ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សរសើរ​មិន​បាន​! ពេល​ឃើញ​ឆន្ទៈ​អតីត​កីឡាករ​តេ​ក្វា​ន់​ដូក្នុង​វិស័យ​ប្រដាល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ អតីត​កីឡាករ​ល្បីឈ្មោះ​ផ្នែក​តេ​ក្វា​ន់​ដូ លោក ស៊ន អេ​លី​ត បង​បង្កើត​កីឡាការិនី ស៊ន សៀវ​ម៉ី…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ អតីត​កីឡាករ​ល្បីឈ្មោះ​ផ្នែក​តេ​ក្វា​ន់​ដូ លោក ស៊ន អេ​លី​ត បង​បង្កើត​កីឡាការិនី ស៊ន សៀវ​ម៉ី នៅ​តែ​បន្ត​បំភ្លេច​ចោល​អាជីព​តេ​ក្វា​ន់​ដូ​ដោយ​ងាក​មក​បង្កើត​ក្លិប​ប្រដាល់​គុន​ខ្មែរ​ជា​ជំនួស​វិញ ។ អ្វី​ដែល​គួរ​សរសើរ គឺ​លោក​មិន​ត្រឹមតែ​ជួយ​បណ្ដុះបណ្ដាល​ឱ្យ​អ្នកមាន​ឆន្ទៈ​ក្មេង​ៗ​ក្លាយជា​កីឡាករ​ប្រដាល់​មានឈ្មោះ​បោះ​សំឡេង​ប៉ុណ្ណោះ​ទេ គឺ​លោក​ថែម​ទាំង​ដើរតួ​ជា​អ្នក​ផ្គត់ផ្គង់ និង​រៃ​អង្គាស​រក​ជំនួយ​ដើម្បី​ឱ្យ​កីឡាករ​នៅ​ក្នុង​បន្ទុក​របស់​លោក​បាន​បន្ត​ជំហាន​ទៅ​មុខ​ផង​ដែរ​។

នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ស៊ន អេ​លី​ត គេ​ឃើញ​សកម្មភាព​របស់​លោក​ស្វះ​ស្វែងរក​ជំនួយ​មក​ទប់​ដំណើរការ​ក្លិប និង​មក​ជួយ​ដល់​កូនសិស្ស​របស់​លោក​ប្រកបដោយ​ឆន្ទៈ​តែ​ម្ដង ដោយ​លោក​មិន​មែន​គ្រាន់តែ​បង្វឹក​ដោយ​មិន​គិត​កម្រៃ និង​ជួយ​ឱ្យ​សិស្ស​មាន​ទីផ្សារ​ឡើង​រេញ​ប៉ុណ្ណោះ​ទេ លោក​ក៏​ដើរតួ​ជា​អ្នក​ស្វះ​ស្វែងរក​ជំនួយ​ដើម្បី​ឱ្យ​សិស្ស​របស់​លោក​មួយ​ចំនួន​បាន​បន្តដំណើរ​ទៅ​មុខ​ផង​ដែរ ។ លោក​រមែង​និយាយ​ថា ការ​សម្រេច​បើក​ក្លិប​ប្រដាល់ គឺ​លោក​មិនមែន​គ្រាន់តែ​បើក​ដើម្បី​ឱ្យ​មាន​នោះ​ទេ គឺ​លោក​ប្រកាស​បើក​ដោយ​ឆន្ទៈ​តែ​ម្ដង ។

ជាក់ស្ដែង​តាំងពី​ដំណើរការ​ក្លិប​មក​ទល់​ពេល​នេះ លោក​បាន​យក​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ដល់​កីឡាករ​មិន​តិច​នាក់​នោះ​ទេ បន្ថែម​ពីលើ​ការ​ស្វះ​ស្វែងរក​ជំនួយ​សប្បុរសធម៌​ជួយ​ដល់​កូនសិស្ស​របស់​លោក​ផង​ដែរ ។ លោក​​ក៏​នៅ​តែ​សម្ដែង​អារម្មណ៍​សោកស្ដាយ​ផង​ដែរ ដែល​ការ​ប្រដាល់​ប្រចាំ​ស​ប្ដា​ហ៍​នៅ​ក្នុង​ក្លិប​របស់​លោក ត្រូវ​បាន​បិទ​ចោល ក្នុង​ពេល​ដែល​លោក​ប្រកាស​ថា ការ​រំលេច​សង្វៀន​ប្រដាល់​នា​ពេល​កន្លង​មក គឺ​បាន​រួមចំណែក​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​កូនសិស្ស​របស់​លោក សាំ​ុ​នឹង​ការ​ប្រដាល់ ។ លោក​ថា ការ​សម្រេចចិត្ត​បោះ​បង់​ការ​ប្រកួត​រាល់​អាទិត្យ​ប្រចាំ​ក្លិប គឺ​គ្មាន​ស្ពុ​ន​ស័​រ និង​សំខាន់​ជាងគេ គឺ​លោក​គ្មាន​ការ​លើកទឹកចិត្ត ធ្វើ​ឱ្យ​លោក​លែង​ចង់​តស៊ូ​ព្រោះ​ចាយ​លុយ​ផ្ទាល់ខ្លួន​ច្រើន​ពេក ។

លោក​ធ្លាប់​រំលឹក​ថា​៖«​ការ​ពិត ការ​បើក​ប្រកួត​ហ្នឹង​គឺ​ល្អ​ណាស់ ព្រោះ​វា​ជួយ​ឱ្យ​ក្មេង​ៗ មានបទពិសោធន៍​ឡើង​រេញ ហើយ​ស៊ាំ​នឹង​បរិយាកាស​ក្នុង​ពេល​ដែល​លោក និង​គ្រូបង្វឹក​មួយ​ចំនួន​ដាក់​ឱ្យ​ប្រកួត​ផ្លូវការ​តាម​ប៉ុស្តិ៍ ។ ប៉ុន្តែ​តើ​ឱ្យ​នៅ​ប្រកួត​យ៉ាងម៉េច បើ​ប្រកួត​យូរហើយ​រកតែ​ស្ពុ​ន​ស័​រ​គ្រាន់​ឱ្យ​គ្រូបង្វឹក និង​អ្នក​ឈ្នះ​មិន​បាន​ផង​ហ្នឹង ខ្ញុំ​ម្នាក់ឯង​មាន​ត្រឹមតែ​ចិត្ត​ប៉ុណ្ណោះ ចុះបើ​ធនធាន​ចំណាយ​តែ​រហូត​តើ​ទៅ​យ៉ាងម៉េច​រួច អុីចឹង​មាន​តែ​បិទ​តែ​ម្ដង​ទៅ​»​។

លោក​បន្ត​ថា ក្រោយ​ពី​អស់​សង្ឃឹមលើ​ការ​បង្ហាត់​តេ​ក្វា​ន់​ដូ លោក​បាន​បើក​ក្លិប​ប្រដាល់​កាលពី​អំឡុង​ខែ​៣ ឆ្នាំ​២០១៨ ដោយ​មក​ដល់​ពេល​នេះ លោក​មានកូន​សិស្ស​ហ្វឹកហាត់​ជាប់​លាប់​ចំនួន​២០​នាក់​មក​ហើយ ខណៈ​ដែល​១២​នាក់ គឺ​ស្នាក់​នៅ​ដេក​ពួន​ក្នុង​ក្លិប​របស់​លោក​នៅ​ជាប់​វិទ្យាល័យ​ប្ញ​ស្សី​កែវ​នោះ​តែ​ម្ដង ។

លោក​មាន​តែ​កម្លាំងចិត្ត​បើក​សង្វៀន​ប្រដាល់​ឱ្យ​ក្មេង​ៗ​ដែល​ចង់​ហ្វឹកហាត់​បាន​បង្ហាញ​សមត្ថភាព ប៉ុន្តែ​ពេល​នេះ លោក​ត្រូវ​បិទ​គម្រោង​ចោល​មួយទៀត ដែល​ធ្វើ​ឱ្យ​លោក និង​ក្មេង​ប៉ះពាល់​អារម្មណ៍​ខ្លះ​ៗ​ផង​ដែរ ។ យ៉ាងណាមិញ​លោក​ថា ការ​បិទ​សង្វៀន​ប្រដាល់​មិន​ធ្វើ​ឱ្យ​សិស្ស​របស់​លោក​ឈប់​ចង់​ហ្វឹកហាត់ ហើយ​បោះបង់​អាជីព​ចង់​បន្ត​ការ​ប្រដាល់​នោះ​ទេ គឺ​នៅ​បង្កើន​ការ​ហ្វឹកហាត់​ជាប់លាប់​ដដែល ដោយ​គ្រាន់តែ​អ្នក​ដែល​លោក​បាន​ផ្គូផ្គង​ឱ្យ​ឡើង​ទូរទស្សន៍​បាន​ក៏​កាន់តែ​សប្បាយ​ចិត្តនឹង​ការ​ហ្វឹកហាត់ ចំណែក​អ្នក​ថ្មី​មិន​សូវ​បាន​ឡើង​រេញ ក៏​រាង​បាក់ទឹកចិត្ត​បន្តិច ។

លោក​ថា ក្មេង​ៗ​នៅ​តែ​សកម្ម​ក្នុង​ម៉ោង​លោក​បង្ហាត់ ដោយ​សិស្ស​ខ្លះ​បាន​ក្លាយជា​ធនធាន​ដែល​ខាង​បណ្ដា​ប៉ុស្តិ៍​ក៏​មាន​តម្រូវការ​ផង បើ​ទោះជា​លោក​សម្រេចចិត្ត​បិទ​សង្វៀន ដែល​ធ្លាប់​ផ្គូផ្គង​ឱ្យ​សិស្ស​បាន​បញ្ចេញ​សមត្ថភាព ។ លោក​ថា កូនសិស្ស​ទាំងអស់ អត់​មាន​តម្រូវ​ឱ្យ​បង់លុយ​ក្នុង​ការ​ហ្វឹកហាត់​នោះ ទេ​តែ​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​គ្រាន់បើ គឺ​គេ​ឱ្យ​អង្ករ​មួយ​បេ ឬ​២​បេ ទៅ​តាម​លទ្ធភាព ។ ក្នុង​ចំណោម​កូនសិស្ស​ទាំងនោះ​មាន​អាយុ​ពី​១៦ ដល់​២៥​ឆ្នាំ ដោយ​កីឡាករ​ទាំង​២០​ត្រូវ​បាន​ឆ្លាស់គ្នា​ឡើង​ប្រកួត​ចុះឡើង​ៗ​ស្ទើរ​តែ​គ្រប់​សង្វៀន​មក​ហើយ ចាប់តាំងពី​ក្លិប​របស់​លោក​ដំណើរការ​ជាង​១​ឆ្នាំ​នេះ ។

លោក​បាន​សម្រេច​ឱ្យ​កូនសិស្ស​ទាំងអស់​ប្រើ​ត្រកូល អេ​លី​ត នៅ​ពេល​ឡើង​ប្រកួត ដោយសារ​តែ​លោក​ចង់​ពង្រីក​កេរ្តិ៍ឈ្មោះ​ឱ្យ​មាន​អ្នក​ស្គាល់​កាន់តែ​ច្រើន​ក្រោយ​តស៊ូ​បើក​ក្លិប​ប្រដាល់ ។ លោក​នៅ​តែ​អះអាង​ថា ហេតុផល​ដែល​លោក​ហ៊ាន​បើក​ក្លិប​ប្រដាល់ ហើយ​ដើរតួ​អ្នក​បង្ហាត់​ផង គឺ​ដោយសារ​តែ​មុន​ក្លាយ​ខ្លួន​ជា​អ្នក​តេ​ក្វា​ន់​ដូ លោក​ក៏​ជា​អ្នក​ប្រដាល់​អាជីព​មួយ​រូប ដោយ​លោក​ប្រកាស​ថា មុន​ពេល​បោះ​ជំហាន​ចូល​ផ្នែក​តេ​ក្វា​ន់​ដូ គឺ​លោក​ឡើង​ប្រកួត​បាន​ជាង​១០​លើក​ដែរ ។

លោក​ថា ការ​ប្រដាល់​នៅ​ពេល​បន្ថែមបន្ថយ​ក្បាច់គុន​តេ​ក្វា​ន់​ដូ កាន់តែ​ងាយស្រួល​បង្ហាត់ ទើប​លោក​ពេញចិត្ត​ក្នុង​ការ​បង្វឹក​សិស្ស ហើយ​កូនសិស្ស​របស់​លោក​ទៀត​សោត ក៏​ច្រើន​តែ​ល្អ​នៅ​ពេល​ឡើង​រេញ ។ កីឡាករ​ខ្លះ​លោក​ថា​ត្រូវ​បាន​គេ​ស្នើ​ឱ្យ​ប្រកួត​រក​ពេល​សម្រាក​មិន​បាន​ព្រោះតែ​ភាព​ខ្លាំង​នោះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ