៉េតង់​ជម្រើសជាតិ​ទាំងអស់​ត្រូវ​តែ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំង​ដើម្បី​ឈាន​ទៅ​ដណ្ដើម​មេដាយមាស​ពី​ព្រឹត្តិការណ៍​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​។

​លោក​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​គ្រូបង្វឹក កីឡាករ កីឡាការិនី​ជម្រើសជាតិ​មក​ពី​សមាគម​និង​ក្លិប កីឡា​ប៊ូល​និង​ប៉េតង់ នៅ​សាល​ប្រជុំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១៩​។

លោក ស សុខា បាន​មាន​ប្រស​សន៍​ថា សព្វថ្ងៃ​វិស័យ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា កំពុង​មានការ​រីក​ចម្រើន​ខ្លាំង​ដោយ​ធ្លាប់​ដណ្ដើម​យក​មេដាយមាស​យ៉ាងច្រើន​ពី​ព្រឹត្តិការណ៍​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ទាំង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​និង​ពិភពលោក ។ ដូច្នេះ​អត្ត​ព​លិ​ក​ទាំងអស់​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ។

លោក​បាន​លើក​ឡើង​ថា វិន័យ​គឺជា​កត្តា​ចម្បង​ដែល​កីឡាករ​កីឡាការិនី​ទាំងអស់​ត្រូវ​តែ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំង​បំផុត ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​ហ្វឹកហាត់​តែ​ម្ដង ។ បើ​ហ្វឹកហាត់​ត្រឹម​មួយ​ថ្ងៃ​៣​ម៉ោង​នៅ​តែ​មិន​អាច​ឈ្នះ​គេ​ទៀត​ត្រូវ​ហ្វឹកហាត់​ឱ្យ​បាន​៤​ម៉ោង​ឬ​៥​ម៉ោង​ទៅ​រឿង​អី​ដែល​មិន​អាច​ទៅ​រួច​នោះ ។ ចំណែក​គ្រូបង្វឹក​ក៏​ដូច​គ្នា​ដែរ ត្រូវ​តែ​ហ៊ាន​អារកាត់​ចំពោះ​កីឡាករ កីឡាការិនី​ណា​ដែល​ខ្សោយ ហាត់​មិន​រីក​ចម្រើន​ត្រូវ​តែ​ដូរ ចេញ ។ លោក​បាន​ធ្វើការ​ប្រៀបធៀប​ជាមួយ​កីឡាករ កីឡាការិនី​បណ្ដា​ប្រទេស​ជិតខាង ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី គឺ​យើង​នៅ​ខ្សោយ​ជាងគេ​ឆ្ងាយ​ណាស់​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដូច​រៀបរាប់​ខាងលើ​លោក​ប្រធាន​សហព័ន្ធ​បាន​ជំរុញ​ទៅ​ដល់​កីឡាករ កីឡាការិនី​ជើង​ចាស់​ដែល​សម្បូរ​បទ​ពិសោធន៍ ត្រូវ​ចេះ​ស្រឡាញ់​និង​ជួយ​គ្នា​ដូច​បងប្អូន ដោយ​ជួយ​បង្ហាត់បង្រៀន​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ទាំង​បច្ចេកទេស និង​ចិត្តសាស្ត្រ​។ លោក​បាន​បញ្ជាក់​ថា មាន​កត្តា​ចំនួន​៣​ដែល​នាំ​ឱ្យ​យើង​តែង​ទទួល​នូវ​ការ​បរាជ័យ ទី​១​កត្តា​គ្រួសារ ទី​២​កត្តា​ខ្លួនឯង និង​ទី​៣​កត្តា​សម្ភារ​ហ្វឹកហាត់​៕ (​កែវ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ