បណ្ដាប្រទេសនាំប្រេងចេញ ៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងអេមីរ៉ាត់អារ៉ាប់រួម កាលពីថ្ងៃទី១៩ឧសភា បានសម្ដែងការបារម្ភចំពោះការកើនខ្ពស់នៃប្រេងស្តុកពិភពលោក ក្នុងឱកាសនៃកិច្ចប្រជុំមួយ របស់អង្គការបណ្ដាប្រទេសនាំប្រេងចេញហៅកាត់ថាOPEC ដែលនាពេលនោះប្រទេសទាំងនេះ បានអះអាងពីការប្ដេជ្ញាចិត្តធ្វើឲ្យមានស្ថេរភាពដល់ទីផ្សារប្រេង ទោះមានភាពតានតឹងក្នុងតំបន់ឈូងសមុទ្រពែរ្ស៍។
រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតលោកKHALED AL-FALEH ថ្លែងនៅទីក្រុងJEDDAH ជាកន្លែងប្រជុំរបស់ប្រទេសសំខាន់ៗជាសមាជិកOPEC និងបណ្ដាអ្នកផលិតប្រេងចម្បងៗក្នុងនោះមានរុស្ស៊ីថា យើងពិនិត្យឃើញពីការកើនខ្ពស់នៃប្រេងស្តុក។ ក្នុងចំណោមពួកយើងពុំមាននរណាមួយចង់ឲ្យប្រេងស្តុក មានការកើនខ្ពស់ជាថ្មីឡើយ យើងត្រូវតែមានការប្រុងប្រយ័ត្ន។ លោកចង់និយាយសំដៅដល់សភាពការណ៍កាលពីដំណាច់ឆ្នាំ២០១៨ ដែលប្រេងស្តុកមានខ្ពស់នាំឲ្យតម្លៃប្រេងធ្លាក់ចុះ។
លោកAL-FALEH បន្តថា បណ្ដាប្រទេសផលិតប្រេងបានឯកភាពគ្នាជាឯកច្ឆ័ន្ទ លើឆន្ទៈបន្តធ្វើការដើម្បីឲ្យមានស្ថេរភាព រវាងការផ្គត់ផ្គង់និងសេចក្ដីត្រូវការ។
ជាសមាជិកOPECដែរប្រទេសអុីរ៉ង់ដែលរងការដាក់ទណ្ដកម្មខ្លាំងបំផុតពីសំណាក់សហរដ្ឋអាមេរិកពិសេសលើការនាំប្រេងចេញ ពុំមានវត្តមានក្នុងកិច្ចប្រជុំនោះឡើយ។ អុីរ៉ង់ជាគូប្រជែងសំខាន់របស់អារ៉ាប៊ីសាអូឌីត ត្រូវបានប្រទេសនេះចង្អុរមុខ ក្រោយការវាយប្រហារប្រឆាំងទីតាំងប្រេងរបស់គេ ដែលប្រកាសទទួលខុសត្រូវដោយពួកឧទ្ទាមហ៊ូធីយេម៉ែន គាំទ្រដោយក្រុងតេហេរ៉ង់។ ការវាយប្រហារទាំងនេះកើតមានប៉ុន្មានថ្ងៃក្រោយពីអំពើធ្វើវិច្ឆេទកម្ម ពុំមានអ្នកប្រកាសទទួលខុសត្រូវក្នុងឈូងសមុទ្រ ដែលក៏បណ្ដាលឲ្យ នាវាដឹកប្រេងអារ៉ាប៊ីសាអូឌីត២គ្រឿងរងការប៉ះពាល់ដែរ។
យោងតាមសេចក្ដីប្រកាសមួយចេញផ្សាយ ពេលបញ្ចប់កិច្ចប្រជុំ បណ្ដាប្រទេសជាសមាជិកOPECបានសម្ដែងការគោរព ចំពោះការរិតត្បិតផលិតកម្មប្រេង ដែលសម្រេចនាឆ្នាំនេះ ក្នុងកម្រិត១,២លានធុងក្នុង១ថ្ងៃចាប់តាំងពីខែមករាមក។
យោងតាមប្រទេសអេមីរ៉ាត់អារ៉ាប់រួមថា ទោះមានការធ្លាក់ចុះនៃការនាំប្រេងចេញ របស់វេណេស៊ុយអេឡាដោយសារវិបត្តិនយោបាយក្នុងប្រទេសនេះ និងរបស់អុីរ៉ង់ដោយសារទណ្ឌកម្មរបស់អាមេរិក ព្រមទាំងការកាត់បន្ថយផលិតកម្មប្រេងរបស់OPECក្ដី ក៏ប្រេងឆៅស្តុកពិភពលោកនៅតែបន្តកើនខ្ពស់ដែរ៕
ចែករំលែកព័តមាននេះ