ពួកបាតុករប្រឆាំងថៃ ដែលទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចាកចេញពីតំណែង បានបង្កើនការគាបសង្កត់យ៉ាងខ្លាំងកាលពីថ្ងៃទី២៥ វិច្ឆិកា ដោយលុកចូលក្នុងក្រសួងពីរ ហើយគំរាមលុកចូលកាន់កាប់ក្រសួងដទៃៗទៀត ។ នេះជាដំណាក់កាលថ្មីមួយនៃចលនាតវ៉ាដ៏ធំបំផុតពុំធ្លាប់មានចាប់តាំងពីវិបត្តិឆ្នាំ២០១០ មក ។
កាលពីរសៀលថ្ងៃទី២៥ វិច្ឆិកា បាតុករជាច្រើនរយនាក់បានលុកចូលក្នុងប្លុកអគារក្រសួងហិរញ្ញវត្ថុ ។ លោកស៊ូថេបធឿកស៊ូបាន់ មេដឹកនាំម្នាក់របស់គណបក្សប្រជាធិបតេយ្យជាគណបក្សប្រឆាំងសំខាន់ដែលចូលទៅក្នុងក្រសួងនោះរួមជាមួយពួកអ្នកគាំទ្រខ្លួននិយាយថា នេះជាដំណាក់កាលចុងក្រោយនៃការបះបោររបស់ប្រជាជន ។ លោកបន្តថា ប្រសិនបើមន្ត្រីទាំងឡាយពុំឈប់ធ្វើការនោះយើងនឹងលើកចូលកាន់កាប់ក្រសួងទាំងអស់នាថ្ងៃទី២៦ វិច្ឆិកា ដើម្បីបង្ហាញថា បណ្តាញរបស់លោកថាក់ស៊ីន ពុំមានភាពស្របច្បាប់ក្នុងការដឹកនាំប្រទេសឡើយ ។ លោកស៊ូថេប និយាយបែបនេះចង់សំដៅលើអតីតនាយករដ្ឋមន្ត្រីថៃ រស់នៅនិរទេសលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលគេយល់ថានៅតែជាស្នូលនៃនយោបាយរបស់ថៃ ។
បន្ទាប់ពីលុកចូលក្រសួងហិរញ្ញវត្ថុ ពួកបាតុករដឹកនាំដោយគណបក្សប្រជាធិបតេយ្យបានលើកគ្នាចូលក្នុងក្រសួងការបរទេសទៀត ដែលប្រហែលជាពុំការពារដោយកងកម្លាំងប៉ូលិស ដោយវាយកម្ទេចខ្លោងទ្វារ ។ ពួកគេស្នើដល់បណ្តាមន្ត្រីឱ្យចាកចេញ ហើយកុំមកចូលធ្វើការទៀតនាថ្ងៃទី២៦ វិច្ឆិកា ។ ពួកបាតុករប្រឆាំងរដ្ឋាភិបាលជាច្រើនសិបពាន់នាក់កាលពីថ្ងៃទី២៥ វិច្ឆិកា បានលើកទៅកាន់ទីតាំងចំនួន១០ ក្នុងនោះរួមមាន ទីស្នាក់ការរបស់ប៉ូលិស និងរបស់កងទ័ព ។ ពួកគេត្រៀមដេកនៅតាមក្រសួងនានា និងនៅឯវិមានប្រជាធិបតេយ្យដែលនៅទីនោះគេបានតម្លើងតង់រួចស្រេចចាប់តាំងពីច្រើនថ្ងៃមកហើយ ។
លោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ប្រកាសកាលពីយប់ថ្ងៃទី២៥ វិច្ឆិកា ពីការប្រើច្បាប់សន្តិសុខពិសេសនៅក្រុងបាងកកទាំងមូល ដោយពង្រឹងសកម្មភាពរបស់ប៉ូលិស ។ លោកស្រីអំពាវនាវដល់ប្រជាជនថៃកុំឱ្យចូលរួមក្នុងបាតុកម្មមិនស្របច្បាប់ទាំងឡាយ ។
ចំណែកសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃទី២៥ វិច្ឆិកា បានអំពាវនាវដល់គ្រប់ភាគីថៃឱ្យបង្ហាញពីការអត់ធ្មត់ ហើយគោរពច្បាប់ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី JENNIFER PSAKI គូសបញ្ជាក់ថា អំពើហិង្សាឬការរំលោភបំពានលើកម្មសិទ្ធិសាធារណៈឬឯកជន ពុំមែនជាមធ្យោបាយដែលអាចទទួលយកបានសម្រាប់ដោះស្រាយទំនាស់ខាងនយោបាយឡើយ ។
នៅក្រុងបាងកកប្រជាជនមួយចំនួនបានអំពាវនាវឱ្យមានអន្តរាគមន៍យោធាក្នុងប្រទេសមួយ ដែលជួបប្រទះនឹងរដ្ឋប្រហារ ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួនដល់ទៅ១៨លើកមកហើយចាប់តាំងពីការបង្កើតរាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញពីឆ្នាំ១៩៣២ មក ដោយក្នុងចំណោមរដ្ឋប្រហារទាំងនេះមានរដ្ឋប្រហារមួយផ្តួលរំលំលោកថាក់ស៊ីន កាលពីឆ្នាំ២០០៦ ។ដើរអុកឡុកក្នុងក្រុងបាងកក ពួកបាតុករបានគ្រវីទង់ជាតិថៃ ហើយចុចស៊ីប្លេលាន់ទ្រហឹង។ បណ្តាវិថីនៅកណ្តាលក្រុងបាងកកក្លាយជាស្ងាត់ មានតែពួកបាតុករ ហើយក៏មានគំនរបេតុងរាំងខ្ទប់ច្រកចូលទាំងឡាយទៅកាន់វិមានរដ្ឋាភិបាល ។
គួររំលឹកថា វិបត្តិនយោបាយធ្ងន់ធ្ងរនៅថៃកាលពីរដូវផ្ការីកឆ្នាំ២០១០ ពួកអាវក្រហមជាអ្នកគាំទ្រលោកថាក់ស៊ីនរហូតដល់ទៅ១០០.០០០នាក់កាន់កាប់កណ្តាលក្រុងបាងកករយៈពេលដល់ទៅ២ខែទាមទារឱ្យរដ្ឋាភិបាលសម័យនោះដឹកនាំដោយប្រមុខគណបក្សប្រជាធិបតេយ្យលោកអាប់ភីស៊ីត វេចាជីវ៉ា ចាកចេញមុនការវាយលុករបស់កងទ័ព ។ វិបត្តិនោះជាវិបត្តិធ្ងន់ធ្ងរបំផុតនៅប្រទេសថៃសម័យទំនើបបណ្តាលឱ្យមនុស្សស្លាប់៩០នាក់ ហើយ១.៩០០នាក់ត្រូវរបួសបង្ហាញពីការបែកបាក់គ្នាធ្ងន់ធ្ងរនៃសង្គមថៃរវាងមហាជនជាអ្នកជនបទ និងជាអ្នកក្រុង ដែលក្រីក្រនៅភាគខាងជើង និងភាគឦសានប្រទេសដែលគាំទ្រលោកថាក់ស៊ីន និងពួកសេដ្ឋីនៅក្រុងបាងកក ព្រមទាំងពួកអាមាត្យនៅអែបព្រះបរមរាជវាំង ។
ការបែកបាក់គ្នានោះនៅតែខ្លាំងក្លាបង្ហាញតាមរយៈការប្រមូលផ្តុំមនុស្សរបស់បាតុកម្មប្រឆាំងសែស្រឡាយលោកថាក់ស៊ីន និងការធ្វើបាតុកម្មទន្ទឹមគ្នារបស់ពួកអាវក្រហមដែលប្រមូលផ្តុំមនុស្សដល់ដល់៥០.០០០នាក់កាលពីថ្ងៃទី២៤ វិច្ឆិកា គាំទ្ររដ្ឋាភិបាល ។ដើម្បីបង្កើនការគាបសង្កត់ គណបក្សប្រឆាំងផ្អែកលើការប្រជុំនាថ្ងៃទី២៦ វិច្ឆិកា របស់សភាផ្តោតលើញត្តិសម្តែងការមិនទុកចិត្តដែលតាមមើលទៅមិនអាចទៅរួច ព្រោះតែគណបក្សភឿថៃ ដោយកាន់អំណាចមានសំឡេងភាគច្រើនក្នុងសភា ៕
ចែករំលែកព័តមាននេះ