រាជធានីភ្នំពេញ ៖ ក្រុមប្រឆាំងនៅក្រៅប្រទេសគ្រោងរៀបចំពិធីសាសនាមួយ នៅថ្ងៃទី៧ ខែមិថុនា ដើម្បីសុំសេចក្តីសុខសម្រាប់ការវិលត្រឡប់របស់លោក សម រង្ស៊ី ចូលកម្ពុជាវិញ ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ទោះបីជាខ្មែរនៅអាមេរិកខំធ្វើបុណ្យឧទ្ទិសយ៉ាងណាក៏ទណ្ឌិតសម រង្ស៊ី មិនហ៊ានមកស្រុកនោះទេ ព្រោះជាមនុស្សកំសាក ។
លោកសុខ ឥសាន បានបញ្ជាក់ថា«ខ្មែរនៅសហរដ្ឋអាមេរិកមួយចំនួនធ្វើបុណ្យឧទ្ទិសឲ្យទណ្ឌិតចូលស្រុកបានជោគជ័យយ៉ាងណាអត់បានការ ពីព្រោះទណ្ឌិតនេះមិនហ៊ានចូលទៅទេ ជាមនុស្សកំសាក» ។
សូមជម្រាបថា ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេសនឹងរៀបចំពិធីប្រសិទ្ធពរជ័យជូនលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង មុន នឹងវិលមកប្រទេសកម្ពុជាវិញ ។ គម្រោងរៀបចំនេះត្រូវបានគេឃើញខិត្តប័ណ្ណដែលត្រូវបានបង្ហោះលើបណ្តាញសង្គម ដើម្បីជូនដំណឹងដល់អ្នកគាំទ្រលោក សម រង្ស៊ី អំពីការរៀបចំពិធីនេះ ។ ពិធីប្រសិទ្ធពរជ័យជូនអតីតមេបក្សប្រឆាំងនេះនឹងប្រាព្ធឡើងក្នុងវត្តខ្មែរមួយឈ្មោះ មុនី សុតារាម ដែលស្ថិតក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីបួងសួងឲ្យលោកសម រង្ស៊ី និងសហការី របស់លោកទទួលបានជោគជ័យក្នុងការធ្វើមាតុភូមិ និវត្ត និងឈានទៅរកការផ្លាស់ប្តូរនៅកម្ពុជា ។
តាមរយៈខិត្តប័ណ្ណ នោះក្រុមអ្នកប្រឆាំងបានអំពាវនាវដល់អ្នកគាំទ្រលោកសម រង្ស៊ី ទាំងនៅក្នុងសហរដ្ឋអាមេរិក និងកាណាដាឲ្យចូលរួមក្នុងពិធីប្រសិទ្ធពរជ័យនេះ ។ សូមរំឮកកាលពីថ្មីៗនេះលោកសម រង្ស៊ី បានប្រកាសថា លោកនឹងឈានជើងចូលប្រទេសថៃ ដើម្បីប្រមូលប្រជាពលរដ្ឋខ្មែរវិលមកកម្ពុជាជាមួយលោក ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តាប្រទេសផ្សេងទៀតដូចជា កូរ៉េ ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងកាណាដា ជាដើមក៏នឹងមកជា មួយលោកដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ