មធ្យោបាយល្អមួយដែលយើងប្រើប្រាស់វិធីសាស្ត្រឬផលិតផលពីធម្មជាតិដើម្បីបញ្ឈប់ការជ្រុះសក់ ដ្បិតវាមិនត្រូវការចំណាយប្រាក់ច្រើនដូចជា ការព្យាបាលតាមក្បូនវេជ្ជសាស្ត្រនោះទេ។ ខាងក្រោមនេះជាវិធីសាស្ត្រងាយ៥ចំណុចដែលគេអាចអនុវត្តដោយខ្លួនឯងក្នុងការកាត់បន្ថយការជ្រុះសក់ ៖
១- ព្យាបាលដោយប្រេងរុក្ខជាតិ ៖ អ្នកអាចយកប្រេងដូង ប្រេងអូលីវ ឬប្រេងកាណូឡាកម្តៅឱ្យក្តៅអ៊ុនៗ រួចម៉ាស្សាថ្នមៗលើស្បែកក្បាល ។ ហ៊ុមកន្សែងទុកចោលរយៈពេល១ម៉ោងមុនពេលលាងជម្រះដោយសាប៊ូកក់ សក់ ។
២- ប្រើទឹកខ្ទឹមស ខ្ទឹមបារាំងឬទឹកខ្ញី ៖ គេអាចកិនយកទឹកពីមើមរុក្ខជាតិទាំងនេះ បន្ទាប់មកយកទៅកក់ក្បាល ។ ទុកចោលមួយយប់មុនលាងសម្អាតដោយម៉ត់ចត់នៅពេល ព្រឹក ។
៣- ម៉ាស្សាក្បាល ៖ ការម៉ាស្សាក្បាលរយៈពេល២-៣នាទីរៀងរាល់ថ្ងៃនឹងជួយជំរុញដល់ការចរាចរឈាម ។ ការចរាចរឈាមផ្នែកក្បាលបានល្អនឹងជួយឱ្យឫសសក់កាន់តែមានសកម្មភាពខ្លាំងឡើងកាត់បន្ថយបានការជ្រុះសក់ ។
៤- ប្រើតែបៃតង ៖ យកតែបៃតង២កញ្ចប់ឆុងទឹកក្តៅមួយពែង ទុកឱ្យត្រជាក់បន្តិច រួចយកទៅកក់សក់ ទុកចោលមួយម៉ោង បន្ទាប់មកលាងជម្រះចេញ ។ តាមការសិក្សា តែបៃតងសម្បូរទៅដោយសមាសធាតុប្រឆាំងអុកស៊ីដកម្មដែលមានប្រសិទ្ធភាពទប់ស្កាត់ការជ្រុះសក់និងជំរុញឱ្យសក់ឆាប់ដុះលូតលាស់ ។
៥- ធ្វើការភាវនាចិត្ត ៖ មិនថាលោកអ្នកជឿឬមិនជឿឡើយ ការភាវនាស្មិងស្មាធិ៍អារម្មណ៍ពិតជាជួយកាត់បន្ថយការជ្រុះសក់ ។ មូលហេតុចម្បងនៃការជ្រុះសក់ បណ្តាលមកពីភាពតានតឹង ធុញថប់ក្នុង អារម្មណ៍ ។ ដូច្នេះ ការភាវនានឹងធ្វើឱ្យស្ងប់អារម្មណ៍ ចិត្តចុះត្រជាក់ហើយព្រមទាំងអាចធ្វើឱ្យមានតុល្យភាពអ័រម៉ូនជាថ្មីផងដែរ ៕
ចែករំលែកព័តមាននេះ