ស្គរធំមានចំនួន២ សំរាប់ក្នុងវង់ភ្លេងពិណពាទ្យនីមួយៗ ។ ស្គរទាំងពីរនេះមានសំនៀងមិនដូចគ្នាទេ បើមួយឮសូរទូងៗ មួយទៀតត្រូវឮសូរទីងៗ ។
ស្គរធំនីមួយៗ មានមុខពាសស្បែកពីរខាង មុខទាំងសងខាងនេះមានប្រវែងរង្វង់មុខប៉ុនគ្នា ប៉ុន្តែមានសំនៀងមិនដូចគ្នាទេ ។ ស្គរនេះមានជាប្រចាំក្នុងវង់ភ្លេងពិណពាទ្យ ប៉ុន្តែមិនប្រើប្រាស់គ្រប់តែបទភ្លេងនោះទេ មានបទខ្លះមិនចាំបាច់វាយស្គរធំឡើយ មានបទភ្លេងខ្លះទៀតត្រូវវាយស្គរធំពីដើមបទរហូតដល់ចប់បទ ។
ស្គរធំនីមួយៗ មានប្រវែងបណ្តោយ៥០ស.មប្រវែងទទឹងរង្វង់មុខ៤០ស.ម និងប្រវែងទទឹងរង្វង់ចំកណ្តាល៤៥ស.ម ។ តួស្គរនេះត្រូវគេលុងយកសាច់ក្នុងចេញទុកសំរាប់តែ២០ស.ម ។ មានស្គរធំតាមវង់ភ្លេងពិណពាទ្យខ្លះធំ ខ្លះតូចមិនប៉ុនគ្នាជាទូទៅឡើយ ។ ស្គរធំខ្លះធ្វើអំពីឈើខ្នុរ ខ្លះធ្វើអំពីឈើគគីរ ខ្លះទៀត ធ្វើអំពីឈើច្រេស ជួនកាលគេយកដើមត្នោតមកធ្វើក៏មាន ។ នៅតាមរង្វង់មុខស្គរ មានចោះរន្ធពីរជួរតូចៗ សំរាប់ទុកស៊កកន្លាស់ឫស្សីនៅពេលណាដែលគេត្រូវការពាសស្បែក ។ នៅចំកណ្តាលតួស្គរមានដាក់ស្រយូវស៊កក្រវិលដែកមួយមានរង្វង់ធំជាងកដៃ សំរាប់យួរ ឬសំរាប់ស៊កថ្ពក់បញ្ឈរទ្រេតទៅនឹងជើងស្គរនៅពេលគេប្រគំ។ ក្នុងពេលគោះស្គរម្តងៗ គេយកអន្លូងធ្វើអំពីឈើតូចម្ខាង ធំម្ខាងមានចំនួន២ មានប្រវែងនីមួយៗ៣៥ស.ម មកគោះ។
ពពួកស្គរធំនេះពាសដោយស្បែកគោ ស្បែកក្របី ឬស្បែកទន្សោង ។ គេច្រើនតែយកស្បែកគោណាដែលមានចំណាស់ ពីព្រោះមានស្បែកក្រាស់ ស្បែកក្របីក្រមុំ ដែលមានស្បែកស្តើងជាងស្បែកក្របីដទៃ និងស្បែកទន្សោងឈ្មោលចាស់ មានស្បែកក្រាស់មកពាស ។ ស្គរធំនេះគេមិនពាសមុខទាំងសងខាងដំណាលគ្នាទេ ។ គេពាសម្តងម្ខាងៗ ដោយយកខ្សែចងរឹតជុំវិញ ជាបណ្តោះអាសន្នសិន នៅពេលណាដែលស្បែកស្ងួតមានសំនៀងត្រឹមត្រូវ ហើយ ទើបគេយកសន្លាស់ (ច្បោះ) តូចៗមកបោះព័ទ្ធជុំវិញស្បែកភ្ជាប់ទៅនឹងរង្វង់មុខចំៗ រន្ធដែលគេបានចោះទុកជាស្រេច ។
ស្បែកដែលយកមកពាសត្រូវយកទៅសម្លាប់ក្នុងទឹកអំបិល ទឹកកំបោរ និងទឹកម្ជូរ ដើម្បីឱ្យជ្រុះរោមអស់ ឱ្យស្បែកទន់ហើយស្វិត កុំឱ្យយឺតចុះឡើងនៅពេលកំពុងប្រើវា ។ គេយកស្បែកដែលសម្លាប់ហើយភ្លាមទៅចងទាញសន្ធឹងក្នុងរង្វង់បញ្ឆោតធំមួយ ដើម្បីឱ្យស្បែកយារតឹងស្មើសាច់ ទើបគេយកទៅហាលក្នុងម្លប់ទុកឱ្យស្ងួត ។ កាលណាស្បែកស្ងួតស្លាប់សាច់ហើយ ទើបគេយកវាទៅត្រាំទឹកឱ្យទន់ល្មមអាចយកទៅពាសបានទើបគេយកវាទៅពាស ។ ស្បែកពាសនីមួយៗ មុននឹងយកទៅសម្លាប់គេត្រូវកោសស្បែកនោះទៅតាមសំនៀងដែលគេចង់
បាន ។ សំនៀងទូង ត្រូវកោសជាយស្បែកឱ្យស្តើងទុកកណ្តាលស្បែកឱ្យក្រាស់ សំនៀងទីង ត្រូវកោសកណ្តាលស្បែកឱ្យស្តើងស្មើនឹងជាយស្បែកដែរ ។
ស្គរធំទាំងពីរនេះ មានសំនៀងខ្លាំងជ្រៅមានឥទ្ធានុភាពជាងស្គរនានាក្នុងវង់ភ្លេង ។
តាមការសន្និដ្ឋានរបស់ខ្ញុំថា ស្គរធំនេះមានអាយុរាប់ពាន់ឆ្នាំ ដូចស្គរសម្ភោរដែរ ពីព្រោះស្គរនេះបានស្ថិតស្ថេរ តាំងពីកំណើតវង់ភ្លេងពិណពាទ្យមកម៉្លេះ ហើយជាស្គរដៃគូនឹងស្គរសម្ភោរក្នុងការឱ្យចង្វាក់ និងឱ្យសំនៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរណ្តំ មិនអាចអត់បានក្នុងវង់ភ្លេងពិណពាទ្យនេះ ម្យ៉ាងទៀតស្គរធំនេះក៏មានឆ្លាក់រូបជាប់នឹងជញ្ជាំងប្រាសាទអង្គរវត្ត សំរាប់បញ្ជាក់ថា មានមុនសម័យអង្គរ ហើយសំខាន់សំរាប់សង្គមមនុស្សកាលពីរាប់ពាន់ឆ្នាំកន្លងមកនោះ ៕
ចែករំលែកព័តមាននេះ