ទីក្រុងបាងកក៖ ប្រទេសឥណ្ឌាត្រៀមដឹកជនជាតិរបស់ខ្លួន៥រយនាក់ពីប្រទេសថៃទៅមាតុភូមិវិញក្រោយព្រឹត្តិការណ៍បង្ក្រាបទៅលើមជ្ឈមណ្ឌលឆបោកនៅប្រទេសមីយ៉ាន់ម៉ាដែលបង្ខំឱ្យជនជាតិឥណ្ឌាទាំងនោះរត់ឆ្លងដែនពីមីយ៉ាន់ម៉ាចូលទឹកដីថៃ។ ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ និងក្រោយមកកើតមានសង្គ្រាមស៊ីវិលកាន់តែខ្លាំងនៅមីយ៉ាន់ម៉ា មជ្ឈមណ្ឌលឆបោកក៏រីកដុះដាលនៅតាមព្រំដែនមីយ៉ាន់ម៉ា និងថៃ។ ពួកគេច្រើនឆបោកនៅក្នុងស្នេហាក្លែងក្លាយ និងបបួលគ្នាចូលហ៊ុនរកស៊ី។
ចាប់តាំងពីសប្ដាហ៍មុន មជ្ឈមណ្ឌលដ៏ល្បីល្បាញមួយឈ្មោះខេខេផាក (KK Park) ត្រូវសមត្ថកិច្ចចុះបង្ក្រាបជាហូរហែ។ បុគ្គលិកធ្វើការនៅទីនោះរាប់រយនាក់បានភៀសខ្លួនជាបន្ទាន់ចេញពីមីយ៉ាន់ម៉ាឆ្លងកាត់ទន្លេដែលខណ្ឌប្រទេសទាំង២ ហើយទៅសម្ងំលាក់ខ្លួននៅទីក្រុងមេសូត្រ (Mae Sot) ប្រទេសថៃ។ ព្រឹត្តិការណ៍នេះកើតឡើងក្រោយការចេញផ្សាយអត្ថបទសារព័ត៌មានបែបស៊ើបអង្កេតរបស់អាអែហ្វប៉េ (AFP) នៅខែតុលានេះស្ដីពីការរីកដុះដាលនៃមជ្ឈមណ្ឌលឆបោកនៅតាមព្រំដែន។
ចាប់តាំងពីពេលបង្ក្រាបនៅខេខេផាក (KK Park) មកទល់នឹងយប់ថ្ងៃអង្គារ ជនជាតិបរទេសមកពី២៨ប្រទេសសរុបស្មើនឹងជាង១,៥ពាន់នាក់បានឆ្លងព្រំដែនមីយ៉ាន់ម៉ាចូលប្រទេសថៃ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សាលាខេត្តតាក (Tak)។ នៅក្នុងចំណោមនោះ ជនជាតិឥណ្ឌាជិត៥រយនាក់កំពុងស្ថិតនៅស្រុកមេសូត្រ។ រដ្ឋាភិបាលឥណ្ឌានឹងបញ្ជូនយន្តហោះមួយគ្រឿងទៅដឹកពួកគេដោយផ្ទាល់ត្រឡប់ទៅឥណ្ឌាវិញ។
ក្រោយពេលអាជ្ញាធរនាំទៅសាកសួរ បុគ្គលិកដែលរត់គេចចេញពីមជ្ឈមណ្ឌលឆបោកទាំងនោះប្រាប់ថាពួកគេចាញ់បោកការអូសទាញរបស់ក្រុមឧក្រិដ្ឋជន។ ប៉ុន្តែក្រុមអ្នកវិភាគអះអាងថាអ្នកទាំងនោះមិនប្រាកដជាចាញ់បោកគេ១០០%ទេ។ អ្នកខ្លះមានចេតនាទៅធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកដោយខ្លួនឯងព្រោះពួកគេចាប់អារម្មណ៍ទៅលើការផ្ដល់ប្រាក់ខែដ៏ច្រើន៕
 
                        
  
			         
				
ចែករំលែកព័តមាននេះ