ខេត្តកំពង់ចាម ៖ ទឹកចិត្តរបស់កូនៗ ពេលដែលឃើញស្ថានភាពជំងឺឪពុកពិសាបាយមិនបាន ចេះតែអស់កម្លាំង ធ្វើឲ្យកូនៗព្រួយបារម្ភក៏ប្រញាប់លើកដាក់លើរថយន្តទួរីសមួយគ្រឿង ហើយក្នុងរថយន្ត១គ្រឿងនេះមានមនុស្សជិះចំនួន៥នាក់ ដោយធ្វើដំណើរចេញពីមូលដ្ឋានឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីយកឪពុកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ប៉ុន្តែជាគ្រោះអកុសលរថយន្តបានបើកមកដល់ចំណុចផ្លូវកោងយកចង្កូតមិនទាន់ជាហេតុបណ្ដាលឱ្យរអិលធ្លាក់ពីលើច្រាំងចូលទឹកទន្លេមេគង្គ នៅចំណុចឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បណ្តាលឱ្យស្លាប់ម្នាក់ បាត់ខ្លួន២នាក់ និងរួចផុតពីគ្រោះថ្នាក់ចំនួន២នាក់ ។ គិតរហូតមកដល់វេលាម៉ោងជាង៣រសៀលថ្ងៃទី២៩ តុលា ឆ្នាំ២០២៥ នេះ ទាំងរថយន្តនិងមនុស្ស២នាក់រកពុំទាន់ឃើញនៅឡើយ ទោះបីជាយ៉ាងណាអាជ្ញាធរស្រុកនិងសមត្ថកិច្ចបានខ្នះខ្នែងជួលទូកខ្មែរស្លាមតាមស្វែងរកបន្តទៀត។
លោកវរៈសេនីយ៍ឯកប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរបានឲ្យដឹងថា រថយន្តមួយគ្រឿងនេះគឺជិះជាលក្ខណៈគ្រួសារដោយក្នុងនោះមានគ្នាចំនួន៥នាក់ ស្របពេលបើកមកដល់ចំណុចកើតហេតុនៅវេលាម៉ោងប្រមាណជា១០និង១១នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ រថយន្ត១គ្រឿងនោះបានបើកធ្លាក់ចូលទឹកទន្លេមេគង្គនៅចំណុចកែងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលបានធ្វើដំណើរពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំហើយក្នុងរថយន្តមានមនុស្ស០៥នាក់ ក្នុងគោលបំណងយកឪពុកដែលមានជំងឺដោយពិសារបាយមិនបានរយៈពេលបីថ្ងៃមកហើយ ក្នុងគោលបំណងឆ្ពោះទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញតែពុំទាន់ដល់ផងក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបត់ចង្កូតបន្ទាន់ធ្លាក់ចូលទន្លេធ្វើឲ្យមនុស្សទាំងប្រាំនាក់នោះត្រូវបានឈ្លក់ទឹក ដោយអ្នកខ្លះស្រវេស្រវាប្រឹងហែលឡើងគោកទាន់ពេល និងខ្លះទៀតត្រូវបានពលរដ្ឋនាំគ្នាជួយសង្គ្រោះ។
អធិការនគរបាលស្រុកស្រីសន្ធរបានបន្តឲ្យដឹងទៀតថា ក្រោយពីមានហេតុការណ៍នេះកើតឡើងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានរាយការណ៍ជូនរូបលោកភ្លាមៗនោះក៏បានចេញដំណើរមកកាន់កន្លែងកើតហេតុរួមជាមួយលោកបិន ឡាដា អភិបាលស្រុកស្រីសន្ធរ ដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះមនុស្សដែលជាប់ក្នុងរថយន្តដែលកំពុងលេចចូលក្នុងទឹកទន្លេ។
សូមបញ្ជាក់ថាមនុស្ស៥នាក់ដែលនៅលើរថយន្តនោះក្នុងនោះរួមមានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ ទ្បេង ពៅ អាយុ៥២ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូង ឃុំ អ្នកបេីកបរ (បានរួចផុតពីគ្រោះថ្នាក់)
២-ឈ្មោះ យ៉េវ ម៉ាប់ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូង(ត្រូវជាឪពុក បានបាត់ខ្លួន)
៣-ឈ្មោះ ម៉ាប់ សុខមី ភេទស្រី អាយុ៤៥ឆ្នាំរស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(បាត់ខ្លួន)
៤-ឈ្មោះ ម៉ាប់ គន្ធា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(បានស្លាប់ពេលយកបានមកលើគោក)
និង៥-ឈ្មោះ ម៉ាប់ រស្មី ភេទប្រុស អាយុ៣១ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(រួចផុតពីគ្រោះថ្នាក់) ។
បច្ចុប្បន្នក្រោមការដឹកនាំរបស់លោកអភិបាលស្រុកបាន រកអ្នកជំនាញមុជទឹកដើម្បីរុករករថយន្តនិងមនុស្ស០២នាក់ដែលបាត់ខ្លួន។ គិតរហូតមកដល់វេលាម៉ោង២រសៀល តែរកមិនទាន់ឃើញនៅឡើយទេទោះជាយ៉ាងណាក៏ដោយលោកអភិបាលស្រុកបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់កំពុងតែសះស្វែងតាមរកជនរងគ្រោះដែលបាត់ខ្លួនពីរនាក់សន្និដ្ឋានថាស្លាប់។
វត្តមានអភិបាលស្រុកលោកអធិការនគរបាលស្រុកព្រមទាំងមន្ត្រីពាក់ព័ន្ធកំពុងតែជួលទូកដើម្បីស្វះស្វែងតាមរកជនរងគ្រោះដែលបាត់ខ្លួនពីរនាក់នោះយ៉ាងស្រស្រាក់ស្រស្រាំ ។ តាមព័ត៌មានចុងក្រោយនៅវេលាម៉ោងជាង 3 រសៀលថ្ងៃដដែលនេះ រថយន្តត្រូវបានគេរកឃើញនៅក្នុងទឹកទន្លេចម្ងាយពីច្រាំងប្រមាណ៣០ម៉ែត្រកំពុងតែអូសយកមកដើម្បីស្ទូចទាញយកមកឡើងលើគោក ៕



ចែករំលែកព័តមាននេះ