នៅក្នុងខណៈពេលដែលគម្រោងអភិវឌ្ឈន៍អចលនទ្រព្យមួយចំនួនបានដួលរលំ ហើយ មួយចំនួនកំពុងតែជាប់គាំង និងមួយចំនួនពលរដ្ឋកំពុងរិះគន់ខ្លាំងៗនោះ អ្នកជំនាញបានបង្ហើបខ្លះៗនូវគន្លឹះនៅក្នុងការបន្តធ្វើជំនួញលើអចលនទ្រព្យដើម្បីគេចពីបញ្ហា ។
លោក ស៊ន សៀប ប្រធានសមាគអ្នកវាយតម្លៃ និងភា្នក់ងារអចលនទ្រព្យកម្ពុជា បានថ្លែង នៅកិច្ចពិភាក្សាតុមូលស្តីពីស្ថានភាពសេដ្ឋកិច្ច និងអចលទ្រព្យកម្ពុជាឆ្នាំ២០២២៤ថា វិស័យអចលនទ្រព្យត្រូវបានចែកចេញជា៤ធំៗ និងអនុវិស័យមួយ ដែលក្នុងនោះរួមមានបុរី ខុនដូរ អចលនទ្រព្យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងដីឡូត៌ ។ លោក ស៊ន សៀប បន្តថា «ដើម្បីទិញហើយមិនសូវមានហានិភ័យ គឺយើងទិញហើយបានទ្រព្យទិញហើយអត់ជាប់រឿង ទិញហើយអត់គាំង អាចទៅនៅបាន និងអាចជួលបានអាចលក់បាន» ។
លោក ស៊ន សៀប បន្ថែមថា លក្ខណៈនៃការទិញអចលនទ្រព្យដែលល្អត្រូវឈរលើ លក្ខខណ្ឌ៣ ។ ទី១ ទីតាំងដែលមានផ្លូវគមនាគមន៍គ្រប់គ្រាន់ នៅជិតសាលារៀន ទីផ្សារ មន្ទីរពេទ្យ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជួយជំរុញអោយមានដំណើរការសេដ្ឋកិច្ច នៅថ្ងៃអនាគត ។ ទី២ សុវត្ថិភាពផ្នែកច្បាប់ពីមេធាវី និងមន្ត្រីរដ្ឋាភិបាលដែលជាអ្នកជំនាញផ្នែកកម្មសិទ្ធិ ហើយទី៣ គឺតម្លៃល្អៗ ។
លោក ស៊ន សៀប បន្តថា «គម្រោងអចលនទ្រព្យដែលល្អ ជាប្រភេទដែលអាចរស់នៅបានដែលជួលបាន ។ ដីដែលមិនអាចធ្វើអ្វីមួយបាននោះ គឺបច្ចុប្បន្នគ្មានទីផ្សារទេ ពេលខ្លះចុះដល់៥០ភាគរយក៏មិនមានអ្នកទិញដែរ ហើយទោះជាតម្លៃក្រោមនេះទៀតក៏អត់មានអ្នកទិញដែរ ព្រោះមិនដឹងថា យកលុយទៅទុកចោលនៅកន្លែងនោះធ្វើអី ។ តែប្រសិនបើអចលនទ្រព្យល្អដែលអាចទិញហើយ មានចំណូលជួលបាន ទិញហើយអាចបន្តធ្វើ គាំងមួយរយៈហើយ យើងបន្តធ្វើទៅបានចំណូលវិញបាននោះវាមានទីផ្សារ» ។ លោក ស៊ន សៀប បន្ថែមថា អចលនទ្រព្យឡើង ឬចុះទៅតាមសេដ្ឋកិច្ចជាតិ បើសិនជាសេដ្ឋកិច្ចជាតិកើនឡើងនោះអចលនទ្រព្យក៏កើនដូចគ្នា ។ ប៉ុន្តែប្រសិនបើសេដ្ឋកិច្ចធ្លាក់ចុះនោះវិស័យអចលនទ្រព្យក៏ធ្លាក់ចុះដូចគ្នា ។
ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា នៅឆ្នាំ២០១៩ សន្ទុះនៃសេដ្ឋកិច្ច កម្ពុជាកើនឡើងខ្លាំង ដោយសារវិស័យអចលនទ្រព្យ និងលំហូរហិរញ្ញាវត្ថុចូលមកខេត្តព្រះសីហនុច្រើន ។ លំហូរនេះបានបង្កើតប្រាក់ចំណូលប្រជាពលរដ្ឋយើងយ៉ាងច្រើនបានចាប់យកឱកាសនៅពេលនោះបានច្រើន ប៉ុន្តែអ្វីដែលរារាំងនូវជាប់គាំងអចលនទ្រព្យនេះ គឺការផ្អាកនូវអាជីវកម្ម ហ្គេមអនឡាញនៅខេត្តព្រះសីហនុ ដែលធ្វើអោយគាំងនូវការវិនិយោគវិស័យអចលនទ្រព្យ ។ ដូច្នេះវាមានទំនាក់ទំនងគ្នាតាំងពីពេលនោះមក អ្នកដែលរករបរជំនួញលើវិស័យ អចលនទ្រព្យមួយចំនួនបានលូកដៃកាន់តែធំឡើងៗ ។
លោកបានបញ្ជាក់ថា «នៅពេលដែលជាប់គាំងវាធ្វើអោយពួកគាត់គាំងហិរញ្ញវត្ថុគាត់ទាំងអស់ ហើយការគាំហិរញ្ញាវត្ថុទាំងអស់នេះ វាឈានមកដល់វិបត្តិកូវីដ១៩ ឆ្នាំ២០២០ ហើយត្រូវអរគុណកូវីដដែលធ្វើអោយអចលនទ្រព្យរបស់យើង មើលទៅល្អ តែតាមពិតវាគាំងតាំងពីពេលនោះមក (២០១៩) ។ ម្នាក់ៗរង់ចាំ ដែលយើងរងចាំសកម្មភាពនោះ យើងចាប់ផ្តើមយកលុយសន្សំមកចាយ ។ លុយយើងសន្សំចំណេញដី២០១៩ មកចាយបណ្តើរៗ ២០២០ ដល់ ២០២១ យើងក៏នៅតែចាយប្រាក់សន្សំ ដល់២០២២ អស់កូវីដយើងអស់ប្រាក់សន្សំចាយៗយើងបង្កើតមុខរបរអត់ចេញ» ។
យោងតាមរបាយការណ៍ចុងក្រោយ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា វិស័យសំណង់មានកំណើនទាបត្រឹម១,១ ភាគរយធៀបនឹង០,៥ ភាគរយនៅឆ្នាំ ២០២២ ដែលគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ផ្លូវល្បឿនលឿនស្ពាន និងអាកាសយានដ្ឋានជាដើម ។ ការនាំចូលសម្ភារ និងបរិក្ខារសំណង់បានកើន៤,៧ ភាគរយ ។ ផ្ទៃក្រឡា និងតម្លៃគម្រោងសំណង់ដែលទទួលបានការអនុម័តបានកើនឡើង ១ដង ជាពិសេសគម្រោងសំណង់លំនៅឋាន និងសំណង់សាធារណៈ ខណៈចំនួនគម្រោងសំណង់សរុបបានថយចុះ ២០,៥ភាគរយ ។
ចំណែកវិស័យអចលនទ្រព្យបន្តកើនឡើងទាបត្រឹម០,៥ ភាគរយធៀបនឹង ០,២ ភាគរយនៅឆ្នាំ២០២២ ។ សកម្មភាពលក់លំនៅឋាន ដែលមានផ្ទះល្វែង វីឡាភ្លោះ និងទោលបានថយចុះ ៤៩,៧ ភាគរយ ខណៈការលក់ខុនដូកើន២ ភាគរយ ។ សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) ថយចុះ ២,៤ ភាគរយដែលក្នុងនោះនៅរាជធានីភ្នំពេញថយចុះ៣,២ ភាគរយ និងនៅតាមបណ្តាខេត្តបានកើនឡើង៣,២ ភាគរយ ៕ ដោយៈ ស នីត
ចែករំលែកព័តមាននេះ