ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​សំណង់​និង​អចលនទ្រព្យ​ខ្ពស់​ជំរុញ​ក្រុមហ៊ុន​ផលិត ដែក​ធំ​ជាងគេ​របស់​ចិន​ផ្លាស់​ប្តូរ​ទីតាំង​មក​ផលិត​នៅ​កម្ពុជា?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ផលិត​ដែក​ធំ​ជាងគេ​ទី​ពីរ លើ​ពិភពលោក​និង​ជា​ក្រុមហ៊ុន​ផលិត​ដែក​កំពូល​របស់​ប្រទេស​ចិន Baowu Group អះអាង​ថា​ក្រុមហ៊ុន​ខ្លួន​កំពុង​សិក្សា​ពី​ផែនការ​ផ្លាស់​ប្តូរ​ទីតាំង​រោង​ម៉ាស៊ីន​ផលិត​ដែកថែប​ចេញពី​តំបន់​ស៊ី​ន​ជាំ​ង (Xinjiang) នៃ​ប្រទេស​ចិន មក​បង្កើត​មូលដ្ឋាន​ផលិត​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ…

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ផលិត​ដែក​ធំ​ជាងគេ​ទី​ពីរ លើ​ពិភពលោក​និង​ជា​ក្រុមហ៊ុន​ផលិត​ដែក​កំពូល​របស់​ប្រទេស​ចិន Baowu Group អះអាង​ថា​ក្រុមហ៊ុន​ខ្លួន​កំពុង​សិក្សា​ពី​ផែនការ​ផ្លាស់​ប្តូរ​ទីតាំង​រោង​ម៉ាស៊ីន​ផលិត​ដែកថែប​ចេញពី​តំបន់​ស៊ី​ន​ជាំ​ង (Xinjiang) នៃ​ប្រទេស​ចិន មក​បង្កើត​មូលដ្ឋាន​ផលិត​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​លើក​ឡើង​ថា ខ្លួន​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ទទួល​ស្វាគមន៍​វិនិយោគិន​មក​ពី​គ្រប់​ទិស​ទី ដែល​មាន​បំណង​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស ។

ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ឈាន​ដល់​ជាង​១,៨ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី​១ ដែល​មានការ​កើនឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ត្រីមាស​មុន​ដែល​ការ​វិនិយោគ និង​គម្រោង​អនុម័ត​ដោយ​រដ្ឋាភិបាល​ហាក់ដូចជា​សញ្ញា​ថមថយ ជា​ពិសេស​គម្រោង​សំណង់​ធំ​ៗ​និង​អចល​ទ្រព្យ​យក្ស​នៅ​កម្ពុជា គឺ​បាន​នឹង​កំពុង​តែ​វិនិយោគ​ឈានមុខ​គេ​ដោយ​ចិន នាំមុខ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់ ។ បើ​ទោះបីជា​វិស័យ​សំណង់​និង​អចល​ទ្រព្យ​នៅ​កម្ពុជា​បាន​នឹង​កំពុង​ហក់​ឡើង តែ​គ្រឿង​សម្ភារៈ​សំណង់​សឹង​គ្រប់​ប្រភេទ​គឺ​ត្រូវ​បាន​ផ្គត់ផ្គង់​និង​នាំ​ចូល​ពី​បរទេស ជាក់ស្តែង ប្រទេស​កម្ពុជា​បាន​នាំ​ចូល​ដែកថែប​ភាគច្រើន ពី​ប្រទេស​វៀតណាម​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​រួម​មាន កំពង់​ផែ ផ្លូវថ្នល់ អចលនទ្រព្យ​លំនៅ​ដ្ឋា​ន និង​ពាណិជ្ជកម្ម​។ យោង​តាម​អគ្គនាយកដ្ឋាន​គយ​វៀតណាម ឧស្សាហកម្ម​ដែក​របស់​វៀតណាម​បាន​នាំ​ចេញ​ដែកថែប​ចំនួន​៧១៣​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​មក​កាន់​កម្ពុជា ។

គម្រោង​របស់​ក្រុមហ៊ុន​ផលិត​ដែក​ធំ​ជាងគេ​របស់​ចិន មក​បង្កើត​រោងចក្រ​ដែក​គ្រោង​នឹង​ផ្លាស់​ប្តូរ​រោងចក្រ​កែ​ផលិត​ដែក​ពីរ​កន្លែង និង​ម៉ាស៊ីន​ប​ម្លែ​ង​ពីរ​ដើម្បី​បង្វែរ​ដែក​ទៅ​ជា​ដែកថែប​។ការ​ផ្លាស់​ប្តូរ​ទីតាំង​នឹង​ក្លាយជា​ភស្តុ​ភារ​ដ៏​ធំ​មួយ​ពី​ប្រទេស​ចិន​មក​កាន់​កម្ពុជា ។ សម្ភារៈ​បរិក្ខារ​នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញពី​រោងចក្រ​បិទទ្វារ​មួយ​នៅ​ទីតាំង អាក​សួ (Aksu) នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន ដែល​មាន​ចំងាយ​ប្រហែល ២,៤៨០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​សារ​ព័​ត៏​មាន Reuters​។អ្នកគ្រប់គ្រង​រូប​នេះ​បាន​និយាយ​ថា «​ឧបករណ៍​នេះ អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ហួស​សម័យ​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​វា​នៅ​តែ​មាន​ភាព​ជឿនលឿន នៅ​ក្នុង​ប្រទេសកម្ពុជា​»​។

យោង​តាម​ប្រសាសន៍​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​ដែរ ពី​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​មួយ ប៉ុន្តែ​ក្រសួង​ព័​ត៌​ពាណិជ្ជកម្ម​មិន​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ថាអោយ​ពួក​គេ​មក ឬ​មិន​មក​នោះ​ទេ ជំ​ហ៊ាន​ដំបូង​ពួក​គេ​ត្រូវ​ស្នើ​សុំ​សិទ្ធិ​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជា​មុន​សិន ហើយ​នៅ​ពេល​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចេញ​វិញ្ញាបនបត្រ​ជូន​រួច​ហើយ ក្រសួង​រង់ចាំ​ស្វាគមន៍​ជា​និច្ច​ក្នុង​កា​រស​ម្រ​ម​សម្រួល​ទីតាំង និង​ដំណើរការ​សាងសង់​រោងចក្រ​ផលិតផល​ដែកថែប​នេះ ។ លោក​បន្ត​ថា ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ហើយ មិន​ថា​អ្នក​វិនិយោគ​មកពីណា​ទេ ដែល​មាន​បំណង​ចង់​វិនិយោគ ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ការ​វិនិយោគ​របស់​ពួក​គេ នឹង​ផ្ដល់​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក ផ្ដល់​ការងារ​និង​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ ដែល​អាច​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក ស៊ា​ង ថៃ បាន​បន្ត​ថា «​ដូច​យើង​បានដឹង​ហើយ​ថា សម្ដេច​បាន​ប្រកាស​ហើយ ថា​នឹង​ស្វាគមន៍​គ្រប់​វិនិយោគិន​ទាំងអស់ ដែល​មក​វិនិយោគ​នៅ​កម្ពុជា នៅ​គ្រប់​វិស័យ ហើយ​បើសិនជា​ក្រុមហ៊ុន​ដែកថែប​មក​ពី​ចិន មាន​បំណង​វិនិយោគ​នៅ​កម្ពុជា​ក៏​យើង​រង់ចាំ​ស្វាគមន៍​ពួក​គេ​ដូច​គ្នា​ដែរ » ។ លោក​បាន​បន្ថែម​ថា នៅ​ជំ​ហ៊ាន​ដំបូង​សម្រាប់​នៃ​នីតិវិធី​របស់​ក្រុមហ៊ុន​ចិន​ផលិត​ដែកថែប ដែល​ថា​នឹង​មក​កម្ពុជា វា​គឺជា​កាតព្វកិច្ច​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ការ​សិក្សា​ពី​លទ្ធភាព តើ​កម្ពុជា​អាច​ទទួល​បាន​ដែរ​ឬទេ ទាំង​ធនធាន និង​ថាមពល ដូច្នេះ​បើសិនជា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ចេញ​លិខិត​អោយ​ហើយ​នោះ មាន​ន័យ​ថា វា​អាច​ដំណើរការ​បាន ហើយ​កម្ពុជា​ក៏​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​ជូន​ដល់​វិនិយោគិន​មួយ​នេះ​ផង​ដែរ​។

សូម​រំលឹក​ថា រហូត​មក​ដល់​ពេល​នេះ វិនិយោគិន​ចិន​នៅ​តែ​បន្ត​មក​សិក្សា​និង​ស្វែងរក​ការ​វិនិយោគ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​អោយ​វិនិយោគិន​ឈរ​លំដាប់​កំពូល​ជា​អ្នក​វិនិយោគ​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លទ្ធផល​បែប​នេះ មួយ​ចំណែក​ក៏​បាន​មក ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន និង​អា​មេ​រិ​ក​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ​សេដ្ឋវិទូ មិន​ចង់​ឃើញ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ មាន​ទំនាស់​ក្នុង​រឿង​ពាណិជ្ជកម្ម​នោះ ដោយ​ថា ពាក្យ​សង្គ្រាម វា​មិនល្អ​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​បាន​ប្រយោជន៍​វិជ្ជមាន ពី​សង្គ្រាម​ដែរ ។ យ៉ាងណាមិញ​ជាមួយនឹង​ការ​បង្ហើប​គម្រោង​របស់​ក្រុមហ៊ុន​ផលិត​ដែក​កំពូល​របស់​ប្រទេស​ចិន Baowu Group មក​សាងសង់​រោងចក្រ​ផលិត​ដែកថែប​នៅ​កម្ពុជា​ចុងឆ្នាំ ២០១៩ នេះ អ្នកវិភាគ​បរទេស​ក៏​បាន​លើក​ឡើង​ពី​ការ​មើលឃើញ​នូវ​ការ​ប្រឈម​មួយ​ចំនួន​ធំ ។

លោក Ming He អ្នកវិភាគ​នៅ​ក្រុមហ៊ុន Wood Mackenzie នៅ​ទីក្រុង​ប៉េ​កាំ​ង​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​រ៉​យ​ទ័​រថា «​វា​នឹង​ពិបាក​ណាស់​ក្នុង​ការ​បង្កើត​រោងចក្រ​ផលិត​ដែកថែប​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​ផ្លូវដែក​និង​ឧបករណ៍​ប្រើប្រាស់​និង​បរិយាកាស​វិនិយោគទុន​ដោយ​គ្មាន​ការ​សន្យា​នោះ » ។
ចំណែក​លោក Arshiya Sibia អ្នកវិភាគ​នៅ CRU នៅ​ប្រទេស​សិង្ហ​បុរី​បាន​ថ្លែង​ថា «​ដោយសារ​ការ​វិនិយោគ​ចិន​កំពុង​ជំរុញ​ការ​សាងសង់​សំណង់​នៅ​កម្ពុជា វា​ហាក់ដូចជា​មាន​លក្ខណៈ​ធម្មជាតិ​ដែល​វិនិយោគិន​ចិន​នឹង​ទទួល​បាន​ផលប្រយោជន៍​ក្នុង​ការ​បង្កើត​រោងចក្រ​ផលិត​ដែកថែប​ដើម្បី​បំពេញតម្រូវការ​នេះ​» ៕ កែសម្រួលដោយ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ