រាជធានីភ្នំពេញ ៖ ជារៀងរាល់ព្រឹកមានអ្នកភ្នំពេញពិសេសក្រុមអ្នកជិះកង់ហាត់ប្រាណ បាននាំគ្នាធ្វើដំណើរពីភ្នំពេញលើផ្លូវជាតិលេខ ៦ ក្នុងចម្ងាយផ្លូវមិនតិចជាង ៤០ គីឡូម៉ែត្រនោះទេ ទៅទទួលទានគុយទាវ មី មួយកន្លែងនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ កន្លែងលក់មី គុយទាវ ដែលស្ថិតនៅជាប់មាត់ទន្លេផងនោះ មានអតិថជនពេញៗ អង្គុយទទួលទានមីនៅតាមតុដែលរៀប កណ្តាលវាលក្រោមជំនោរមាត់ទន្លេ ។ ក្នុងមួយថ្ងៃៗកន្លែងលក់គុយទាវនេះលក់ដាច់ពី ២០០ ទៅ ៤០០ ចាន ។

ក្នុងបរិវេណលក់នេះគេឆ្ងុញតែក្លិនទឹកស៊ុបក្តៅៗ ។ ក្នុងឯកសណ្ឋានកីឡា បុរសម្នាក់បានរួមតុជាមួយមិត្តភ័ក្តិបីបួននាក់ទៀត បានលើកស្លាបព្រាទឹកស៊ុបមីដាក់ចូលក្នុងមាត់ ហើយបានប្រាប់ពីមូលហេតុដែលលោកបានស្គាល់កន្លែងលក់មីនេះថា មានមិត្តភ័ត្តិអ្នកជិះកង់រួមក្រុមរបស់លោកម្នាក់ មានស្រុកកំណើតនៅទីនេះបានណែនាំលោក ។ ក្រោយបានសាកល្បងហូបមីលាក់ខ្លួន ដែលមានប្រវត្តិបីជំនាន់ លោកបានជាប់មាត់ ហើយបានផ្សព្វផ្សាយលើហ្វេសប៊ុក រហូតល្បីតៗគ្នា ដល់ក្រុមប្រណាំងកង់ផ្សេងៗទៀត មកហូបមីលាក់ខ្លួនក្នុងភូមិព្រះប្រសប់នេះដែរ ។

«មីលាក់ខ្លួន» ជាឈ្មោះកន្លែងលក់គុយទាវមីនៅជនបទមួយនេះ ។ អ្នកនាង សុខ គន្ធា រស់នៅភ្នំពេញ ដែលជាអតិថជនរបស់មីលាក់ខ្លួនដែរនោះបាននិយាយថា គាត់ត្រូវធ្វើដំណើរទៅលេងខេត្តមណ្ឌលគីរី ល្បីមីនៅទីនេះក៏ចូលមកទទួលទាន ។ «នេះក៏ជាលើកទីមួយដែលក្រុមមគ្រួសារមកសាករសជាតិមីលាក់ខ្លួនរបស់អ្នកភូមិព្រះប្រសប់ដែលល្បីតគ្នាថាឆ្ងាញ់ ។ ឃើញថា ឆ្ងាញ់មែនមិនចាញ់ហាងមីនៅភ្នំពេញនោះទេ ។ ធាតុពិត គឺមានរសជាតិគួរឲ្យចង់មកហូបម្តងទៀតមែន ទាំងមី ទាំទឹកស៊ុប និងប្រហិតមានរស់ជាតិឆ្ងាញ់ ចំណែកតម្លៃមួយចាន ១២០០០ រៀលប៉ុណ្ណោះ» ។

លោក អ៊ំ គឹមលន់ ដែលមានអាយុជាង ៦០ ឆ្នាំ ហើយជាចាស់ទុំម្នាក់នៅក្នុងភូមិ ។ លោកបានរៀបរាប់ឱ្យដឹងពីប្រវត្តិហាង «មីលាក់ខ្លួន» នេះថា បានលក់ក្នុងភូមិព្រះប្រសប់នេះបីជំនាន់មកហើយ គឺតាំងពីកុងកាវ បន្ទាប់មកដល់កូនស្រីឈ្មោះយាយ ខេង រួចទើបដល់ចៅៗដែលបន្តវេនរហូតដល់សព្វថ្ងៃ ។ លោកថា សំខាន់នោះ គឺរស់ជាតិ និងទឹកស៊ុបនេះឯង ។ ពួកគាត់មានស្នាដៃផលិតមីខ្លួនឯងផ្ទាល់តែម្តងទើបរស់ជាតិមិនប្រែប្រួល សូម្បីអ្នកភូមិទាំងអស់ក៏លួចកោតសរសើរមិនដាច់ពីមាត់ ។

«ពីដើមមានតែអ្នកភូមិព្រះប្រសប់ទេតែងតែមកហូបមីកុងកាវ និងផឹកកាហ្វេជារៀងរាល់ព្រឹកតែប៉ុណ្ណោះ ហើយឥឡូវឃើញក្រុមអ្នកជិះកង់ប្រណាំងមកទាំងក្រុមៗ រួមទាំងអ្នកជិះឡានថ្លៃៗនាំគ្រួសារមកហូបមីកុងកាវ យ៉ាងច្រើនផងដែរ» លោក អ៊ំ គឹមលន់ រៀបរាប់ឲ្យដឹង ។

លោក យូ រី ជាម្ចាស់ហាង និយាយថា ពីដើមឡើយលោកលក់មីនេះតែនៅក្នុងផ្ទះទេ ភ្ញៀវសំខាន់ គឺអ្នកភូមិ យូរទៅៗ មីលាក់ខ្លួន របស់កុងកាវ ចេះតែល្បីផ្សព្វផ្សាយពីរសជាតិមី និងទឹកស៊ុបតាមរយៈបងៗក្រុមជិះកង់ប្រណាំងមកពីភ្នំពេញ ធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃភ្ញៀវមានការកើនឡើងគួបផ្សំ និងរស់ជាតិមីផងដែរ ។

«រសជាតិទឹកស៊ុប និងមីគឺធ្វើដោយផ្ទាល់ដៃរបស់ក្រុមគ្រួសារកុងកាវ ទើបយើងរក្សារសជាតិមិនឲ្យប្រែប្រួលឡើយ ។ ក្នុងមួយថ្ងៃលក់បាន ៤០០ ចានសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រីឯថ្ងៃចន្ទដល់ថ្ងៃសុក្រក្នុងមួយថ្ងៃលក់បាន ២០០ ចាន ។ យូរី បានបញ្ជាក់ថា ហាង «មីលាក់ខ្លួន» គឺលក់តែមីប្រចាំត្រកូល ៕
ចែករំលែកព័តមាននេះ