ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹង​​ពីទំនាយបវេណី…ក្រោយ​ផ្សង​គោឧសភ​រាជបរិភោគអាហារទាំង​៧

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ការ​ផ្សង​តាម​រយៈ​គោ​ឧសភរាជ​បរិភោគ​អាហារ​ចំនួន​៧​មុខ​បង្ហាញ​ថា ការបង្កបង្កើន​ផល​នៅ​ឆ្នាំ​២០១៩​នេះ ស្រូវ ពោត និង​សណ្តែក ទទួល​បាន​ផល​ល្អ​ប្រសើរ ដោយឡែកល្ង ស្មៅ…

ខេត្តតាកែវ ៖ ការ​ផ្សង​តាម​រយៈ​គោ​ឧសភរាជ​បរិភោគ​អាហារ​ចំនួន​៧​មុខ​បង្ហាញ​ថា ការបង្កបង្កើន​ផល
​នៅ​ឆ្នាំ​២០១៩​នេះ ស្រូវ ពោត និង​សណ្តែក ទទួល​បាន​ផល​ល្អ​ប្រសើរ ដោយឡែកល្ង ស្មៅ ស្រា និង​ទឹក
គោ​ឧសភរាជ​មិន​បរិភោគ​ទេ ។ លទ្ធផល​នៃ​ការ​ផ្សង​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០១៨​កន្លង​មក​ដែរ​។ ការ​ផ្សង​តាម​រយៈ​គោ​ឧសភរាជ​បរិភោគ​អាហារ​៧​មុខ​នេះ គឺ​នៅ​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ​ព្រះករុណា​មហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ត្រូវ​នឹង​ថ្ងៃ​៤​រោច ខែ​ពិសាខ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅក្នុង​បរិវេណ​កីឡដ្ឋាន​ក្រុង​ដូន​កែវ ។

អញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​នេះ​មាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល មន្ត្រី​អង្គទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា​មន្ត្រី​រ​​​ាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

តាម​លំ​អាន​ព្រះរាជ​បវេណី​តាំងពី​ដើម​រៀង​មក មុន​នឹង​ចាប់ផ្តើម​ព្រះរាជ​ពិធី តា​អាចារ្យ​ធ្វើ​ពិធីបួងសួង​ដល់​ទស​បរ​មី​ទេវតា​ថែរក្សា​ប្រទេស​កម្ពុជា និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ​សិរី​មហាប្រសើរ​ថ្វាយ​ព្រះ​កុរ​ណា​ព្រះ​មហា​ក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​ប្រជារាស្ត្រ​ខ្មែរ ក៏​ដូច​ជា​សុំ​ឱ្យ​ទឹកភ្លៀង​ធ្លាក់​បរិបូរណ៍​ទៀងទាត់​តាម​កាល​វេ​លា និង​សូម​ឱ្យ​ការ​បង្កបង្កើន​ផល​ទទួល​បាន​ផល​ល្អ​ប្រសើរ ។

បន្ទាប់​ពី​លោកតា​អាចារ្យ​បួងសួង​រួចរាល់​ហើយ លោក អ៊ូច ភា អភិបាលខេត្ត ដែល​ត្រូវបាន​​​ព្រះមហាក្សត្រ​រាជានុញ្ញាត​ឱ្យធ្វើ​ជា​ស្តេច​មាឃ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​អង្គ ចាប់ផ្តើម ភ្ជួរ​លើ​វាល​ព្រះ​ស្រែ​ចំនួន​៣​ជុំ និង​ព្រោះ​គ្រាប់ស្រូវ​ដោយ​លោក​ជំទាវ ស្រី ប៊ុ​ណ្ណា​ដា​វី ជា​ភរិយា ដែល​ជ្រើសតាំង​ជា​មេ​ហួ ។

ក្រោយ​ពេល​ភ្ជួរ​និង​ព្រោះ​គ្រាប់ស្រូវ​ចំនួន​៣​ជុំ​រួច​មក ព្រាហ្មណ៍​ព្រះរាជ​គ្រូ​បុរោហិត បាន​ធ្វើ​ពិធីសូត្រមន្ត​ប្រោះព្រំ​ទឹក​លើ​គោ​ឧសភរាជ និង​លែង​ឱ្យទៅ​បរិភោគ​អាហារ​ចំនួន​៧​មុខ​រួម​មាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង​ទឹក ដែល​បាន​រៀបចំ​ទុក​រួច​ជា​ស្រេច ។ ក្នុង​ចំណោម​អាហារ​ទាំង​៧​មុខ​នេះ គោ​ឧសភរាជ​​បរិភោគ​ស្រូវ​៨៥​ភាគរយ ពោត​៩០​ភាគរយ និង​សណ្តែក​៨៨​ភាគរយ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​ឧសភរាជ​មិន​បរិភោគ​ទេ ។

សូម​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​សំខាន់​ចាត់ទុកជា​វប្បមង្គល​មួយ
​ដ៏​ប្រសើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះ​អង្គ តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន​តាំងពី​បុរាណកាល​រៀង​មក ដើម្បី​ជា​ការ​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថា រដូវ​បង្កបង្កើន​ផល រដូវ​ធ្វើស្រែ​បាន​ចូល​មក​ដល់​ហើយ ។

ព្រះរាជ​ពិធី​នេះ កាលពីដើម​ឡើយ​តែងតែ​ប្រារ​ព្ធ​ធ្វើ​នៅ​វាល​ព្រះ​មេរុ​ជិត​ព្រះ​បរម​រាជវាំង តែ​ក្រោយ​ៗ​មក​ព្រះរាជ​ពិធី​ត្រូវ​បាន​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះ​រាជា​នុញ្ញាត​​ឱ្យធ្វើ​នៅ​តាម​ខេត្ត​វិញ​ម្តង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​ក្នុង​ព្រះរាជ​បវេណី​ដ៏​សំខាន់​មួយ​នេះ។

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​ត្រូវ​បាន​ប្រារ​ព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ខែ​ពិសាខ គឺជា​ព្រះរាជ​ពិធី​មួយ​សំខាន់​បំផុត បន្ទាប់​ពី​ព្រះរាជា​អភិសេក ហើយ​ក៏​ជា​ព្រះរាជ​ពិធី​មួយ​ស្ថិត​ក្នុង​ចំណោ​ម​ព្រះរាជ​ពិធី​ផ្សេង​ៗ​ទៀត​ប្រចាំឆ្នាំ ដែល​ចាត់​ចូល​ជា​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស ។

នៅ​ប្រទេស ឥណ្ឌា​បុរាណ និង​នៅ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ការ​ប្រកប​របរ​កសិកម្ម​ជា​មុខរបរ​ចម្បង ដោយ​ពឹងពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ និង​ភោគផល ដំណាំ​ដទៃ​ៗ​ទៀត (​បច្ចុប្បន្ន ប្រជានុរាស្ត្រ​ខ្មែរ ប្រកប​មុខ​របរ​ធ្វើស្រែ​ចម្ការ​ពី​៨៣​ទៅ​៨៥%)​។តាម​ពិត​ទៅ ការ​បង្កើត​ផលិតផល​ស្រូវ​អង្ករ ឬ​ក៏​ផលដំណាំ​ផ្សេង​ៗ​ដូច​ជា​ពោត សណ្តែក ល្ង ដោយ ព្រះរាជា​តាម​រយៈ​ព្រះរាជ​ពិធី​ខាងលើ​នេះ​បណ្តាល មក​ពី​កត្តា​ចម្បង​មួយ គឺ​លក្ខណៈ​ស័ក្តិសិទ្ធិ​របស់ តួអង្គ​«​ស្តេច​» ក្នុង​ក្រសែភ្នែក​របស់​ប្រជានុរាស្ត្រ ។

មាន​ន័យ​ថា ផលដំណាំ​ពុំ​មែន​ស្ថិត​នៅ​ត្រឹមតែ​ការ ដាំ​ដុះ បច្ចេកទេស ឬ​សេដ្ឋកិច្ច​នោះ​ទេ ពោល​គឺ​ប្រាកដជា​បណ្តាល​មក​ពី​ពិធី​កម្ម​នេះឯង ។ តាម​ទម្លាប់ ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​ការ​ផ្សង មើលប្រផ្នូល​របស់​ស្រុក​ទេស ទៅ​តាម​ការ​បរិភោគ របស់​«​គោ​ឧសភរាជ​»​។ គោ​១​នឹម​ដែល​ទឹម​ច្រត់ ព្រះ​នង្គ័ល​នោះ គេ​ហៅ​ថា​«​គោ​ឧសភរាជ​» ក៏​មាន​កំណត់​ក្នុង​លក្ខណៈ​តាម​បែប​និយម​បច្ចុប្បន្ន គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ច្រ​ពាស់ ឈ្នក់ ឬ​ប្រក់​នាគ គឺ​រាង​ខុប​ទៅ​មុខ​បន្ដិច​ហើយ​វាត់​ចុង​ទៅ​លើ​បន្ដិច ។ គោ​២​នឹម​ទៀត ដែល​សម្រាប់​ហែ​មុខ​ហែ​ក្រោយ​ឃើញ​ថា មិន​ទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់​ប្រើ​មក​ហើយ​ឃើញ​ច្រើន​តែ​សម្បុរ​ក្រហម ។ ឯ​«​គោ​ឧសភរាជ​»​នោះ វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង​គឺ​ពាក់​ស្រោម​មុខ ស្រោមស្នែង និង​ពាក់​សំពត់​កម្រាល សម្បុរ​ក្រហម​លើ​ខ្នង​ផង ។

ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើ​ៗ ឯ​ចន្ទោល​ព្រះ​នង្គ័ល សម្រាប់​អ្នកតំណាង​ព្រះ​អង្គ​នោះ​មាន​លក្ខណៈ​ពិសេស​គឺ​ធ្វើ​ជា​រូប​នាគលាប​ថ្នាំ​ពណ៌​លឿង​បែប​យ៉ាង​ពណ៌​មាស ។ នៅ​ត្រង់​ក​នាគ​មាន​ភូ​ធ្វើ​ពី​រោមសត្វ​សម្បុរ​បែប​ភូ​ទួន ។

ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ គឺ ព្រាហ្មណ៍ព្រះរាជ​គ្រូសូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឱ្យ​បរិភោគ​អាហារ៧​យ៉ាង ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំ​ៗ​តាំង ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់ សណ្ដែក​១​តុ គ្រាប់ពោត​១​តុ គ្រាប់ល្ង​១​តុ ស្មៅស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ ។ ពេល​សូត្រ​ចប់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ យក​ទឹកមន្ដ​ប្រោះ​ក្បាល​ព្រះ គោ​ទាំង​ពីរ ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ​ឧសភរាជ​ទាំង​ពីរ​ទៅ​ឱ្យ​បរិភោគ របស់​ទាំង​៧​យ៉ាង គឺ​ដឹក​ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូល​ចិត្ដ​បរិភោគ​អ្វី ក៏​បរិភោគ​ទៅ គេ​មិន​បង្ខំ​ឱ្យ​បរិភោគ​ចំពោះ​អាហារ​ណា​នីមួយ​ៗ​ទេ ។ កាល​ព្រះ​គោ​បរិភោគ​អ្វីមួយ​យ៉ាង​ឬ​ពីរ​យ៉ាង ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រ​ផ្នូល​ទៅ​ខាង​មុខ​តាម​នោះ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ