ជើង​ខ្លាំង​កម្ពុជា​3​រូប​ប្រកាស​ស្វាគមន៍​កីឡា​ករ​បរទេស​នៅ​លើ​សង្វៀន​ស្អែក​នេះ


រាជធានី​ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួតលក្ខណៈ​អន្តរជាតិ​ជាមួយ​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍​ទី​១ មិថុនា ខាង​មុខ​នេះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​៣​រូប​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡាករ​បរទេស​ដែល​ពួក​កេ​ត្រូវ​ជួប​នា​ពេល​នោះ​សុទ្ធតែ​មាន​វិជ្ជា​គុន​ខ្លាំង​មិន​អាច​មើល​ស្រាល​បែប​ហ្នឹង​នោះ ។

គូ​អន្តរជាតិ​ទី​១ កីឡាករ​កម្ពុជា ឡុ​ង ជិន​មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ហ្វា​ម៉ៃ ប៉​.​យុទ្ធភូមិ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ សម្រាប់​ការ​ប្រកួត​លើក​នេះ នៅ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ពួក​គេ​ធ្លាប់​ជួប​គ្នា​ចំនួន​២​លើក​រួច​មក​ហើយ កាលពី​ឆ្នាំ​២០១៧ ដោយ​ឡុ​ង ជិន​ធ្លាប់​ឈ្នះ​ដោយ​ពិន្ទុ​ម្ដង​និង​វាយ​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​ម្ដងទៀត ។ ប៉ុន្តែ​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ​គេ​មិនដឹង​ថា កីឡាករ​ថៃ​ម្នាក់​នេះ​មានការ​ផ្លាស់​ប្ដូរ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល ឡុ​ង ជិន រាង​ធ្លាក់​កូដ​បន្តិច​ទៅ​ហើយ​ដែរ ទាំង​កម្លាំង​និង​បច្ចេកទេស​មានការ​ស្រុត​ចុះ​ជាង​មុន​ឆ្ងាយ​ណាស់ ។ ចាំ​មើល​គូ​នេះ​នរណា​ឈ្នះ?

គូ​អន្តរជាតិ​ទី​២ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​អុី​រ៉​ង់ ឈ្មោះ Younes Teymour ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ រវាង​កីឡាករ​ទាំង​២​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ ក្នុង​ពេល​កីឡាករ​អុី​រ៉​ង់​ទើបតែ​ឈាន​ជើង​ចូល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើក​ទី​១ ។

យោង​តាម​ប្រវត្តិ កីឡាករ​អុី​រ៉​ង់​ម្នាក់​នេះ​ធ្លាប់​ប្រកួត​បាន​២៦​ដង​ប៉ុណ្ណោះ ពេល​មក​ប៉ះ​ឃី​ម បូ​រ៉ា ដែល​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ប្រហែលជា​គ្មាន​សង្ឃឹម​ទៅ​រួច​នោះ​ទេ ។ តាម​ធម្មតា​កីឡាករ​បរទេស​មិនសូវ​មាន​បច្ចេកទេស​និង​បទ​ពិសោធន៍​ប្រកួត​ប៉ុន្មាន​ឡើយ អាង​តែ​កម្លាំង​មួយ​មុខ​ប៉ុណ្ណោះ​ទើប​ពិបាក​សង្ឃឹម​ក្នុង​ការ​យក​ឈ្នះ​កីឡាករ​កម្ពុជា​។

គូ​អន្តរជាតិ​ទី​៣ ម៉ឺន មេ​ឃា មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ភិត​ណា​ម​អេក ស​.​ស​.​ប៉ាក​ន ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ម៉ឺន មេ​ឃា និង​កីឡាករ​ថៃ​ម្នាក់​នេះ​ក៏​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ដែរ​ប៉ុន្តែ​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ចំនួន​៩​លើក​រួច​មក​ហើយ និង​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​ជើង​ចាស់​កម្ពុជា​ឱ្យ​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ​ជា​ច្រើន​នាក់​រួច​មក​ហើយ​ដែរ ។

លើក​នេះ​មក​ប៉ះ​ចំ​អ្នក​ប្រដាល់​ជើង​ថ្មី ម៉ឺន មេ​ឃា នៅ​មិន​ទាន់​ដឹង​ថា អាច​ស៊ូ​រួច​ឬ​អត់​នោះ​ទេ ព្រោះ​អី មេ​ឃា ទើបតែ​យក​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ថៃ​កាលពី​ថ្ងៃអាទិត្យ​មុន​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា )

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ