អេ ភូ​ថង ប្រកាស​បណ្ដុះ​កូនប្រុស​ចូល​ប្រឡូក​ស៊ីហ្គេ​ម​ឆ្នាំ​2023


រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា អតីត​កីឡាករ អេ ភូ​ថង បាន​បណ្ដុះ​កូនប្រុស​ស្រី​ទាំង​៣​របស់​ខ្លួន​ឱ្យ​ក្លាយជា​អ្នក​ប្រដាល់ ដោយ​កូន​តូច​ជាងគេ​របស់​លោក ក៏​ធ្លាប់​បង្ហាញ​សមត្ថភាព​ឡើង​ប្រដាល់​ផង​ដែរ​។ ដោយឡែក​កូនប្រុស​ទី​២ ត្រូវ​បាន​លោក​អេ ភូ​ថង ប្រកាស​ថា នឹង​បង្វឹក​ឱ្យ​ក្លាយជា​ធនធាន​ដើម្បី​ចូល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក អេ ភូ​ថង បាន​ថ្លែង​បញ្ជាក់​ថា បន្ទាប់​ពី​កូនស្រី​កាន់តែ​ពេញវ័យ​ក្រមុំ លោក​ថា មាន​តែ​កូនប្រុស​ទី​២​ប៉ុណ្ណោះ ដែល​លោក​រំពឹង​ថា នឹង​អាច​បង្វឹក​ឱ្យ​ក្លាយជា​កីឡាករ​ល្អ​ម្នាក់​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេមដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ លោក​ថា កូនប្រុស​ទី​២​របស់​លោក ទើបតែ​ចាប់ផ្ដើម​ធំ ហើយ​វ័យ​របស់​គេ​គឺ​ត្រូវ​ល្មម​សម្រាប់​ឱកាស​ឡើង​ប្រកួត​តំណាង​ជាតិ​នៅ​គីឡូ​ណាមួយ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​។

ម្យ៉ាង​មក​ពី​កូនប្រុស​របស់​លោក​ងប់ងុល​ការប្រដាល់​តាំងពី​ក្មេង​ផង ទើប​លោក​យល់​ថា គឺ​ល្អ​បំផុត​ក្នុង​ការ​បង្វឹក​ឱ្យ​គេ​បាន​ក្លាយជា​ធនធាន​កីឡាករ​ល្អ​ម្នាក់ នៅ​ពេល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ លោក​ថា កូនប្រុស​ទី​២ របស់​លោក​កាលពី​ដំបូង​មានការ​ជំរុញ​ពី​លោក​ក្នុង​ការ​ឡើង​ប្រដាល់ ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ គឺ​គេ​ចង់​ប្រដាល់​ដើម្បី​បាន​លុយ​បន្ថែម​តែ​ម្ដង ទើប​ធ្វើ​ឱ្យ​លោក​កាន់តែ​ងាយស្រួល​ក្នុង​ការ​បង្វឹក​ឱ្យ​គេ​ក្លាយជា​កីឡាករ​ល្អ​ម្នាក់ ដោយ​មិន​ចាំបាច់​ជំរុញ​ច្រើន​។ លោក​ថែម​ទាំង​ប្រកាស​ថា ត្រកូល​ភូ​ថង​របស់​លោក នឹង​បានកូន​ប្រុស​ទី​២​រូប​នេះ​បន្ថែម​ពីលើ​កូនស្រី​ដើម្បី​ស្នង​អាជីព​ប្រដាល់​របស់​លោក​នោះ​ផង​។

មិន​ខុស​គ្នា​ដែរ អ្នកស្រី សាំង សុ​ម៉ា​លី ភរិយា​លោក អេ ភូ​ថង ក៏​បាន​បញ្ជាក់​ថា កូនប្រុស​របស់​ខ្លួន​ស្រឡាញ់​ការ​ប្រដាល់​ចង់​ជាង​ឪពុក និង​បងស្រី​ផង​ដែរ បន្ទាប់​ពី​គេ​កាន់តែ​ធំ ហើយ​កាន់តែ​ស្រឡាញ់​កិត្តិយស និង​ចង់បាន​លុយ​គ្រាន់​ចាយ​ខ្លួនឯង ។ ជាក់ស្ដែង គ្រាន់តែ​គេ​មានឈ្មោះ​ចូល​ប្រកួត​ក្នុង​នាម​ជំនួស​នៅ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​មួយ​សោះ ក៏​គេ​ប្រឹង​ហាត់់​ទាំង​យប់​ទាំង​ថ្ងៃ​ហើយ​លែង​ដើរ​លេង​ដូច​មុន។

អ្នកស្រី​រំលឹក​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កំពូល​ជើងឯក​TV5 BOXING KNOCK OUT SERIES (K-Cement) កូនប្រុស​របស់​អ្នកស្រី គឺ​អេ អាំ​ម៉ា​រី​ន​ភូ​ថង វ័យ​១៥​ឆ្នាំ​អត់​មានឈ្មោះ​ប្រកួត​នោះ​ទេ ទោះបី​អ្នកស្រី និង​ស្វាមី​ព្យាយាម​សុំ​គណៈកម្មការ​នៅ​ប៉ុស្តិ៍​លេខ​៥ ជា​ច្រើន​លើក ក៏​ដោយ​ក៏​គណៈកម្មការ​មួយ​នេះ​យល់​ថា​គេ​នៅ​ក្មេង សមត្ថភាព​ស្ទើរ ហើយ​ថា​ឡើង​ប្រកួត​មិន​ទាន់​កើត ។ ការ​ស្នើ​សុំ​ប្រកួត​ជម្រើស​ជើងឯក​លើក​ចុង​ក្រោយ គណៈកម្មការ​ប៉ុស្តិ៍​លេខ​៥ បាន​ឆ្លើយ​តប​ថា យល់ព្រម​ឱ្យ​កូនប្រុស​របស់​អ្នកស្រី​បាន​ប្រកួត​ម្ដង​ហើយ ដោយ​អ្នកស្រី​ថែម​ទាំង​តម្រូវ​ឱ្យ​កូនប្រុស​ហ្វឹកហាត់​យ៉ាង​ជាប់លាប់​នោះ​ផង។

ប៉ុន្តែ​នៅ​ពេល​ការ​ប្រកួត​កាន់តែ​ខិត​ជិត​ដល់ កូនប្រុស​របស់​អ្នកស្រី​ត្រូវ​គណៈកម្ម​ការ​ប្រាប់​ថា មិន​អនុញ្ញាត​ឱ្យ​ប្រកួត​នោះ​ទេ ដោយ​លើក​ហេតុផល​ថា កូនប្រុស​អ្នកស្រី​ក្មេង​ពេក ហើយ​សមត្ថភាព​ក៏​នៅ​ស្ទើរ​ដែល​មិន​អាច​ដាក់​ឱ្យ​ប្រកួត​បានជា​ថ្មី ។ អ្នកស្រី​ថា​ផ្អែក​តាម​ស្ថានភាព​នេះ បើ​ក្មេង​ខ្លះ​ខ្វះ​ឆ​ន្ទះ​ប្រាកដជា​ឈប់​រវល់​ហើយ ប៉ុន្តែ​កូនប្រុស​របស់​អ្នកស្រី គ្រាន់តែ​ត្រូវ​បាន​ស្ថាប័ន​នេះ​អនុញ្ញាត​ឱ្យ​ប្រកួត​វិញ​ ព្រោះតែ​​សមាសភាព​ម្នាក់​អវត្តមាន គេ​បែរជា​អរ​ចង់​ហោះ ។

អ្នកស្រី​ថា កូនប្រុស​របស់​ខ្លួន​ទោះជា​ដឹង​ថា គណៈកម្មការ​អនុញ្ញាត​ឱ្យ​ប្រកួត​ក្នុង​នាម​ជា​គូ​ជំនួស ក៏​គេ​នៅ​តែ​សប្បាយចិត្ត ដោយ​ខំប្រឹង​ហ្វឹកហាត់​ចុះឡើង​ៗ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ ទីបំផុត​គេ​ឈ្នះ​ធ្វើ​ឱ្យ​អ្នកស្រី​ជា​ម្ដាយ​ក៏​អរ​ចង់ហូរ​ទឹកភ្នែក ។ អ្នកស្រី​ថា អាណិតកូន​ណាស់ ហេតុ​តែ​ចង់​ជួយ​រក​លុយ​ម្ដាយ គឺ​គ្រាន់តែ​ខាង​ប៉ុស្តិ៍​លេខ​៥ ផ្ដល់​ឱកាស​ឱ្យ​ប្រកួត​ជ្រើសរើស​ជើងឯក ក៏​ប្រឹង​ហ្វឹកហាត់​អត់​សម្រាក ហើយ​គ្រាន់តែ​បាន​ឈ្នះ​ការ​ប្រកួត​ក្នុង​ជុំ​ទី​១ ដើម្បី​បាន​បន្ត​ទៅ​ជុំ​ទី​២ ទើប​ធ្វើ​ឱ្យ​គណៈកម្មការ​ដែល​ផ្ដល់​ឱកាស​ពេញចិត្ត និង​ថាបើ​ឱ្យ​គេ​ប្រកួត ហើយ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​យូរ​ជាង​នេះ​គឺ​អាច​នឹង​ល្អ ។

អ្នកស្រី​ថា​កូនប្រុស​ទើបតែ​ប្រកួត​បាន​១៣-១៤​ដង​ប៉ុណ្ណោះ ប៉ុន្តែ​គេ​មាន​ឆន្ទៈ​ជា​អ្នក​ប្រដាល់​តែ​ម្ដង​ទើប​អាច​យកឈ្នះ​នៅ​ថ្ងៃ​នោះ​បាន ។ អ្នកស្រី​រំពឹង​ដូច​គ្នា​ថា កូនប្រុស​ម្នាក់​នេះ​នឹង​ងាយ​បណ្ដុះ​ឱ្យ​ក្លាយជា​កីឡា​ករ​ល្អ​ម្នាក់​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ដោយសារ​តែ​គេ​នៅ​ក្មេង​ហើយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ហ្វឹកហាត់​ប្រដាល់ ដែល​មាន​ន័យ​ថា មិន​ពិបាក​ក្នុង​ការ​ហត់​មាត់​ហត់​ក ។

អ្នកស្រី​ថា កីឡាករ​ក្មេង​ដែល​មាន​ឆន្ទៈ​នៅ​ក្នុង​អាជីព​ប្រដាល់ គឺ​មិនមែន​សុទ្ធតែ​អាច​បណ្ដុះ​បាន​នោះ​ទេ ដោយសារ​តែ​អាជីព​ប្រដាល់​ពិបាក​រក​លុយ ។ ប៉ុន្តែ​សម្រាប់​កូនប្រុស​អ្នកស្រី អ្នកស្រី​យល់​ថា​អត់​ពិបាក ដោយសារ​តែ​គេ​នៅ​ក្មេង ហើយ​ទទួល​ការ​បណ្ដុះបណ្ដាល​តាំងពី​ក្មេង​ឱ្យ​ស្រឡាញ់​ការ​ប្រដាល់ ។ អ្នកស្រី​ថា ទម្រាំ​ដល់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​សុី​ហ្គេ​ម កូនប្រុស​របស់​អ្នកស្រី​ដែល​ដល់​ពេល​នោះ​មាន​វ័យ​១៨​ឆ្នាំ គឺ​នឹង​ទាន់​ល្មម​ដើម្បី​ក្លាយជា​កីឡាករ​តំណាង​ជាតិ​៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ