ប្រវត្តិ​នៃ​រឿងរ៉ាវ​របស់​វត្ត​ចំណាស់​មួយ​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ


ខេត្តបាត់ដំបង ៖ វត្ត​សំរោង​ក្នុង គឺជា​វត្ត​មួយ​ដែល​មាន​អាយុកាល​ចាស់​ជាងគេ​ក្នុង​ខេត្តបាត់ដំបង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ស្រប​តាម​​ដងស្ទឹង​សង្កែ​ត្រើយ​ខាងកើត តាម​ដងផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ មាន​ចម្ងាយ​ជាង​៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​។

វត្ត​បុរាណ​ខាងលើ​នេះ​មាន​ផ្ទៃដី​សរុប​២៩, ៩៣៧ម៉ែត្រក្រឡា ដែល​មាន​ព្រំប្រទល់​ខាងកើត​ទល់​នឹង​មាត់​អូរ​សំរោង​ក្នុង ខាងជើង​ទល់​នឹង​អនុ​វិទ្យាល័យ​សំរោង​ក្នុង និង​ភូមិ​អ្នកស្រុក ខាងត្បូង​ទល់​នឹង​ភូមិ​អ្នកស្រុក និង​ខាងលិច​ទល់​នឹង​វាលស្រែ​ឈ្មោះ​វាល​កោះ កសាង​ក្នុង​អំឡុង​ឆ្នាំ​១៧០៧ ដែល​រៀបចំ​កសាង​ដោយ​ព្រះសង្ឃ​ធុតង្គ​មួយ​អង្គ​ព្រះ​នាម «​ជ័យ​» ដោយ​ដំបូង​ឡើយ​ធ្វើ​ពី​ឈើ តែ​ក្រោយមក​បាន​សាងសង់​ពី​ឥដ្ឋ​បូក​បាយអ ប្រក់​ក្បឿង សសរឈើ​។

បើ​យោង​តាម​លោក ហួត របៀប បានអោយ​ដឹង​ថា លោក​ព្រឹទ្ធាចារ្យ ប៉ក់ គឺជា​មនុស្ស​សំខាន់​បំផុត​ក្នុង​ឃុំ និង​ជា​អ្នក​ពូកែ​ចង​ចាំ បាន​មាន​ប្រសាសន៍​ថា វត្ត​សំរោង​ក្នុង កកើត​ឡើង​ក្នុង​ឆ្នាំ ជូត សំរឹទ្ធិស័ក្តិ គ​.​ស ១៧០៧ ដោយ​វត្ត​នេះ​បាន​ដាក់​ឈ្មោះ​តាម​ដើម​សំរោង​ធំ​មួយ ដែល​មាន​អង្កត់ផ្ចិត​២​ម៉ែត្រ ហើយ​ជា​កន្លែង​ដែល​ធុតង្គ​ជ័យ​តាំង​អាស្រម ហើយ​បន្ទាប់​មក​ក្លាយជា​កន្លែង​ស័​ក្កិ​សិទ្ធិ​សំរេច​បំណង​បន់ស្រន់​តាម​អបិយ​ជំនឿ​របស់​អ្នកមុខអ្នកការ និង​ប្រជាពលរដ្ឋ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

ព្រះ​វិហារ​ចំណាស់​ខាងលើ​ដែល​បាន​សាងសង់​នៅ​ក្នុង​វត្ត​សំរោង​ក្នុង នា​ពេល​សព្វ​ថ្ងៃនេះ គឺ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៨៩០ ជំនួស​ព្រះ​វិហារ​ចាស់​មុន ដែល​សង់​អំពី​ឈើ​សុទ្ធ ដោយ​លោក​ម្ចាស់ កថា​ថន​នុង និង​កសាង​ដោយ​ទ្រព្យធន​លោក​ម្ចាស់​នាយ​ព្រះ​ឃ្លាំង​ម៉ៅ លោក​ជំទាវ អី​ង ត្រូវជា​ឳ​ពុក​ក្មេក​លោក​ម្ចាស់ កថា ថន ឈុំ ជា​ស្តេចត្រាញ់​ចុង​ក្រោយ​នៃ​ខេត្តបាត់ដំបង សម្រាប់​ព្រះសង្ឃ​ធ្វើ​ឧបោសថកម្ម កឋិន​កម្ម បរិវាសកម្ម និង​ឩ​ប្ប​សម្បទា​កម្ម ព្រមទាំង​ធ្វើ​កិច្ច​ក្នុង​វត្ត​ព្រឹកល្ងាច ដោយនៅ​ផ្នែក​ខាងក្នុង​ព្រះ​វិហារ​មាន​ដាក់​តម្កល់​ពុទ្ធបដិមា​ដ៏​សំខាន់​មួយ មាន​ព្រះ​នាម​អង្គ​ជី​រ៍​។ នៅ​ឆ្នាំ​១៨៨៧ ព្រះ​គ្រូ​ចៅអធិការ​ទី​៧ នៃ​វត្ត​សំរោង​ក្នុង បាន កសាង​ប្រាសាទ​ឥដ្ឋ​មួយ ដើម្បី​ត​ម្ក​ល់​អដ្ឋិធាតុ​ព្រះ​ចៅអធិការ​វត្ត​ជំនាន់​មុន​ៗ ។

នៅ​សម័យ​ខ្មែរក្រហម ១៩៧៥ ដល់​១៩៧៩ វត្ត​សំរោង​ក្នុង ត្រូវ​បាន​រង​គ្រោះ​ខ្ទេចខ្ទាំ​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត គ្រប់គ្រង ហើយ​ចាប់ពី​ឆ្នាំ​១៩៧៦ វត្ត​សំរោង​ក្នុង​ត្រូវ​បាន​ប្រែក្លាយ​ពី​បូជនីយដ្ឋាន មក​ជា​គុក​របស់​ខ្មែរក្រហម ទាំងស្រុង និង​ព្រះសង្ឃ​ក្នុង​វត្ត​ទាំងអស់​ត្រូវ​បាន​ចាប់​ផ្សឹក ហើយ​បង្ខំ​អោយធ្វើ​ការងារ​ផ្សេង​ៗ​ជា​ទម្ងន់ ដូច​ជា ជីក​ប្រឡាយ (​សព្វថ្ងៃ​អ្នកស្រុក​ហៅ​ថា​ប្រឡាយ​លោក​)​។

តាម​សំដី​អ្នកស្រុក​ដែល​ត្រូវ​ខ្មែរក្រហម​ចាប់​មក​ឃុំ​ក្នុង​វត្ត​នេះ ដែល​នៅ​រស់រាន​មានជីវិត បានអោយ​ដឹង​ថា សាលាឆាន​ត្រូវ​បាន​ធ្វើ​ជា​គុក សម្រាប់​ដាក់​អ្នកទោស​កម្រិត​ស្រាល រឺ​ឯ​សាលា​ធម្មសភា ត្រូវ​បាន​ធ្វើ​ជា​កន្លែង​ឃុំឃាំង​អ្នកទោស​បុរស​កម្រិត​ធ្ងន់ ហើយ​ព្រះ​វិហារ​សម្រាប់​ដាក់​អ្នកទោស ដែល​ភាគច្រើន​ជា​ស្ត្រី ហើយ​កុដិ​ឈើ​ធំ​មួយ​ខ្នង​នៅ​ក្បែរ​ព្រះ​វិហារ​ថ្មី ជា​កន្លែង​ស្នាក់​នៅ​របស់​ខ្មែរក្រហម ចំណែក​អាគារ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ប្រើ​ជា​កន្លែង​ធ្វើ​ទារុណកម្ម និង​សួរ​ចម្លើយ ។

ប្រជាជន​ស្លូតត្រង់​ជា​ច្រើន​ត្រូវ​បាន​ខ្មែរក្រហម​សម្លាប់ និង​ទម្លាក់​ក្នុង​រណ្តៅ​នៅ​ចន្លោះ​ឆ្នាំ ១៩៧៥​-១៩៧៩ លលាដ៍ក្បាល និង​អដ្ឋិធាតុ​ប្រមាណ ១០០៨ នាក់ ត្រូវ​បាន​គេ​ជីក​កកាយ​ពីរ​ណ្តៅ ហើយ​ប្រមូល​ទុក​ក្នុង​ស្តូប សម្រាប់​រំលឹក​ដល់​មហា​សោកនាដកម្ម​ដ៍​ឈឺចាប់ និង​ខ្លោចផ្សា​បំផុត​របស់​ប្រជាជន​ខ្មែរ និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាត់​បង់ជីវិត​នាសម័យ​នោះ ។ ក្រោយ​សម័យ​ខ្មែរក្រហម​ដួល​រលំ វត្ត​សំរោង​ក្នុង​ត្រូវ​បាន​រំដោះ​នៅ​ថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ​១៩៧៩ ។

យោង​តាម​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្រោយ​ពេល​របប​ខ្មែរក្រហម​ដួល​រលំ មាន​រណ្តៅ​សាកសព​សរុប​ចំនួន១០០​រណ្តៅ នៅ​ជុំវិញ​បរិវេណ​វត្ត​សំរោង​ក្នុង សព្វ​ថ្ងៃនេះ ។

បច្ចុប្បន្ន​នេះ​ពុទ្ធបរិស័ទ បាន​រួបរួម​គ្នា​កសាង​បាន​ព្រះ​វិហារ​ថ្មី​មួយទៀត​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ក្រុមការងារ​ក្នុងស្រុក និង​សប្បុរសជន​ក្នុង ក្រៅប្រទេស​ដែល​ធ្លាប់​បាន​ឆ្លងកាត់​ការ​លំបាក​នៅ​ទី​នេះ​កាលពី​សម័យ​ខ្មែរក្រហម ដើម្បី​រក្សា​សក្ខីភាព រំលឹក​អនុស្សាវរីយ៍​នៃ​ប្រវត្តិសាស្ត្រ​ជូរ​ចត់​ដែល​បាន​បន្សល់​ទុក​មក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​យល់​ដឹង​បន្ត​ទៅ​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ