ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ព្យុះ​មេលីសាបក់​ទៅ​ដល់​គុយ​បា ហើយ​នឹង​​ធ្វើ​ឱ្យ​ប្រទេស​នេះ​រង​គ្រោះ​សេដ្ឋ​កិច្ច​កាន់​តែ​ខ្លាំង

15 ម៉ោង មុន

ទី​ក្រុង​ឡា​ហាវ៉ាន៖ នៅ​ទី​បំផុត​ ខ្យល់​ព្យុះ​​មេលីសា​បាន​បក់​ទៅ​ដល់​ប្រទេស​គុយ​បា​ជា​បណ្ដើរ​ៗ​ហើយ​បន្ទាប់​ពី​ព្យុះ​នេះ​ទើប​តែ​វាយ​ប្រហារ​ប្រទេស​ចា​ម៉ៃ​កា​ (Jamaica) យ៉ាង​ដំណំ​ជា​មួយ​នឹង​ល្បឿន​ជាង​២០០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ តាំង​ពី​មុន​ពេល​មក​ដល់​នៃ​ខ្យល់​ព្យុះ អាជ្ញា​ធរ​គុយ​បា​បាន​ជម្លៀស​មនុស្ស​ជាង​កន្លះ​លាន​នាក់​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាសរបស់​ប្រធានា​ធិបតី​គុយ​បា លោក​មីហ្គែល ឌីយ៉ាស់​…

ទី​ក្រុង​ឡា​ហាវ៉ាន៖ នៅ​ទី​បំផុត​ ខ្យល់​ព្យុះ​​មេលីសា​បាន​បក់​ទៅ​ដល់​ប្រទេស​គុយ​បា​ជា​បណ្ដើរ​ៗ​ហើយ​បន្ទាប់​ពី​ព្យុះ​នេះ​ទើប​តែ​វាយ​ប្រហារ​ប្រទេស​ចា​ម៉ៃ​កា​ (Jamaica) យ៉ាង​ដំណំ​ជា​មួយ​នឹង​ល្បឿន​ជាង​២០០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ តាំង​ពី​មុន​ពេល​មក​ដល់​នៃ​ខ្យល់​ព្យុះ អាជ្ញា​ធរ​គុយ​បា​បាន​ជម្លៀស​មនុស្ស​ជាង​កន្លះ​លាន​នាក់​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាសរបស់​ប្រធានា​ធិបតី​គុយ​បា លោក​មីហ្គែល ឌីយ៉ាស់​ កាណែល (Miguel Díaz-Canel)។ ក្រុម​ឧតុ​និយម​ព្យា​ករ​ថា​ខ្យល់​ព្យុះ​នេះ​នឹង​បង្ក​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​សម្រាប់ខេត្ត​សាន់​ធី​អាហ្គោ ដឺ​ គុយបា (Santiago de Cuba) និង​តំបន់​ជុំ​វិញ​នោះ​។

​នៅ​ពេល​បក់​ទៅ​ដល់​គុយ​បា ខ្យល់​ព្យុះ​មេលីសា​មាន​ល្បឿន​​១៨៣​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ដូច្នេះ ប្រទេស​គុយ​បា​ដែល​​​ជួប​ប្រទះ​​នឹង​បញ្ហា​លំបាក​ស្រាប់​​ដោយ​សារ​ការ​ហ៊ុម​ព័ទ្ធ​សេដ្ឋ​កិច្ច​ ឥឡូវ​នេះ ថែម​ខ្យល់​ព្យុះ​វាយ​ប្រហារ​ទៀត​រឹត​តែ​ធ្វើ​ឱ្យ​ប្រទេស​នេះ​រង​គ្រោះ​ថែម​មួយ​ជាន់​ទៀត ឬ​​និយាយ​ម៉្យាង​ទៀត​ថា​​ទុក្ខ​ជាន់​លើ​ទុក្ខ​។ អាជ្ញា​ធរ​ថ្លែង​​​ថា​រហូត​មក​ដល់​ពេល​នេះ គេ​បាន​ជម្លៀស​ប្រជា​ជន​ជាង​៧​សែន​នាក់​។ គេ​ព្យាករ​ថា​​គុយ​បា​ភាគ​​ប៉ែក​ខាង​កើត​អាច​នឹង​ទទួល​បាន​របប​ទឹក​ភ្លៀង​៥១​សង់​ទី​ម៉ែត្រ​។

បន្ទាប់​ពី​វាយ​ប្រហារ​​​គុយ​បា​រួច​ហើយ​ ខ្យល់​ព្យុះ​មេលីសា​នឹង​បង្ហួស​ដំណើរ​ទៅ​​ប្រទេស​បាហាម៉ាស់​ (Bahamas) ជា​បន្ត​ទៀត​។ ទោះ​បី​​​បក់​ផុត​ប្រទេស​គុយ​បា​ក៏​ដោយ​ ក៏​ចំហាយ​នៃ​ខ្យល់​ព្យុះ​នឹង​បង្ក​ជា​ភ្លៀង​ធ្លាក់​ឥត​ដាច់​គ្រាប់​នៅ​ប្រទេស​នេះ​ជា​បន្ត​ទៀត​ ហើយ​នឹង​បង្ក​ជា​គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​។ នេះ​បើ​យោង​តាម​ក្រុម​ឧតុ​និយម​ដែល​មាន​ទី​ស្នាក់​ការ​នៅ​ទី​ក្រុង​ម៉ាយ​អាមី (Miami) ប្រទេស​អាមេរិក​។​ ប្រទេស​បឺមូដា (Bermuda) ​​ក៏កំពុង​តាម​ដាន​បញ្ហា​ខ្យល់​ព្យុះ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។

ខ្យល់​ព្យុះ​ធ្វើ​ឱ្យ​គុយ​បា​មាន​វិបត្តិ​សេដ្ឋ​កិច្ច​កាន់​តែ​ខ្លាំង
នៅ​ពេល​ខ្យល់​ព្យុះ​មេលីសា​បក់​ទៅ​ដល់​តំបន់​ដី​គោក​ប្រទេស​គុយ​បា​ គេ​​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ផល​វិបាក​ដែល​នឹង​កើត​មាន​នៅ​គុយ​បា​។ ពោល​គឺ​មិន​ត្រឹម​តែ​បារម្ភ​អំពី​ផល​វិបាក​ភ្លាម​ៗ​នៅ​ចំពោះ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បារម្ភ​អំពី​ផល​វិបាក​រយៈ​ពេល​វែង​ផង​ដែរ​។​ ​គុយ​បា​ប្រឈម​នឹង​បញ្ហា​ខ្វះ​ខាត​ភ្លើង​អគ្គិសនី​ និង​ស្បៀង​អាហារ​តាំង​ពី​យូរ​មក​ហើយ​។ ឥឡូវ​នេះ​ថែម​ខ្យល់​ព្យុះ​មេលីសា​បក់​មក​​ថែ​ម​​ទៀត​ធ្វើ​ឱ្យ​គុយ​បា​លិច​លង់​រឹត​តែ​ខ្លាំង​។

ប្រធានា​ធិ​បតី​គុយ​បា​ថ្លែង​ថា​យើង​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​។ យើង​ដឹង​ថា​ការ​ខូច​ខាត​មាន​ទំហំ​ធំ​។ ប៉ុន្តែ​លោក​សូម​ធា​នា​ថា​មិន​ទុក​ឱ្យ​នរណា​ម្នាក់​នៅ​ឯកោ​​ ហើយ​ត្រូវ​តែ​ប្រើ​ប្រាស់​ធន​ធាន​ដែល​មាន​ទាំង​អស់​ដើម្បី​​ការ​ពារ​អាយុ​ជីវិត​របស់​ប្រជា​ជន​យើង​។ លោក​ក៏​សូម​ក្រើន​​រំលឹក​ប្រជា​ជន​សូម​កុំ​មើល​ស្រាល​ខ្យល់​ព្យុះ​មេលី​សា​ឱ្យ​សោះ​។ នេះ​ជា​ព្យុះ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​។ ​​ទី​តាំង​មួយ​ចំនួន​ចាប់​ពី​​ខេត្ត​​ក្វាន​តា​ណាម៉ូ​ (Guantánamo) នៃ​​តំបន់​ចុង​បូព៌ា​រហូត​ដល់​ទី​ក្រុង​​កាម៉ា​ហ្កួយ (Camagüey) ចាប់​ផ្ដើម​បិទ​សាលា​រៀន​ជា​បណ្ដើរៗ​តាំង​ពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​យួរ៉ូ​ ញូស៍ (Euro News)​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ